ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថារដ្ឋាភិបាលគ្រោងនឹងប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈទៅក្បែរវត្តកៀនឃ្លាំង សង្កាត់ជ្រោយចង្វារលើទំហំដី ៤ ហិកតាស្របពេលដែលទីតាំងចាស់នឹងត្រូវយកទៅខាងសារមន្ទីរជាតិដើម្បីលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិខ្មែរ។
ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញបន្ទាប់ពីជំនួបរវាងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី ៧ របស់រដ្ឋសភាជាមួយនឹងតំណាងក្រសួងវប្បធម៌ដើម្បីបកស្រាយលើកង្វល់មហាជន និស្សិត និងលោកគ្រូ អ្នកគ្រូ ដែលបារម្ភពីការដោះដូរ ឬប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក ថៃ នរៈសត្យា បានថ្លែងប្រាប់អ្នកសារព័ត៌មានថាជុំវិញការសម្រេចប្តូរទីតាំងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះគឺជាការគិតដ៏ត្រឹមត្រូវ និងជាផ្លូវការតែលោកបដិសេធជុំវិញកាលបរិច្ឆេទនៃការផ្លាស់ប្តូរពិតប្រាកដរហូតដល់មានពិធីបញ្ចុះបឋមសិលាទីតាំងថ្មីត្រូវបានធ្វើឡើងនៅក្បែរវត្តកៀនឃ្លាំងក្នុងទំហំដី ៤ ហិកតាក្នុងសង្កាត់ជ្រោយចង្វារ។
លោកថា៖ «ទីនេះ (ទីតាំងបច្ចុប្បន្ន) នឹងថែរក្សាមិនឲ្យបាត់បង់មួយចម្រៀកណាទៅដៃឯកជននោះទេគឺស្ថិតនៅតែជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិសូមឲ្យទាំងអស់គ្នាទាំងអ្នកសារព័ត៌មាន និងសាធារណជនបានត្រជាក់ចិត្តចិត្តចុះ»។
លោក ថៃ នរៈសត្យា បានឲ្យដឹងថាតាមការគ្រោងទីតាំងសាកលវិទ្យាល័យបច្ចុប្បន្ននឹងត្រូវបន្តទុកជាសម្បត្តិរដ្ឋដើម្បីពង្រីកសារមន្ទីរជាតិបង្ហាញពីវប្បធម៌ជាតិឲ្យកាន់តែទូលំទូលាយ។
លោកថា៖ «យើងចង់ពង្រីកទីតាំងនេះប្អូនមើលខាងមុខនោះគឺសារមន្ទីរជាតិដែលជាព្រះរាជាណាចក្រអច្ឆរិយមហាអំណាចវប្បធម៌គួរនៅប៉ុណ្ណឹងទេគួរនៅតូចច្រមក់អ៊ីចឹងទេបើសិនយើងអាចធ្វើឲ្យទៅជាធំបានល្អបានមានសោភណភាពជាងនេះបានវាស័ក្តិសមនឹងទឹកដី និងកេរ្តិ៍ឈ្មោះរបស់ប្រទេសយើងនៅលើពិភពលោក»។
ប្រធានគណៈកម្មការទី៧នៃរដ្ឋសភាលោក យ៉ែម បុញ្ញឫទ្ធិ បានឲ្យដឹងដែរថាក្នុងជំនួបបកស្រាយនេះភាគីក្រសួង និងសាកលវិទ្យាធិការសាលាបានបង្ហាញនូវផែនការនៃការផ្លាស់ប្តូរទីតាំងរួមជាមួយនឹងសមិទ្ធផលការងារបច្ចុប្បន្ន និងថ្ងៃអនាគតហើយលោកនឹងប្រមូលផ្តុំនូវព័ត៌មានទាំងនេះដើម្បីសិក្សាបន្ថែមលើរឿងនេះមុននឹងកំណត់ថាតើការផ្លាស់ប្តូរនេះបង្កផលប៉ះពាល់ ឬក៏ផ្តល់ប្រយោជន៍ច្រើនជាង?
លោកថា៖ «យើងនឹងសិក្សាបន្ថែមទៅលើអំណាចនីតិប្រតិបត្តិដែលជាអ្នករៀបចំគម្រោង និងផែនការទាំងនេះមុននឹងវាយតម្លៃ។ យើងនឹងធ្វើការងារនេះដោយឈរលើផលប្រយោជន៍ជាតិ និងពលរដ្ឋហើយនឹងបន្តតាមដានដូចអ្វីដែលក្រសួងវប្បធម៌អះអាងថាមិនស្ថិតក្រោមការគ្រប់គ្រងរបស់ឯកជននោះ»៕