ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​និង​កំពុង​ជជែក​គ្នា​ជាមួយ​ភាគី​សហភាព​អឺរ៉ុប​ពាក់ព័ន្ធ​នឹង​ការជូន​ដំណឹង​អំពី​ដំណើរការ​​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​មក​លើ​ទំនិញ​កម្ពុជា​នាំចូល​ទីផ្សារ​ដ៏ធំ​របស់​អឺរ៉ុប ដើម្បី​រក​ដំណោះស្រាយ​នយោបាយ​ក៏ដូចជា​ការស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដែល​សហភាព​អឺរ៉ុប​ចង់​បាន​ឲ្យ​មាន​ការ​អនុវត្ត​នៅក្នុង​ប្រទេស​មួយ​នេះ​។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ផៃ ស៊ីផាន ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា​កម្ពុជា​បាន​និង​កំពុង​ពិភាក្សា​គ្នា​ជាមួយ​សហភាព​អឺរ៉ុប​ជា​បន្តបន្ទាប់​ជុំវិញ​ការដាក់​ចេញ​នូវ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​មុខ​ទំនិញ​លើកលែង​សព្វាវុធ​ (Everything But Arms, EBA) ​សម្រាប់​ទំនិញ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​នោះ​។

លោក​បាន​ថ្លែង​ថា​បញ្ហា​កម្មវិធី​អនុគ្រោះ​ពន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​អាវុធ​នេះ​មាន​ពហុវិស័យ​នៅក្នុង​សាច់រឿង​នៃ​កម្មវិធី​នោះ ហើយ​ថា​អន្តរក្រសួង​របស់​កម្ពុជា​ដូចជា​ក្រសួង​ការបរទេស ក្រសួង​មហាផ្ទៃ ក្រសួងយុត្តិធម៌ និង​ក្រសួង​ពាណិជ្ជកម្ម​កំពុង​ពិភាក្សា​គ្នា​ទៅ​លើ​វិស័យ​នីមួយៗ​ដូចជា បញ្ហា​សិទ្ធិមនុស្ស បញ្ហាដីធ្លី សិទ្ធិ​កម្មករ និង​បញ្ហា​ដទៃៗ​ទៀត​​ជា​បន្តបន្ទាប់​។

លោក​ ស៊ីផាន លើក​ឡើង​ថា​សហភាព​អឺរ៉ុប​ប្រើ​របាយការណ៍​ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​កម្ពុជា​មក​ដាក់​សម្ពាធ​ហើយ​ក្នុង​រយៈពេល​ ៦ ​ខែ​ទៀត​សម្រាប់​កម្ពុជា​ដែល​ពិភាក្សា​គ្នា​លើ​រឿង​នេះ​គឺ​ជំហរ​រដ្ឋាភិបាល​ការពារ​ផលប្រយោជន៍​កម្មករ​ការពារ​អធិបតេយ្យភាព​របស់​កម្ពុជា​ដែល​ជា​ប្រទេស​ឯករាជ្យ​មួយ​។

លោក​បញ្ជាក់​ថា​៖ «​របាយការណ៍​ដែល​សហភាព​អឺរ៉ុប​ប្រើប្រាស់​គឺ​របាយការណ៍​របស់​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​ដូចជា​របាយការណ៍​របស់​អ្នកតំណាង​ពិសេស​អង្គការ​សហប្រជាជាតិ​ដែល​ជា​របាយការណ៍​ដែល​វា​មិន​ឆ្លើយតប​នូវ​ភាព​ជាក់ស្តែង​នៅក្នុង​ប្រទេស​កម្ពុជា​។ ដូច្នេះ​យើង​យក​បញ្ហា​នីមួយៗ​ហ្នឹង​មក​ជជែក​គ្នា​»​។

ជាមួយ​នឹង​ការជជែក​គ្នា​ជុំវិញ​បញ្ហា​សិទ្ធិមនុស្ស​ដីធ្លី​ក៏​ដូចជា​សិទ្ធិ​កម្មករ​លោក​ ផៃ ស៊ីផាន ក៏​បាន​បញ្ជាក់​ដែរ​ថា​ភាគី​ទាំង​ ២ ក៏​នឹង​ពិភាក្សា​ជុំវិញ​ស្ថានភាព​នយោបាយ​ផង​ដែរ​ពាក់ព័ន្ធ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្សប្រឆាំង​នោះ​។

លោក​ថ្លែង​ថា​៖ «​យើង​ជជែក​ពិភាក្សា​គ្នា​កំពុង​ជជែក​ពិភាក្សា​គ្នា​នេះ​ឯង​។ ប៉ុន្តែ​ជំហរ​គឺ​យើង​អនុវត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​អនុវត្ត​ទៅ​តាម​នីតិរដ្ឋ​»​។

ទាក់ទង​នឹង​ការដាក់ចេញ​នូវ​ដំណើរ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ការនាំ​ទំនិញ​ចូល​ទីផ្សារ​អឺរ៉ុប​នេះ​លោក ផៃ ស៊ីផាន មិន​ចាត់​ទុក​ថា​ជា​ការ​ដាក់​ទណ្ឌកម្ម​មកលើ​កម្ពុជា​នោះ​ទេ​ដោយ​លោក​ហៅ​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ថា​គ្រាន់​តែ​ជា​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​តែ​ប៉ុណ្ណោះ​។

លោក​ ស៊ីផាន បន្ថែម​ថា​៖ «​ក្រសួង​មហាផ្ទៃ​ពាក់ព័ន្ធ​នឹង​ការងារ​ជាមួយ​នឹង​គណបក្ស​ប្រឆាំង​ក្រសួងយុត្តិធម៌​ពាក់ព័ន្ធ​ជាមួយ​ការងារ​សម្រេច​របស់​តុលាការ​កំពូល​។ ដូច្នេះ​គេ​ពន្យល់​គ្នា​ទៅវិញ​ទៅមក​ពីព្រោះ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​ភាគី​ដៃគូ​សន្ទនា និង​ភាគី​ដៃគូ​សហប្រតិបត្តិការ​»​។

កាលពី​សប្តាហ៍​មុន​សហភាព​អឺរ៉ុប​បាន​ជូន​ដំណឹង​ផ្លូវការ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​អំពី​ចំណាត់ការ​ឈាន​ទៅ​រក​ការដក​ចេញ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​ទំនិញ​គ្រប់​មុខ​លើកលែង​សព្វាវុធ​» ​នេះ​។ សហភាព​អឺរ៉ុប​លើក​ឡើង​ថា​វិធានការ​នេះ​គឺ​ដោយសារ​កន្លង​មក​នេះ​ពុំ​មាន​ការស្តារ​ប្រជាធិបតេយ្យ និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​។

ជាមួយ​នឹង​ការជូន​ដំណឹង​នេះ​សហភាព​អឺរ៉ុប​ទុក​ពេល​ ៦ ​ខែ​ ២ ​ដង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឡើង​វិញ​។ ប្រសិន​បើ​មិន​អនុវត្តតាម​លក្ខខណ្ឌ​នេះ​ទេ​សហភាព​អឺរ៉ុប​នឹង​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។

អ្នកវិភាគ​នយោបាយ​លោក​ មាស នី មើល​ឃើញ​ថា​ការ​ដែល​រដ្ឋាភិបាល​ថយ​មួយ​ជំហាន​ងាក​ទៅ​រក​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប​នេះ​វា​គឺជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការ​ឈាន​ទៅ​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ​ព្រោះ​ថា ប្រសិន​បើ​មាន​ការ​ដាក់ទណ្ឌកម្ម​មែន​នោះ​វា​នឹង​មាន​ផលប៉ះពាល់​ធំធេង​សម្រាប់​កម្ពុជា​។

លោក​ មាស នី ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​ការចាប់ផ្តើម​ចរចា​គ្នា​វា​ជា​ផ្នែក​មួយ​ដែល​រដ្ឋាភិបាល​ចាប់ផ្តើម​យក​រឿង​ប្រទេស​ជាតិ​យក​មក​ដាក់​នៅ​លើ​តុ​ជជែក​គ្នា​។ អ្នក​ដែល​ទទួល​រង​ផលប៉ះពាល់​បន្ទាប់​ហ្នឹង​គឺ​មិនមែន​អ្នកនយោបាយ​មិនមែន​គណបក្ស​ប្រជាជន​មិនមែន​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ពលរដ្ឋ​កម្ពុជា​ទាំង​មូល​ដែល​ទទួល​រង​ផលប៉ះពាល់​ហ្នឹង​»​។

លោក​បញ្ជាក់​ថា​៖ «​បើ​សិន​ជា​មាន​ការចរចា​គ្នា​ដំណោះស្រាយ​វា​ត្រូវ​តែ​មាន​ប៉ុន្តែ​វា​អាច​ត្រូវ​មាន​ការបន្ទន់​ឥរិយាបថ​ទាំង​សងខាង ដើម្បី​រក​ច្រក​ចេញ​ណា​មួយ​កុំ​ឲ្យ​វា​បាក់មុខ​ខាង​ណា​មួយ​ខ្លាំង​ពេក​។ ខ្ញុំ​យល់​ថា វិបត្តិ​នយោបាយ​ដែល​កើត​មក​ដល់​ពេល​នេះ​គឺ​គ្មាន​អ្វី​ក្រៅពី​ការដណ្តើម​អំណាច​គ្នា​ទេ​»​។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ពី​ក្រសួង​ការបរទេស​កាលពី​ថ្ងៃទី​ ១០ ខែ​តុលា បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ការសម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ថា​ជា​ភាពអយុត្តិធម៌​បំផុត​ព្រោះ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា សហភាព​អឺរ៉ុប​បាន​បដិសេធ​ដោយ​ចំហ​អំពី​វឌ្ឍនភាព​គួរ​ឲ្យ​កត់សម្គាល់​ដែល​ប្រទេស​កម្ពុជា​សម្រេច​បាន ទោះបី​រងគ្រោះ​​ដោយ​សោកនាដកម្ម​កន្លង​មក​ថ្មីៗ​នេះ​យ៉ាងណា​ក៏ដោយ​ក្នុង​ការ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ជាច្រើន​ដែល​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​កម្មវិធី​នេះ ជាពិសេស​នៅក្នុង​វិស័យ​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​។

ជាង​នេះ​ទៅ​ទៀត​រដ្ឋាភិបាល​ក៏​សម្តែង​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការចោទប្រកាន់​យ៉ាង​ធ្ងន់ធ្ងរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​របាយការណ៍​បេសកកម្ម​របស់​សហភាព​អឺរ៉ុប​កាលពី​ខែ​កក្កដា​កន្លង​ទៅ​។

សេចក្តី​ថ្លែងការណ៍​នោះ​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​មាន​ការ​ខកចិត្ត​ចំពោះ​កង្វះ​តម្លាភាព​របស់​សហភាព​អឺរ៉ុប​ដែល​មិន​បាន​បង្ហាញ​នូវ​ខ្លឹមសារ​នៃ​របាយការណ៍​នោះ​ដែល​សហភាព​អឺរ៉ុប​បាន​យក​មក​ធ្វើ​ជា​មូលដ្ឋាន​នៃ​សេចក្តី​សម្រេចចិត្ត​លម្អៀង​របស់​ខ្លួន​៕