ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាកំណត់យកថ្ងៃពុធនេះជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ ក្រោយពីសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទ្រង់សោយព្រះទិវង្គតក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សាដោយរោគាពាធ ដែលព្រះសពនឹងត្រូវបានបញ្ជូនពីទីក្រុងបាងកកនៃប្រទេស ថៃ មកដល់កម្ពុជាកាលពីយប់មិញ។
រាជរដ្ឋាភិបាលបានចេញសារាចរកាលពីថ្ងៃទី ១៨ វិច្ឆិកា ២០១៩ ស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសពបានកំណត់ឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេសត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិ។
សារាចរដដែលនេះក៏បានណែនាំឱ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ជាតិ និងឯកជនទាំងអស់ត្រូវផ្អាកការសម្តែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងនៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០១៩។
សារាចរដដែលនេះបានឲ្យដឹងទៀតថា គ្រប់ក្រសួងស្ថាប័ន គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ បុណ្យអន្តរជាតិ និងរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រមទាំងជនរួមជាតិទាំងអស់ នៅក្នុងប្រទេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាកិច្ចចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលល្ងាចថ្ងៃអង្គារបានឲ្យដឹងតាមទំព័រហ្វេសប៊ុករបស់លោកថា៖ «នេះគឺជាការគោរពរបស់យើងចំពោះ ម្ខាងគឺជាព្រះរាជវង្សានុវង្សដែលជាការចូលរួមចំណែករំលែកទុក្ខរបស់សម្តេចម៉ែ និងព្រះមហាក្សត្រ។ ឯម្ខាងទៀតក៏ជាការរំឭកទៅដល់ស្នាព្រះហស្តរបស់សម្តេចព្រះរៀមតាំងពីទសវត្យរ៍ឆ្នាំ ៦០ ដែលព្រះអង្គបានពុះពារឆ្លងកាត់ ដើម្បីពង្រឹងរៀបចំបញ្ហាសិល្បៈបុរាណខ្មែររបស់យើង»។
លោក ប៊ុន វាសនា មន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ព្រះសពរបស់ព្រះរៀមត្រូវបានដឹកត្រឡប់មកដល់កម្ពុជានៅវេលាយប់ថ្ងៃអង្គារ ដើម្បីយកមកតម្កល់ធ្វើបុណ្យតាមព្រះបវេណី និងព្រះពុទ្ធសាសនានៅក្នុងវត្តបទុមវតី។
លោកបានឲ្យដឹងទៀតថានៅថ្ងៃទី ២០ វិច្ឆិកា ពេលព្រឹកព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហមុនី នឹងយាងគោរពព្រះវិញ្ញាណក្ខន្ធព្រះរៀម។ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលល្ងាច ហើយបន្តៗមកមន្ត្រីគ្រប់ស្ថាប័នទូទាំងរាជធានីភ្នំពេញនឹងចូលគោរពព្រះវិញ្ញាណក្ខន្ធជាបន្តបន្ទាប់ក្នុងអំឡុងពេលព្រះរាជពិធីតម្កល់ព្រះរាជសពរយៈពេល ៧ ថ្ងៃ។ បន្ទាប់ពីតម្កល់ ១ អាទិត្យហើយ ដូចព្រះសពសម្តេចមុនៗ ពិធីថ្វាយព្រះភ្លើងនៅមុខវត្តបទុមនឹងចាប់ផ្តើម»។
លោក ប៊ុន វាសនា ក៏បានបញ្ជាក់ដែរថាដោយសារតែពិធីធ្វើឡើងក្នុងខ្សែព្រះរាជវង្ស ដូច្នេះប្រជានុរាស្ត្រនឹងមិនអនុញ្ញាតឲ្យចូលក្នុងកន្លែងពិធីនោះទេ ដោយប្រជានុរាស្ត្រទាំងអស់អាចគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះរៀមនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយនៅក្នុងពិធីដង្ហែព្រះរាជសព ដើម្បីថ្វាយព្រះភ្លើង ដែលអាចនឹងប្រព្រឹត្តឡើងនៅដើមសប្តាហ៍ក្រោយនោះ ប្រជានុរាស្ត្រខ្មែរទាំងក្មេងចាស់ ប្រុសស្រីអាចនឹងចូលរួមបាន។
សម្តេចរាជបុត្រី ព្រះរៀម គឺជាព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាមួយនឹងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ ព្រះអង្គត្រូវជាព្រះរៀមបង្កើតមាតាទីទៃនៃព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងជាព្រះរៀមរួមព្រះមាតានៃសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ។
ក្នុងព្រះបរមនាមជាព្រះនិមិត្តរូបនៃរបាំព្រះរាជទ្រព្យ និងមានស្នាដៃក្នុងការដាក់បញ្ចូលរបាំនេះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិនៅអង្គការ Unesco កាលពីឆ្នាំ ២០០៣ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានទទួលព្រះគោរមងារ «ទេពនាថរដ្តីឯក» និងជា «មរតកមនុស្សរស់របស់កម្ពុជា»។ ព្រះរៀម ធ្លាប់ជាឧត្តមក្រុមប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញនាពេលបច្ចុប្បន្ន៕
វីដេអូ៖