ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់តាំង​ក្រសួង​បរិស្ថាន​ឲ្យ​ធ្វើជា​ប្រធាន​ក្រុមការងារ​ដឹកនាំ​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នៅក្នុង​តំបន់​ធម្មជាតិ​ចំនួន​ ៤ ដែល​ជា​ជម្រក​សត្វ​ផ្សោត និង​ជីវចម្រុះ​ជាច្រើន​ទៀត​ស្ថិត​ក្នុង​ខេត្ដ​ក្រចេះ និង​ខេត្ដ​ព្រះវិហារ​ដើម្បី​ត្រៀម​រៀបចំ​ដាក់​បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ​។

លោក​ នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ក្នុងពេល​ដឹកនាំ​ក្រុម​អ្នកសារព័ត៌មាន​ទៅ​ទស្សនកិច្ច​សត្វ​ផ្សោត​នៅ​ទីតាំង​អន្លង់​ផ្សោត​ព្រែក​កាំពី និង​សហគមន៍​កាំពី​កាលពី​ថ្ងៃទី​ ៣ ខែ​កញ្ញា ថា ប្រទេស​កម្ពុជា​ បាន​ដាក់​បញ្ចូល បេតិកភណ្ឌ​វប្បធម៌​ពិភពលោក​រួចហើយ​ដូចជា ប្រាសាទ​អង្គរវត្ដ ប្រាសាទព្រះវិហារ និង​ក្រុម​ប្រាសាទ​សម្បូរ​ព្រៃគុក​រួម​នឹង​សម្បត្ដិ​វប្បធម៌​អរូបី​មួយ​ចំនួន​ទៀត​។

លោក​ថ្លែងថា​៖ «​កម្ពុជា​មិនមែន​មាន​ត្រឹមតែ​ព្រែក​កាំពី​មួយ​ទេ ដែលជា​តំបន់​អភិរក្ស​សត្វផ្សោត​ដែល​យើង​បាន​សិក្សា ចងក្រង​ឯកសារ​នោះ​ដើម្បី​ដាក់​ទៅ​អង្គការ​យូណេស្កូ​។ ប៉ុន្តែ​សរុប​ទាំងអស់​មាន​ ៤ ​កន្លែង យើង​បាន​ធ្វើការ​សិក្សា ចងក្រង​ឯកសារ ដើម្បី​ត្រៀម​រៀបចំ​ដាក់បញ្ចូល​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ពិភពលោក​នៅ​អង្គការ​យូណេស្កូ​»​។

នៅក្នុង​តំបន់​ ៤ ​កន្លែង​ដែល​លោក​ ភក្ត្រា បង្ហាញ​នោះ​រួមមាន ១ ​តំបន់​អភិរក្ស​សត្វផ្សោត ព្រែកកាំពី ២ ​តំបន់​ដែនជម្រក​សត្វព្រៃ​ព្រែក​ប្រសព្វ ៣ ​តំបន់​បេតិកភណ្ឌ ធម្មជាតិ​ភ្នំ​ត្បែង​ និង​ទី​ ៤ ​តំបន់​សហគមន៍​ការពារ​ធម្មជាតិ​ត្មាតប៉ើយ​។

លោក ​នេត្រ ភក្ត្រា ដឹកនាំ​អ្នកកាសែត​ទៅ​មើល​ផ្សោត​នៅ​ព្រែកកាំពី​។ហេង ជីវ័ន

លោក​ នេត្រ ភក្ត្រា ថ្លែង​ថា​បើ​និយាយ​ពី​សត្វ​ផ្សោត​ទឹកសាប​នេះ នៅ​ជុំវិញ​ពិភពលោក​មាន​ប្រទេស​ចំនួន​ ៣ ​ប៉ុណ្ណោះ​ដែលមាន​វត្ដមាន សត្វផ្សោត​ទឹកសាប ក្នុង​ចំណោម​នោះ​ប្រទេស​កម្ពុជា​មាន​សត្វផ្សោត​ច្រើន​ជាង​គេ​។ បច្ចុប្បន្ន​កម្ពុជា​មាន​សត្វ​ផ្សោត​ទឹកសាប​សរុប​ប្រមាណ​ ៩២ ​ក្បាល ខណៈ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ភូមា​មាន​សត្វផ្សោត​ប្រមាណ​តែ​ក្រោម ៦០ ​ក្បាល​ប៉ុណ្ណោះ​។

មន្ត្រី​នាំពាក្យ​រូបនេះ​អះអាង​ថា ពេលនេះ​កម្ពុជា​បាន​បោះ​មួយ​ជំហាន​ទៀត​ក្នុង​ចំណោម​បណ្ដា​ប្រទេស​អាស៊ាន​លើ​ការសិក្សា​ចងក្រង​តំបន់​សក្តានុពល​ផ្នែក​ធម្មជាតិ ដើម្បី​រៀបចំ​ដាក់​ស្នើសុំ​ដាក់​ក្នុង​បញ្ជី​ត្រៀម​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​។ ក្នុង​រយៈពេល ២០ ​ឆ្នាំ​ចុងក្រោយ​នេះ​ចំនួន​សត្វ​ផ្សោត​ទឹកសាប​កម្ពុជា​មាន​ការកើនឡើង​វិញ​ក្នុង​ចន្លោះ​ពី​ ១៣ ​ទៅ​ ១៨ ​ក្បាល​។

លោក ​នេត្រ ភក្ត្រា លើកឡើង​ថា ក្រោយពេល​ការរៀបចំ​ចងក្រង​ឯកសារ​បាន​ចប់​រួចរាល់​ដាក់ទៅ​អង្គការ​យូណេស្កូ ហើយ​ត្រូវបាន​អង្គការ​ទទួល​យក​នោះ គឺជា​រឿង​ប្រសើរ​មួយ​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​បន្ថែមទៀត​ក្នុង​ការរួម​កម្លាំង​គ្នា​ការពារ និង​អភិរក្ស​តំបន់​សត្វ​ផ្សោត​ទឹកសាប និង​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការទាក់ទាញ​ទេសចរ​ទាំង​ក្នុង​ប្រទេស និង​ពិភពលោក​។

យោងតាម​របាយការណ៍​អង្គការ មូលនិធិ​ពិភពលោក​សម្រាប់​ធម្មជាតិ (WWF) សត្វផ្សោត Irrawaddy ទឹកសាប ឬ​សត្វ​ផ្សោត ទន្លេមេគង្គ មាន​រស់នៅក្នុង​ប្រព័ន្ធ​ទន្លេ​សំខាន់​ចំនួន​ ៣ និង​បឹង​ចំនួន​ ២ នៅលើ​ពិភពលោក​។ ក្នុងនោះ​រួមមាន ទន្លេមេគង្គ​ក្នុង​ប្រទេស​កម្ពុជា ទន្លេ Mhakam ប្រទេស​ឥណ្ឌូនេស៊ី ទន្លេ Ayeyawaddy ក្នុងប្រទេស​ភូមា បឹង​ Sungkla ​ក្នុង​ប្រទេស​ថៃ និង​បឹង​ Chilika ​នៅ​ប្រទេស​ឥណ្ឌា​។

អង្គការ WWF បាន​បន្តថា ​សត្វ​ផ្សោត​ទឹកសាប​នេះ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរជាតិ ដើម្បី​អភិរក្ស​ធម្មជាតិ​ (IUCN) ជា​ប្រភេទ​សត្វ​ជិតផុត​ពូជ​។ ក្រៅពីនេះ វា​ក៏ត្រូវ​បានកំណត់​ជា​ប្រភេទ​សត្វ​ជលផល​កំពុង​ទទួល​រងគ្រោះថ្នាក់​មួយ​ក្នុង​ចំណោម​សត្វ​ជលផល​សរុប​ចំនួន​ ៥៨ ​ប្រភេទ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​ ១២៣ អនក្រកសក. ចុះ​ថ្ងៃទី​ ១២ ខែ​សីហា ឆ្នាំ​ ២០០៩ ផងដែរ​។

អង្គការ WWF បាន​បញ្ជាក់​ថា​៖ «​ចំនួន​សរុប​សត្វ​ផ្សោត​ទន្លេមេគង្គ​បាន​ចាប់ផ្ដើម​កើនឡើង​ពី​ ៨០ ​ក្បាល​ក្នុង​ឆ្នាំ​ ២០១៥ ឡើងដល់​ ៩២ ​ក្បាល​ក្នុង​ឆ្នាំ​ ២០១៧​។ ការកើនឡើង​ជា​ប្រវត្ដិសាស្ដ្រ​នេះ​គឺជា​លទ្ធផល​នៃ​ការអនុវត្ត​ច្បាប់​ដ៏មាន​ប្រសិទ្ធភាព​ដែល​បាននិង​កំពុង​អនុវត្ដ ដោយ​ឆ្មាំ​ទន្លេ​សរុប​ចំនួន ៧២ ​រូប​។ អង្គការ WWF ក្នុង​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ជលផល​គ្រោង​នឹង​ចេញ​តួលេខ​ថ្មី​នៃ​ចំនួន​ប៉ាន់​ប្រមាណ​របស់​សត្វ​ផ្សោត​នៅក្នុង​ខែតុលា​ឆ្នាំ​ ២០២០ ​នេះ​។ យើង​ជឿជាក់​ថា ចំនួន​សរុប​នេះ​នឹង​មិន​មាន​ការធ្លាក់​ចុះបើ​ប្រៀបធៀប​នឹង​ចំនួន​ប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​»៕