
ពិធីបុណ្យចូលឆ្នាំសកលកាលពីខែមករាឆ្នាំ ២០២០។ ហុង មិនា
ភ្នំពេញៈ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានក្រើនរំឭក និងអំពាវនាវទៅដល់ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាត្រូវការពារខ្លួនពីការចម្លងជំងឺកូវីដ ១៩នៅក្នុងសហគមន៍ ក្នុងអំឡុងពេលបុណ្យណូអែល ឆ្លងឆ្នាំសកលឈានចូលឆ្នាំ ២០២១។
ទោះបីជាស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជាស្ថិតនៅក្នុងការគ្រប់គ្រងបានល្អប្រសើរក៏ពិតមែននាពេលបច្ចុប្បន្ននេះដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» មានអ្នកជាសះស្បើយជាបន្តបន្ទាប់ និងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមិនមានរកឃើញអ្នកឆ្លងថ្មីបន្ថែមទៀតក៏ពិតមែន ក៏ប៉ុន្តែស្ថានភាពនៃការចម្លងជំងឺកូវីដ ១៩ នៅបណ្តាប្រទេសលើសកលលោក និងនៅក្នុងតំបន់ គឺមិនទាន់មានការធូរស្បើយនៅឡើយទេ ព្រមទាំងបាន និងកំពុងមានការផ្ទុះឡើងវិញនៅបណ្តាប្រទេសជាច្រើនទៀតផង។
សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃម្សិលមិញបានលើកឡើងថា ដោយសារតែមូលហេតុនេះក្រសួងសុខាភិបាលបានធ្វើការអំពាវនាវសាជាថ្មី ទៅដល់ប្រជាពលរដ្ឋកម្ពុជារួមទាំងជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជាត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូរ៉ូណានៅក្នុងទ្រង់ទ្រាយតូចក្តី ឬធំក្តី នាអំឡុងពេលបុណ្យព្រះយេស៊ូប្រសូត (Christmas) ចូលឆ្នាំថ្មីឆ្នាំសកល និងសម្រាប់ឆ្នាំ ២០២១។
ប្រភពដដែលបានបន្តថា ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់នាយករដ្ឋមន្ត្រី និងការណែនាំនានារបស់ក្រសួងសុខាភិបាលដែលតម្រូវឱ្យប្រកាន់នូវវិធានការសំខាន់ៗដូចជា ការរស់នៅធម្មតាតាមបែបគន្លងថ្មីដោយអនុវត្តនូវវិធាន ៣ ការពារ គឺពាក់ម៉ាស់ លាងដៃញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសង្គម។ រួមទាំងវិធានការ ៣ កុំ គឺកុំចូលទៅកន្លែងបិទជិតកុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា កុំចាប់ដៃគ្នាជាដើម។
ជាមួយគ្នានេះដែរលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាលឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយ៉ាងល្អបំផុតក្នុងការការពារនូវការចម្លង និងមិនមានការស្លាប់ដោយសារវីរុសកូវីដ១៩នេះ ដោយសារការដឹកនាំដ៏រឹងមាំ និងអស្ចារ្យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាមេបញ្ជាការ និងការអនុវត្តតាមវិជ្ជាជីវៈវេជ្ជសាស្ត្រភ្លាមៗរបស់ក្រុមទាហានអាវស (គ្រូពេទ្យ)។
លោកស្រីមានប្រសាសន៍ថា៖ «ការឆ្លើយតប និងការអន្តរាគមន៍យ៉ាងឆាប់រហ័ស ទៅតាមគោលការណ៍ ៥ យ៉ាងគឺ ការរុករក ការទាក់ទង ការដាក់ខ្លួនឱ្យនៅឆ្ងាយ ការព្យាបាល និងការការពារ»។
លោកស្រី ឱ វណ្ណឌីន បានបន្តថា រដ្ឋាភិបាល និងសង្គមទាំងមូលមានសកម្មភាពរួមគ្នាមានសាមគ្គីភាព និងសហការគ្នាបានយ៉ាងល្អ ជាមួយការឆ្លើយតបអន្តរវិស័យ និងការចូលរួមពីសហគមន៍គ្រប់លំដាប់ថ្នាក់ក្នុងការឆ្លើយតបទៅនឹងកូវីដ ១៩។
ជាមួយគ្នានេះដែរគ្រិស្តបរិស័ទកម្ពុជាបានចេញសេចក្តីណែនាំស្តីពីការរៀបចំពិធីបុណ្យណូអែលជូនចំពោះព្រឹទ្ធបូជាចារ្យ លោកអភិបាល បូជាចារ្យ ព្រឹទ្ធាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រិស្តបរិស័ទ គ្រប់គណៈនិកាយស្តីពីការរៀបចំពិធីបុណ្យណូអែលនៅឆ្នាំ ២០២០ នេះដោយត្រូវអនុវត្តវិធានការការពារវីរុសកូរ៉ូណាក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយថ្នាក់ដឹកនាំគ្រិស្តបរិស័ទគ្រប់គណៈនិកាយត្រូវចូលរួមអនុវត្តការពារ និងទប់ស្កាត់ឱ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាលក្នុងឱកាសប្រារព្ធពិធីនេះ។
វិធានការទាំងនោះមាន ពាក់ម៉ាស់ វាស់កម្ដៅ លាងដៃជាប្រចាំ រក្សាគម្លាតសុវត្ថិភាព ហាមចាប់ដៃគ្នាដោយជំនួសជាការលើកដៃសំពះ និងនិយាយស្វាគមន៍បែបគ្រិស្តបរិស័ទហាមអ្នកដែលមានជំងឺផ្សេងៗចូលរួមក្នុងពិធី ការជួបជុំប្រារព្ធពិធីត្រូវមានចំនួនកំណត់ ព្រះវិហារ ព្រះសហគមន៍ ឬក្រុមជំនុំ ដែលមានសមាជិកច្រើន ត្រូវចែកជាវេន ឬបន្ថែមថ្ងៃប្រារព្ធពិធី ឬអាចធ្វើនៅតាមផ្ទះតាមក្រុមគ្រួសាររៀងៗខ្លួន មិនត្រូវធ្វើរួមគ្នារវាងពិធីណូអែលសម្រាប់កុមារ និងណូអែលសម្រាប់មនុស្សពេញវ័យឡើយ ហើយត្រូវកាត់បន្ថយកម្មវិធីឱ្យខ្លីសមស្រប និងត្រូវរក្សាសណ្តាប់ធ្នាប់ក្នុងពិធី។
នៅថ្ងៃម្សិលមិញនេះដែរ ក្រសួងសុខាភិបាលបានរកឃើញមានករណីវិជ្ជមានកូវីដ ១៩ ចំនួន ១ នាក់ ដែលជាអ្នកដំណើរចូលមកក្នុងប្រទេសកម្ពុជាគឺស្ត្រីជនជាតិខ្មែរ-អាមេរិកអាយុ ៥៥ ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញបានធ្វើដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០។
អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺនេះសរុបចំនួន ៤៣ នាក់ ដែលបានធ្វើតេស្តអវិជ្ជមានកូវីដ ១៩ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារមួយចំនួន ៣៦ នាក់ និងនៅក្នុងវិទ្យាល័យបុរី ១០០ ខ្នងចំនួន ៧ នាក់។
តាមតួលេខរបស់ក្រសួងសុខាភិបាលគិតត្រឹមថ្ងៃម្សិលមិញកម្ពុជាមានអ្នកមានជំងឺកូវីដ ១៩ ចំនួន ៣៦៣ នាក់ អ្នកព្យាបាលជាសះស្បើយចំនួន ៣៤៥ នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៨ នាក់៕