ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​ចំនួន​ ៨៣ ​ហិកតា​បន្ថែមទៀត​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​អគ្គស្នងការដ្ឋាន​គរបាល​ជាតិ​ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ និង​សាងសង់​អគារ​រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​។ នេះ​បើ​​តាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី​។

យោង​តាម​លិខិត​លេខ​ ៣៦៨ សជណ.មយ ចុះ​ថ្ងៃទី ​១៣ ​ខែមីនា ឆ្នាំ​ ២០២០ ដែល​ចុះហត្ថលេខា​ដោយ​លោក ឈិត សុខុន រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ទទួលបន្ទុក​ជួយ​​សម្របសម្រួល​ការងារ​ក្រសួង​មហាផ្ទៃ ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ក្រសួងទេសចរណ៍ និង​ក្រសួង​បរិស្ថាន​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​កាលពី​ថ្ងៃ​ពុធ​បាន​គូសបញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ទំហំ​ ៧៥ ​ហិកតា​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដើម្បី​បង្កើត​សួន និង​ឧទ្យាន​ធម្មជាតិ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​» ។

ការសម្រេច​នេះ​បាន​យោង​តាម​លិខិត​លេខ ០១៦.២០ លស.គ ចុះ​ថ្ងៃទី​ ៥ ខែ មីនា ឆ្នាំ​ ២០២០ ​របស់​រដ្ឋបាល​រាជធានីភ្នំពេញ និង​យោង​លិខិត​លេខ​១២៨.ខន.០២០ សជណ ចុះ​ថ្ងៃទី​ ៩ ខែ​ មីនា ឆ្នាំ​ ២០២០ របស់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​យោងតាម​ចំណារ​ដ៏ខ្ពង់ខ្ពស់​បំផុត​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុនសែន ចុះ​ថ្ងៃទី​ ៨ ខែមីនា ឆ្នាំ​ ២០២០​។

នៅ​ថ្ងៃ​ដដែល​នោះ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏បាន​ចេញ​លិខិត​​មួយច្បាប់​ទៀតផង​ដែរ ​(​លិខិត​លេខ ៣៦៩ សជណ.មយ​ចុះ​ថ្ងៃទី​ ១៣ ​ខែមីនា​ឆ្នាំ​ ២០២០) ​ជម្រាបជូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​,​លោក​ឧបនាយក​រដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងលោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ដោយ​លិខិត​នោះ​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ផ្ទៃ​បឹងតាមោក​ (​បឹងកប់ស្រូវ​) ​ទំហំ​ ៨ ​ហិកតា ​ស្ថិត​នៅ​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ-រាជធានី​ភ្នំពេញ​ដើម្បី​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​»​។

ជុំវិញ​ការសម្រេច​កាត់​ដី​បឹងតាមោក​ចំនួន​ ៨៣ ​ហិកតា​បន្ថែម​ទៅ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​អគ្គស្នងការ​នគរបាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​នេះ​លោក​ឯក ថា​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ល្ងាច​ថ្ងៃ​ពុធ​ថា លោក​នៅ​មិនទាន់​ដឹង​ច្បាស់​អំពី​ដំណឹង​នេះ​នៅឡើយ​ទេ​។

ទោះជា​យ៉ាងណា​លោក ឯក ថា បាន​បញ្ជាក់ថា​៖ «​ជាទូទៅ​ការសម្រេច​អ្វីមួយ​របស់​រាជរដ្ឋាភិបាល​គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​សាធារណៈ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ និង​ប្រទេស​ជាតិ​»​។

គួររំឭកថា ទីស្តីការ​គណៈរដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ជម្រាបជូន​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​អភិបាល​រាជធានី-ភ្នំពេញ​តាមរយៈ​លិខិត​លេខ ៨២៧ ​សជណ.ចុះ​ថ្ងៃទី​ ២ ​ខែសីហា​ឆ្នាំ​ ២០១៨ ថា រាជរដ្ឋាភិបាល​យល់ព្រម​ផ្តល់​ជា​គោលការណ៍​យក​ដី​ចំនួន​ ២០ ​ហិកតា​ នៅ​បឹង​តាមោក​ដើម្បី​សាងសង់​ជា​ផ្សារ​ផ្គត់ផ្គង់​បន្លែ​ផ្លែឈើ​និង​ជា​ចំណតរថយន្ត​ និង​អនុញ្ញាត​រើ​ផ្សារ​បន្លែ​ពី​ផ្សារ​ដើមគ​ទៅ​ទីតាំង​ថ្មី​នៅ​បឹង​តាមោក​វិញ​។

បឹង​តាមោក ឬ​បឹងកប់​ស្រូវ​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​រាជធានី-ភ្នំពេញ​ត្រូវបាន​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​លេខ​ ២០ ​អនក្របក​ចុះ​ថ្ងៃទី​ ២០ ខែ កុម្ភៈ ឆ្នាំ​ ២០១៦ ​កំណត់​ផ្ទៃ​បឹង​មួយ​នេះ​មាន​ទំហំ ៣ ២៣៥,៧ ​ហិកតា​ ក្នុង​រាជធានី​ភ្នំពេញ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​៕