ភ្នំពេញៈ រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​សម្រេច​កែសម្រួល​របៀប​ដឹកនាំ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​នីមួយៗ​កាលពី​ថ្ងៃទី​ ១០ កញ្ញា ក្រោយពី​ព្រះមហាក្សត្រ​បញ្ចប់​តំណែង​លោក​ ញឹម វណ្ណដា ពី​អនុប្រធាន​ទី​ ១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ដាក់​ជំនួស​វិញ​ដោយ​លោក​ទេសរដ្ឋមន្ត្រី​ គន់ គីម ពាក់ព័ន្ធ​នឹង​ការ​រលំ​បាក់​អគារ​បណ្តាលឱ្យ​មនុស្ស​ស្លាប់​នៅ​ខេត្ត​ព្រះសីហនុ ហើយ​ខ្វះ​ការទទួល​ខុសត្រូវ​។

ការចេញ​សេចក្តី​សម្រេច​នេះ​ធ្វើ​ឡើង​ក្រោយ​រយៈពេល​ប្រមាណ​ ៣ ​ខែ​ដែល​ព្រះមហាក្សត្រ​នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដកតំណែង​លោក​ ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្ដ្រី និង​ជា​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​តាមរយៈ​ការស្នើសុំ​ទូលថ្វាយ​ពី​ប្រមុខ​រាជរដ្ឋាភិបាល លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

ជាការ​ជំនួស​មកវិញ​នូវ​ថ្នាក់ដឹកនាំ​នៃ​ស្ថាប័ន​មួយ​នេះ រាជរដ្ឋាភិបាល​ក៏​បាន​ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ​តែងតាំង​លោក​ គន់ គីម ជា​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ជំនួស​វិញ​។

លោក​ ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថ្លែងថា​៖ «​យើង​កែប្រែ ដោយសារ​តែ​យើង​មាន​សមាសភាព​មួយ​ចំនួន​បាន​ដកចេញ​ដូចជា ឯកឧត្តម ញឹម វណ្ណដា ដូច្នេះ​ហើយ​ទើប​មាន​ការកែសម្រួល​។ វា​មិន​មាន​អ្វី​ប្លែក​ទេ​ជា​ការធ្វើ​បច្ចុប្បន្នភាព​នៃ​សមាសភាព​មន្ត្រី​។ វា​គឺជា​ការបែងចែក​ភារកិច្ច​ និង​ចង្អុល​ទិសដៅ​ការងារ​សម្រាប់​ថ្នាក់ដឹកនាំ​ថា​ត្រូវ​ទទួល​បន្ទុក​ភារកិច្ច​ណាមួយ​»​។

បើ​តាម​សេចក្តី​សម្រេច​ស្តីពី​ការកំណត់​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កាលពី​ថ្ងៃ​ ១០ ខែ​កញ្ញា គឺ​រាជរដ្ឋាភិបាល​បាន​សម្រេច តែងតាំង​លោក គន់ គីម ជា​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្ដរាយ​ជំនួស​លោក​ ញឹម វណ្ណដា​។

សេចក្តី​សម្រេច​បញ្ជាក់​ថា​៖ «​ឯកឧត្តម​ គន់ គីម ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​អតីតយុទ្ធជន​ និង​ជនពិការ​ទទួល​បន្ទុក​ជា​អនុប្រធាន​ទី​ ១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ការងារ​ផ្សេងៗ​ទៀត​តាម​ការប្រគល់​របស់​នាយករដ្ឋមន្ត្រី​»​។

លោក​ គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ថ្លែងថា ការបែងចែក​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​តែង​ធ្វើ​ឡើង​ជា​រៀងរាល់​អាណត្តិ​ដែល​មាន​រយៈពេល​ ៥​ ​ឆ្នាំ​ម្តង​។ កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៨ រាជរដ្ឋាភិបាល​ចេញ​សេចក្តី​សម្រេច​កំណត់​របៀបរបប​ការងារ​របស់​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​ម្តង​រួច​ទៅ​ហើយ​។

លោក​បន្ថែមថា នេះ​គឺជា​ការចេញ​សេចក្តី​សម្រេច​លើក​ទី​ ២ ដើម្បី​ធ្វើការ​កែសម្រួល​របៀបរបប​ការងារ និង​ការបែងចែក​ភារកិច្ច​ជូន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​នេះ​គឺជា​រឿង​ធម្មតា​ក្នុង​ការកែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​។ ការសម្រួល​នេះ​ដូចជា​មិន​មាន​អ្វី​ប្លែក​ច្រើន​ទេ​គ្រាន់តែ​បន្ថែម​ និង​បន្ថយ​។ វា​គ្រាន់តែ​ដក​មួយ​ហើយ​ដាក់​មួយ​ចូល​។ ជា​គោលការណ៍​លិខិត​បទដ្ឋាន​ទាក់ទង​នឹង​ការតែងតាំង និង​ប្រគល់​ភារកិច្ច នៅពេល​ណា​មាន​ដូរ​តែ​ភារកិច្ច​មួយ គេ​ត្រូវ​តែ​ធ្វើ​សេចក្តី​សម្រេច​ថ្មី​»​។ ​

កាលពី​ថ្ងៃ​ ២៤ មិថុនា ឆ្នាំ​ ២០១៩ ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ ២ ដោយ​ព្រះរាជក្រឹត្យ​មួយ ដក​លោក​ ញឹម វណ្ណដា ចេញពី​តំណែង​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ហើយ​ព្រះរាជក្រឹត្យ​មួយទៀត​ក៏​បាន​តែងតាំង​លោក​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។ ការដកតំណែង​នេះ​តាមរយៈ​សំណើ​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បន្ទាប់ពី​លោក​បាន​រិះគន់​លោក ថា ខ្វះ​ការទទួល​ខុសត្រូវ​។

លោក​ ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃទី​ ២៤ ខែ​មិថុនា​ថា​៖ «​ខ្ញុំ​ក៏​សូមបញ្ជាក់​ថា​ថ្ងៃនេះ​ខ្ញុំ​បានសម្រេច​ចិត្ត​ដក ឯកឧត្តម ញឹម វណ្ណដា ចេញពី​តំណែង​ជា​ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​ ១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ដោយ​មូលហេតុ​ខ្វះ​ការទទួល​ខុសត្រូវ និង​ភូតភរ​»​។

លោក​ ហ៊ុន សែន ថ្លែង​ដែរ​ថា លោក​ ញឹម វណ្ណដា រវល់​ដេក​នៅ​ខេត្ត​កំពត ខណៈ​ក្រុម​សង្គ្រោះ​កំពុង​មមាញឹក​ស្វែងរក​អ្នក​កប់​ក្រោម​គំនរ​បែកបាក់​អគារ​នោះ​។

នៅពេល​ទាក់ទង​កាលពី​ថ្ងៃ​ម្សិលមិញ​លោក ញឹម វណ្ណដា ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​៕