ភ្នំពេញៈ រាជរដ្ឋាភិបាលតាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងពិភាក្សាលម្អិតជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសាងសង់ ដើម្បីសាងសង់មជ្ឈមណ្ឌលស្ដារយុវនីតិសម្បទាលើផ្ទៃដីជាង ៥ ហិកតាស្ថិតនៅស្រុកកណ្ដាលស្ទឹង ខណៈបច្ចុប្បន្ន អនីតិជនប្រព្រឹត្តល្មើសចំនួន ១ ៨០៥ នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារចង្អៀតណែនឡូកឡំជាមួយជនជាប់ឃុំជាមនុស្សចាស់។
លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ចបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ក្រសួងសង្គមកិច្ចដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងសាងសង់មជ្ឈមណ្ឌលស្ដារយុវនីតិសម្បទានាពេលដ៏ខ្លីខាងមុខ ដើម្បីផ្ដល់នូវការអប់រំបណ្ដុះបណ្ដាល និងស្ដារនីតិសម្បទាដល់អនីតិជនជាប់ទោសមុននឹងធ្វើសមាហរណកម្មពួកគេទៅក្នុងសហគមន៍ ឬគ្រួសារវិញ។
លោកថ្លែងថា៖ «គម្រោងសាងសង់មជ្ឈមណ្ឌលនេះ យើងគ្រោងនឹងធ្វើលើផ្ទៃដីប្រមាណជាង ៥ ហិកតាស្ថិតនៅជាប់គ្នានឹងមជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីដែរ។ មណ្ឌលនេះយើងនឹងដាក់យុវជនដែលមានវ័យក្រោម ១៨ ឆ្នាំដែលពួកគាត់ប្រព្រឹត្ដបទល្មើសដែលសព្វថ្ងៃនេះ ពួកគាត់កំពុងតែស្ថិតនៅតាមពន្ធនាគារជាមួយមនុស្សពេញវ័យដែលមានជាប់ទោស»។
លោកបន្ថែមថា ជនជាប់ទោសជាអនីតិជនខ្លះ អាយុរបស់ពួកគាត់មិនត្រូវទទួលការកាត់ទោសទេ។ ប៉ុន្ដែដោយសារគ្មានកន្លែងសម្រាប់គ្រប់គ្រងពួកគាត់ ទើបក្រសួងសង្គមកិច្ចយកទៅផ្ញើនៅពន្ធនាគារបណ្ដោះអាសន្នសិន។ លោកបញ្ជាក់ថា៖ «ពេលនេះយើងកំពុងជជែកជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនសាងសង់។ គម្រោងនេះបើយើងមានថវិកាគ្រប់គ្រាន់ យើងធ្វើប្រហែល ២ ឆ្នាំនឹងចប់រួចរាល់។ ប៉ុន្ដែឥឡូវយើងកំពុងជជែកគ្នាជាមួយក្រសួងសេដ្ឋកិច្ចចំពោះការផ្ដល់ថវិកា ពីព្រោះគម្រោងនេះជាការចំណាយទាំងស្រុងរបស់រាជរដ្ឋាភិបាល»។
បើតាមលោក ចាន់នី មជ្ឈមណ្ឌលនេះគ្រោងសាងសង់អគារប្រមាណ ៥ ដែលនឹងចំណាយថវិកាប្រមាណ ២ លានដុល្លារ។
លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារបានបញ្ជាក់កាលពីម្សិលមិញថា គិតត្រឹមខែសីហា ឆ្នាំ ២០១៩ នេះអនីតិជនកំពុងជាប់នៅពន្ធនាគារមានចំនួន ១ ៨០៥ នាក់ (ស្រី ៨១ នាក់)។ លោកថ្លែងថា ចំពោះបន្ទុកនៃការគ្រប់គ្រងអនីតិជនជាប់ទោសទូទាំងប្រទេស បើខាងក្រសួងសង្គមកិច្ចយកទៅគ្រប់គ្រងនោះពន្ធនាគារនឹងអាចស្បើយបន្ទុកបានប្រមាណ ៥ ភាគរយដែរ។
លោកថា៖ «បើមន្ត្រីសង្គមកិច្ចយើងបានឆ្លងកាត់ការបណ្តុះបណ្តាលបានល្អ និងពិតជាយកចិត្តទុកដាក់ពីអនាគតក្មេងៗទាំងនោះ វាពិតជាប្រសើរណាស់ ព្រោះវិធានការអប់រំកែប្រែ និងស្តារនីតិសម្បទាពួកគេមិនអាចធ្វើដូចនីតិជនទេ។ ទាំងបរិស្ថានឃុំ ទាំងកម្មវិធីអប់រំកែប្រែ ទាំងការថែទាំសុខភាព សេចក្តីត្រូវការផ្សេងៗ និងកិច្ចគាំពារសេវាសង្គមកិច្ចក៏មិនអាចធ្វើដូចមនុស្សពេញវ័យដែរ»។
លោក អំ សំអាត ប្រធានគ្រប់គ្រងផ្នែកបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូបានសាទរចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលស្ដារយុវនីតិសម្បទា សម្រាបគ្រប់គ្រងអនីតិជននេះ។ «យើងឃើញថាការយកជនជាប់ទោសជាអនីតិជនទៅដាក់នៅពន្ធនាគារនាពេលបច្ចុប្បន្ន មិនមានការបែងចែកត្រឹមត្រូវ និងស្ថិតក្នុងស្ថានភាពចង្អៀតណែនដែលមិនមែនជាកន្លែងស្ដារនីតិសម្បទា ឬអប់រំដល់អនីតិជនជាប់ទោសនោះទេ។
យើងចង់ឲ្យរដ្ឋាភិបាលធ្វើម៉េចអាចឲ្យអនីតិជនដែលជាប់ទោសមានការកែប្រែមានការអប់រំល្អ ក្រោយពីការជាប់ឃុំ ត្រឡប់ទៅកាន់គ្រួសារវិញបានក្លាយជាពលរដ្ឋល្អឡើងវិញ»។
លោក សំអាត សង្កេតឃើញថា ប្រសិនបើនៅតែបន្ដយកអនីតិជនជាប់ទោសទៅដាក់លាយឡំគ្នាជាមួយជនជាប់ទោសពេញវ័យ អាចបណ្ដាលឲ្យអនីតិជនទទួលបានមេរៀនមិនល្អពីក្រុមជនជាប់ឃុំពេញវ័យ៕