The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ចាត់ទុក​ការវិលត្រឡប់​របស់​ សម រង្ស៊ី ថ្ងៃទី​ ៩ វិច្ឆិកា​ ជា​រដ្ឋប្រហារ​បរាជ័យ

រដ្ឋាភិបាល​ចាត់ទុក​ការវិលត្រឡប់​របស់​ សម រង្ស៊ី ថ្ងៃទី​ ៩ វិច្ឆិកា​ ជា​រដ្ឋប្រហារ​បរាជ័យ

Content image - Phnom Penh Post
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​នៅ​ខេត្ត​កំពត ម្សិលមិញ​។ រូបថត SPM

រដ្ឋាភិបាល​ចាត់ទុក​ការវិលត្រឡប់​របស់​ សម រង្ស៊ី ថ្ងៃទី​ ៩ វិច្ឆិកា​ ជា​រដ្ឋប្រហារ​បរាជ័យ

ភ្នំពេញៈ រាជរដ្ឋាភិបាល​ប្រកាស​ថា ផែនការ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដែល​ប៉ុនប៉ង​ធ្វើ​ដោយ​លោក​ សម រង្ស៊ី តាមរយៈ​ការវិល​ត្រឡប់មក​កម្ពុជា​វិញ​នោះបាន​បរាជ័យ​ទាំងស្រុង ខណៈ​លោក រង្ស៊ី ក៏​អះអាង​ថា​លោក​នៅតែ​រក្សា​ផែនការ​ដើម្បី​វិល​ចូល​កម្ពុជា​វិញ​ឱ្យបាន​។ ប៉ុន្តែ​អ្នកវិភាគ​យល់ឃើញ​ថា អ្នកនយោបាយ​ដែល​កំពុង​និរទេស​ខ្លួន​រូបនេះ ប្រហែល​មិន​មាន​ឱកាស​វិលចូល​ស្រុក​វិញ​បាន​ក្នុងពេល​ឆាប់ៗ​នេះឡើយ​។

សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ១៣ ខែ​វិច្ឆិកា បាន​អះអាងថា ការកំណត់​យក​ថ្ងៃទី​ ៩ វិច្ឆិកា ចំ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៦៦ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល និង​របបរាជានិយម​របស់​លោក​ សម រង្ស៊ី ​ប្រធាន​ស្ដីទី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បរាជ័យ​ទាំងស្រុង​។ ចំណែក​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ក៏​ត្រូវ​បាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំង​ប្រទេស​។

រដ្ឋាភិបាល​បន្ត​ថា​ពលរដ្ឋ​បាន​ចូលរួម​យ៉ាងសកម្ម​ និង​ផុសផុល​ដើម្បី​ហូប​អំបុក​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា និង​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ក្នុង​ដំណើរ​កម្សាន្ត​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ទាំង​ ៣ ​ថ្ងៃ​ នៅ​ថ្ងៃទី​ ១០-១១-១២ វិច្ឆិកា​។ ជាមួយ​គ្នា​នេះ​រដ្ឋាភិបាល​ក៏បាន​សុំ​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អាជីវករ​ចំពោះ​ភាពរអាក់រអួល​នៃ​ការឆ្លងកាត់​ច្រកទ្វារព្រំដែន​កម្ពុជា-ថៃ​ដែល​បង្កឡើង​ពី​ការដាក់​កម្លាំង​រឹតបន្តឹង​ការត្រួតពិនិត្យ​នៅ​ច្រកទ្វារ​ព្រំដែន​នេះ​។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា​៖ «​រាជរដ្ឋាភិបាល​សូម​សម្ដែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ជូន​ចំពោះ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ក្នុង​ការធានា​រក្សា​ការពារ​សុខសន្ដិភាព និង​ស្ថិរភាព​សង្គម​។ ពិសេស ការសម្រេច​បាន​នូវ​ជោគជ័យ​ដ៏ត្រចះត្រចង់​ក្នុងការ​បំផ្លាញ​ចោល​ទាំងស្រុង​នូវ​ផែនការ​របស់​ក្រុមឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ដែល​ប៉ុនប៉ង​យក​ថ្ងៃទី​ ៩ ខែវិច្ឆិកា ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​រដ្ឋប្រហារ​»​។

ការចេញ​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​នេះ​ក្រោយពី​លោក សម រង្ស៊ី មិន​បាន​ចូលដល់​ទឹកដី​កម្ពុជា​តាម​ការគ្រោងទុក​ដូច​ដែល​លោក​បាន​សន្យា​ជាមួយ​អ្នកគាំទ្រ និង​អន្តរជាតិ​។ តាម​គម្រោង​លោក​បាន​ប្រកាស​ថា នឹង​ដឹកនាំ​ពលករ​ដែល​ភាគច្រើន​បំផុត​ជា​អ្នកគាំទ្រ​បក្សប្រឆាំង ដើរ​ឆ្លងដែន​ចេញ​ពី​ប្រទេស ​ថៃ ​ចូល​កម្ពុជា​នៅ​ថ្ងៃទី​ ៩ វិច្ឆិកា ដើម្បី​មក​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ និង​សិទ្ធិមនុស្ស​ឡើងវិញ និង​ដើម្បី​ផ្លាស់ប្ដូរ​របប​ដឹកនាំ​សព្វថ្ងៃ​ដែល​លោក​អះអាង​ថា ជា​របប​ផ្ដាច់ការ​។

ប៉ុន្តែ​រដ្ឋាភិបាល​បាន​ចាត់ទុក​ដំណើរ​វិលត្រឡប់​នោះ ថា​ជា​គម្រោង​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​ទម្លាក់​ព្រះមហាក្សត្រ ហើយ​បាន​ចេញ​បញ្ជា​ឱ្យ​ចល័ត​កងកម្លាំង​នៅ​ទូទាំង​ប្រទេស ដើម្បី​ត្រៀមខ្លួន​កម្ទេច​កម្លាំង​ធ្វើ​រដ្ឋប្រហារ​នោះ​។

នៅ​ថ្ងៃទី​ ១៣ វិច្ឆិកា បន្ទាប់ពី​ជួប​ជាមួយ​សមាជិក​សភា​មួយចំនួន​នៅ​ទីក្រុង​គូឡាឡាំពួរ ប្រទេស​ ម៉ាឡេស៊ី​ លោក​ សម រង្ស៊ី ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា លោក​នៅ​តែ​រក្សា​ជំហរ​វិលត្រឡប់​ចូល​កម្ពុជា​វិញ ប៉ុន្តែ​លោក​មិនទាន់​បាន​បញ្ជាក់​អំពី​ពេលវេលា​ជាក់លាក់​ជាថ្មី​នោះទេ​។

លោក​បន្តថា ការដោះលែង​លោក​ កឹម សុខា ឱ្យ​មាន​សេរីភាព​អាច​ធ្វើ​ដំណើរ​នៅ​ទូទាំង​ប្រទេស​ កម្ពុជា​ ឡើងវិញ គឺ​អាច​ជា​ការបង្ហាញ​ថា បទចោទប្រកាន់​ទាំងឡាយ​មក​លើ​មន្ត្រី​អតីត​បក្សប្រឆាំង និង​លើ​រូបលោក​នឹង​អាច​ត្រូវបាន​លើកលែង​ជា​បណ្ដោះអាសន្ន​ ឬ​ទាំងស្រុង ដោយសារ​តែ​សហភាព​អឺរ៉ុប​កំពុងតែ​ជួបចរចា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជុំវិញ​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។

លោក​ថា​៖ «​ពួកយើង​នឹង​ស្វែងរក​មធ្យោបាយ​ផ្សេងទៀត ដើម្បី​ត្រឡប់​ទៅ​កម្ពុជា​។ ខ្ញុំ​នឹង​ស្នាក់នៅ​ក្នុង​តំបន់​ (​អាស៊ាន​) ​ពីព្រោះ​ស្ថានភាព​ (​ក្នុងប្រទេស​កម្ពុជា​) ​អាច​ផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស​»​។

ទោះ​ជា​យ៉ាងណា​នៅ​ថ្ងៃ​ម្សិលមិញ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​មួយ​នៅ​ខេត្ត​កំពត​បាន​អះអាង​ជាថ្មី​ថា លោក​នឹង​មិន​លើកដៃ​ចុះហត្ថលេខា​សុំ​ទៅ​ព្រះមហាក្សត្រ​ដើម្បីឱ្យ​មាន​ការព្រះរាជទាន​លើកលែង​ទោស​ចំពោះ​បុគ្គល​ដែល​លោក​ធ្លាប់​ស៊ីញ៉េ​ស្នើសុំ​ឱ្យ​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែង​ទោស​នោះឡើយ​។

លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​ត្រូវ​ចាំ​ថា ទោស​របស់​អ្នក​មិន​ត្រូវ​បាន​អត់ឱន​នោះទេ អ្នក​ត្រូវតែ​ឆ្លង​តាម​គន្លង​ច្បាប់ ហើយ​អ្នក​ដែល​មាន​សិទ្ធិ​តែមួយគត់​ដែល​លើកសំណើ​ទៅ​ព្រះមហាក្សត្រ គឺ​ដៃស្ដាំ​របស់​លោក ហ៊ុន សែន​។ តែ ហ៊ុន សែន នឹង​មិន​ចុះ​ហត្ថលេខា សុំ​ការលើកលែង​ទោស​ឱ្យ​មនុស្ស​ដដែល​ (​លោក សម រង្ស៊ី​) ​នោះ​ទេ​។ ខ្ញុំ​មិន​និយាយ​ចំឈ្មោះ​ទេ តែ​នេះ​ជា​សារ​នយោបាយ​ជាក់លាក់​»​។

លោក ហ៊ុន សែន ក៏បាន​បញ្ជាក់​ទៀត​ថា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​គឺ​គ្មាន​ការបែកបាក់​ ឬ​ការដណ្ដើម​អំណាច​គ្នា​នោះ​ទេ ទោះបី​កាលពី​ពេល​កន្លង​មក​លោក សម រង្ស៊ី ចង់​ប្រើប្រាស់​លោក ស ខេង អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកស្រី ម៉ែន សំអន សមាជិក​គណៈ​អចិន្រៃ្តយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើ​រដ្ឋប្រហារ និង​បក្ស​ប្រហារ ដើម្បី​ទម្លាក់​លោក​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ក៏ដោយ​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា យល់​ឃើញ​ថា​ថ្វី​ដ្បិត​នៅពេល​នេះ​អ្នក​នយោបាយ​បក្សប្រឆាំង​ស្ថិតនៅ​ក្នុង​ប្រទេស​រួមទាំង​លោក​ កឹម សុខា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​ប្រសើរ ហើយ​អាច​នឹង​ចូលរួម​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​ដ៏ឆាប់​ខាងមុខ​នេះ​ក្តី ប៉ុន្តែ​លោក​ថា​សម្រាប់​ក្រុម​អ្នកនយោបាយ​បក្សប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី នឹង​នៅតែ​បន្ត​ស្ថិត​នៅ​ក្រៅប្រទេស​រយៈពេល​យូរ​បន្ថែម​ទៀត​។

លោក​ថ្លែងថា​៖ «​លោក​ សម រង្ស៊ី ប្រហែល​គ្មាន​ឱកាស​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់​នេះ​ទេ ប៉ុន្តែ​រយៈពេល​យូរ​តទៅ​ទៀត អាហ្នឹង​ជា​រឿង​ផ្សេង​មួយទៀត ពីព្រោះ​ក្នុង​បរិបទ​ ឬ​របប​នយោបាយ​តែង​មាន​ការផ្លាស់ប្ដូរ និង​ប្រែប្រួល ប៉ុន្តែ​មិនមែន​ឥឡូវ​នេះ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍