ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​ចេញ​សេចក្ដី​សម្រេច​ស្ដីពី​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ក្នុង​​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ​១៩ សម្រាប់​ជុំ​ទី​ ២ ដែលមាន​រយៈពេល​ ២ ​ខែ​គឺ​ខែ​សីហា និង​ខែ​កញ្ញា ឆ្នាំ​ ២០២០​នេះ​។

យោង​តាម​សេចក្តី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក អូន ព័ន្ធមុនីរ័ត្ន កាលពី​ថ្ងៃទី​ ២៤ ខែសីហា ឱ្យ​ដឹងថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​មាន​កូវីដ​១៩​ត្រូវបាន​បន្ត​អនុវត្ត​សម្រាប់​ជុំ​ទី​ ២ ​ក្នុង​រយៈពេល​ ២ ​ខែ​។ ការអនុវត្ត​បន្ត​នេះ​នឹង​ត្រូវ​កំណត់​ដោយឡែក​ផ្អែក​តាម​សភាពការណ៍​វិវត្ត​ជាក់ស្តែង​ដែល​​ត្រូវ​ធ្វើ​ឡើង​ក្នុង​សប្តាហ៍​ទី​ ៤ ​នៃ​ខែ​នីមួយៗ​។

ក្រសួង​បាន​បញ្ជាក់​បន្ថែម​​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជុំ​ទី ២ តាមរយៈ​សេវាកម្ម​ផ្ទេរប្រាក់​តាម​វីង​នេះ​នឹង​ប្រើ​ថវិកាជាតិ​ចំនួន​ ៣០ ​លាន​ដុល្លារ​អាមេរិក ជូន​ដល់​ពលរដ្ឋ​ចំនួន​ជាង​ ២,៦ ​លាន​នាក់ សម្រាប់​ខែ​សីហា​នេះ​។ ទំហំ​ថវិកា​នេះ​មាន​ការកើនឡើង​ពី​ ២៦ ​លាន​ដុល្លារ​អាមេរិក​នៅ​ខែ​កក្កដា និង​ ២៣ ​លាន​ដុល្លារ​អាមេរិក​នៅ​ខែ​មិថុនា ដោយសារ​មាន​ការកើនឡើង​នៃ​គ្រួសារ​ក្រីក្រ​ប្រមាណ​ ៦០ ០០០ ​គ្រួសារ​បន្ថែម​។

អ្នកនាំពាក្យ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លោក មាស សុខសេនសាន បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ ២៥ សីហា​ថា ក្រសួង​ត្រូវ​ចំណាយ​ថវិកា​ពី​ ២៥ ​លាន​ដុល្លារ​ទៅ​ ២៨ ​លាន​ដុល្លារ​ក្នុង ​១ ​ខែៗ សម្រាប់​ផ្តល់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយ​រងគ្រោះ​នេះ​។

លោក​ថា​៖ «​ថវិកា​សម្រាប់​ផ្តល់ជូន​ក្នុង​កម្មវិធី​នេះ​មិនមាន​ការខ្វះខាត​ទេ ប្រសិនបើ​ត្រូវការ​លើស​ពី​នេះ​ក៏​យើង​មាន​ដែរ​។ យើង​បាន​បម្រុង​ទុក​រួចហើយ​»​។

លោក ស្រី ដា អ្នកនាំពាក្យ​ក្រសួង​ផែនការ​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៥ សីហា​ថា លទ្ធផល​នៃ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​​ក្នុង​ពេល​វិបត្តិ​កូវីដ​១៩​ក្នុង​ជុំ​ទី​ ១ (​ខែ​មិថុនា និង​ខែកក្កដា​) ​កន្លង​ទៅ សម្រេច​បាន​ប្រមាណ​ ៩៧ ​ភាគរយ​ (​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៤ ​ខែ​សីហា ឆ្នាំ​ ២០២០) នៃ​ពលរដ្ឋ​​សរុប​ប្រមាណ​ ៦១៣ ០០០ ​គ្រួសារ ស្មើនឹង​ប្រមាណ​ជា ២ ៤៨០ ០០០ ​នាក់​។

លោក ស្រី ដា បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ជុំ​ទី​ ២ (​ខែ​សីហា និង​ខែ​កញ្ញា​) ដែល​ត្រូវ​ចាប់​បើកប្រាក់​ឧបត្ថម្ភ​ពីថ្ងៃ​ទី​ ២៥ សីហា នេះ​ក្រសួង​បាន​រកឃើញ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​បន្ថែម​ចំនួន ៥៦ ០០០ ​គ្រួសារ​ស្មើនឹង​ពលរដ្ឋ​ប្រមាណ​ ២៨០ ០០០ ​នាក់​។

បើ​តាម​លោក ស្រី ដា គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​សរុប​​ទូទាំង​ប្រទេស​មាន​ប្រមាណ ៦៦៩ ០០០ ​គ្រួសារ​ស្មើនឹង​ពលរដ្ឋ​សរុប​ប្រមាណ​ ២ ៦៩០ ០០០​ នាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​​ជុំ​ទី​ ២ ​នេះ​ក្រសួង​សង្កេតឃើញ​ថា ចំនួន​គ្រួសារ​ក្រីក្រ​មិន​ថមថយ​ចុះ​ទេ ដោយសារ​គ្រួសារ​ចំណាកស្រុក​បាន​ត្រឡប់​មក​ស្រុក​កំណើត ដើម្បី​ដាក់ពាក្យ​ទទួល​បាន​បណ្ណសមធម៌ និង​គ្រួសារ​ងាយ​រងគ្រោះ​ផ្សេងៗ​ទៀត​បាន​ធ្លាក់ខ្លួន​ចូល​ភាពក្រីក្រ​ក្នុង​អំឡុងពេល​វិបត្តិ​កូវីដ​១៩​នេះ​»​។

យ៉ាងណាក្ដី​លោក​បន្ថែមថា ក្រសួង​ផែនការ​បាន​សង្កេត​ឃើញ​មាន​ភាពមិន​ប្រក្រតី​កើតឡើង​ដោយសារ​គ្រួសារ​មាន​ជីវភាព​ធូរធារ​ជាច្រើន​បាន​ច្រណែន​​នឹង​ការឧបត្ថម្ភ​ប្រាក់​នេះ ហើយ​បាន​បន្ត​ដាក់ពាក្យ​សម្ភាសន៍​។

បញ្ហា​នេះ​ជា​ការរំខាន​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក៏​ដូចជា​ក្រុម​ការងារ​របស់​មន្ទីរ​ផែនការ​ដែល​កំពុង​មមាញឹក​ស្វែងរក​គ្រួសារ​ក្រីក្រ​ពិតប្រាកដ ក៏ដូចជា​ដកចេញ​នូវ​គ្រួសារ​ដែល​ធូរធារ ឬ​ក៏​បន្លំ​។

លោក ស្រី ដា បាន​ប្រាប់ថា​៖ «​ជា​វិធានការ​ទប់ស្កាត់​លើ​ការកើនឡើង និង​ភាពមិន​ប្រក្រតី​នេះ ក្រសួង​បាន​ណែនាំ​ដល់​មន្ទីរ​ផែនការ​រាជធានី ខេត្ត ក្រុង​ទូទាំងប្រទេស​ឱ្យ​ចុះ​ធ្វើ​អធិការកិច្ច​ណែនាំ​ដោះស្រាយ​ទប់ស្កាត់​​នៅឯ​មូលដ្ឋាន​ផ្ទាល់​។ ​ជាពិសេស​​ត្រូវ​សហការ​ឱ្យ​បាន​ជិតស្និទ្ធ​ជាមួយ​ក្រុមប្រឹក្សាឃុំ សង្កាត់​ក៏ដូចជា សុំ​គោលការណ៍​ណែនាំ​ពី​អភិបាល​ខេត្ត​ដើម្បី​មាន​ដំណោះស្រាយ​ឱ្យបាន​ជាប់​ជាប្រចាំ​»​។

លោក ហឹម យន់ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិតភាព​ និង​គណនេយ្យភាព​សង្គម​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មាន​ការសោកស្តាយ​ចំពោះ​អ្នក​ដែល​​មាន​ធនធាន​ប្រសើរ តែ​បែរ​ជា​មក​បន្លំ​ប្រើ​បណ្ណ​ក្រីក្រ ដើម្បី​យក​ថវិកា​ពី​រដ្ឋាភិបាល​។

លោក​ថា​៖ «​បណ្ណ​នេះ​គឺ​អាជ្ញាធរ​ជា​អ្នកផ្តល់​ជូន​ជនក្រីក្រ​ពិតប្រាកដ ប៉ុន្តែ​បែរ​ជា​អ្នកមាន​ធនធាន​បាន​បណ្ណ​នេះដែរ​។ ដូចនេះ​អាជ្ញាធរ​ថ្នាក់លើ​គួរ​មាន​វិធានការ​ព្រមាន ឬ​ធ្វើ​អ្វីមួយ ដើម្បី​ឱ្យ​ជន​នោះ​រាងចាល និង​មិន​ប្រព្រឹត្តការ​បន្លំ​បែបនេះ​ទៀត​ហើយ​​ករណី​នេះ​អាជ្ញាធរ​ជា​អ្នកទទួល​ខុសត្រូវ​ទៅ​តាម​ច្បាប់​»​។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ចុង​ខែ​មិថុនា លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​ប្រកាស​ក្រោយ​ដាក់​ឱ្យ​ប្រើ​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​ថា ការងារ​នេះ​គឺ​ត្រូវ​ពឹងផ្អែក​ស្ទើរ​ទាំង​ស្រុង​លើ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ត្រូវ​ធ្វើឱ្យបាន​ច្បាស់លាស់ និង​ហ្មត់ចត់​បំផុត​ចៀសវាង​ឃុបឃិត​គ្នា​ដាក់​បញ្ចូល​សាច់ញាតិ​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ពិតប្រាកដ​​ដើម្បី​បាន​ប្រាក់​ឧបត្ថម្ភ​នេះ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​នឹង​​ចាត់​វិធានការ​ក្តៅ ហើយ​នឹង​មិនមាន​ការលើកលែង​ឡើយ ប្រសិនបើ​រកឃើញ​ថា​នៅក្នុង​ភូមិ និង​ឃុំ​/​សង្កាត់​មួយណា​មាន​ករណី​មិន​ប្រក្រតី​នេះ​កើត​មាន​ឡើង​»៕

វីដេអូ៖