The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ចិន​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ​ជំហាន​ទី​២ ​ចំនួន​ ៤០ ​ម៉ឺន​ដូស ដែល​នឹង​មកដល់​កម្ពុជា​មុន​ចូលឆ្នាំ​ខ្មែរ




រដ្ឋាភិបាល​ចិន​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ​ជំហាន​ទី​២ ​ចំនួន​ ៤០ ​ម៉ឺន​ដូស ដែល​នឹង​មកដល់​កម្ពុជា​មុន​ចូលឆ្នាំ​ខ្មែរ

Content image - Phnom Penh Post
គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។ ហេង ជីវ័ន

រដ្ឋាភិបាល​ចិន​សម្រេច​ផ្ដល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ​១៩ ​ជំហាន​ទី​២ ​ចំនួន​ ៤០ ​ម៉ឺន​ដូស ដែល​នឹង​មកដល់​កម្ពុជា​មុន​ចូលឆ្នាំ​ខ្មែរ

ភ្នំពេញៈ រដ្ឋាភិបាល​ចិន​នឹង​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ជំហាន​ទី​២ ចំនួន​ ៤០ ​ម៉ឺនដូស​បន្ថែមទៀត ដែល​នឹង​ត្រូវ​មកដល់​កម្ពុជា​មុន​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ខណៈ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន​ ១៥ ​នាក់​ ដែល​នាំឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​មាន​ជាង ៨០០ នាក់ ​គិត​ត្រឹម​ថ្ងៃទី​ ១ ខែមីនា​។

កាលពី​ថ្ងៃទី​ ៧ កុម្ភៈ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ Sinopharm ជំហាន​ទី​១ ចំនួន​ ៦០ ​ម៉ឺនដូស​នៃ​ចំនួន​វ៉ាក់សាំង ១ លានដូស​ ដែល​ជា​ជំនួយ​របស់​ចិន​ត្រូវ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​។ បន្ទាប់មក រដ្ឋាភិបាល​ក៏បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩​ នេះ​ជា​លើកដំបូង​ចាប់តាំងពី​ថ្ងៃទី​ ១០ ខែកុម្ភៈ មក​។

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន នៅ​ថ្ងៃទី​ ១ ខែ មីនា​ថា រដ្ឋាភិបាល​ចិន​បាន​សម្រេច​ផ្តល់ជំនួយ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ជំហាន​ទី​២ ចំនួន​ ៤០ ​ម៉ឺនដូស​ទៀត​ដល់​កម្ពុជា​។

ស្ថានទូត​នេះ​បាន​បញ្ជាក់ថា​៖ «​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​បងប្អូន​របស់​ចិន​ក្នុងការ​ទប់ស្កាត់​នឹង​វីរុស​កូវីដ ១៩ រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង​ជំហាន​ទី​២ ជា​វ៉ាក់សាំង​កូវីដ ​១៩ ​ចំនួន ៤០ ​ម៉ឺនដូស ជូន​ដល់​ភាគី​​កម្ពុជា​»​។

ពាក់ព័ន្ធ​នឹង​ការប្រកាស​នេះ​លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា​បាន​ប្រាប់​កាសែត​ក្នុងស្រុក​កាលពី​ម្សិលមិញ​ថា ជំនួយ​របស់​ចិន​ក្នុង​ជំហាន​ទី​២ តាមរយៈ​ក្រសួង​ការពារជាតិ​នេះ​នឹង​មកដល់​កម្ពុជា​នៅមុន​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដើម្បី​បន្ត​ការចាក់​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​បន្ថែមទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​វ៉ាក់សាំង​ដែល​ចិន​ផ្តល់ជំនួយ​មក​កម្ពុជា​នេះ​គឺជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ប្រភេទ​ស៊ីណូហ្វាម​»​។

លោកស្រី លី អាយលែន (Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើកឡើង​នៅលើ​បណ្តាញ Twitter កាលពី​ម្សិលមិញ​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ គឺជា​ផ្នែក​ដ៏មាន​សារៈសំខាន់​ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ កំពុង​ឆ្លើយតប​នឹង​ជំងឺ​​កូវីដ ​១៩ ជាមួយ​នឹង​គ្រប់​វិធានការ​សុខភាព​សាធារណៈ​ដែលមាន​ប្រសិទ្ធភាព​។

លោកស្រី​បញ្ជាក់ថា​៖ «​វ៉ាក់សាំង​កូវីដ ​១៩ ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព ផ្តល់​ជា​ឧបករណ៍​ដ៏មាន​សារៈសំខាន់​ក្នុង​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ ១៩​។ វ៉ាក់សាំង​ទាំងនេះ​ជួយ​កាត់បន្ថយ​ការឆ្លង​រីករាលដាល​ជួយ​ព្យាបាល និង​ជួយសង្គ្រោះ​អាយុជីវិត​មនុស្ស​»​។

ក្រៅពី​ទទួល​វ៉ាក់សាំង​ពី​ប្រទេស​ចិន កម្ពុជា​ក៏​នឹង​ត្រៀមខ្លួន​ទទួល​វ៉ាក់សាំង​អាស្ត្រាហ្សឺណិកា (AstraZeneca/SII) ចំនួន ៣២៤ ០០០ ​ដូស​ តាម​យន្តការ​កូវ៉ាក់​នៅ​ល្ងាច​ថ្ងៃទី​ ២ ខែមីនា ដើម្បី​តៀម​ចាក់​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​ ៤ ខែមីនា ​ក្នុង​នោះ​ក៏មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផងដែរ ប្រសិនបើ​ពុំ​មាន​ការប្រែប្រួល​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​បាន​ឱ្យដឹងថា មាន​បុគ្គល​វិជ្ជមាន​កូវីដ​ ១៩ ម្នាក់​ធ្លាប់បាន​ចូល​ផ្សារ​ម៉ាក្រូ​ភ្នំពេញ​វេលា​ម៉ោង​ ៥ និង​ ៤១ ​នាទី ដល់​ម៉ោង​ ៦ និង​ ៤៨ ​នាទី ថ្ងៃទី​ ២០ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ដូច្នេះ​អ្នក​ដែលមាន​រោគសញ្ញា ដូចជា​គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬ​ពិបាក​ដកដង្ហើម និង​ធ្លាប់​ចេញ​ចូលទៅ​ផ្សារ​ម៉ាក្រូ​នៅ​ថ្ងៃទី​ ២០ ខែកុម្ភ: ​ក្នុង​ចន្លោះ​ម៉ោង​នេះ​ត្រូវ​ទៅធ្វើ​តេស្ត​នៅ​ទីតាំង​ដែល​បាន​កំណត់ដោយ​អាជ្ញាធរ​សុខាភិបាល រាជធានី-ខេត្ត ​ដែល​មាន​ស្រាប់​។ ចំពោះ​បុគ្គល​ដែល​មិនមាន​រោគសញ្ញា​ត្រូវ​តាមដាន​សុខភាព​របស់​ខ្លួន​ចំនួន​ ១៤ ​ថ្ងៃ រាប់​ចាប់ពី​ថ្ងៃទី​ ២០ ខែកុម្ភ: ឆ្នាំ​ ២០២១ តទៅ​។

សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ចេញផ្សាយ​ថ្ងៃទី​ ១ ខែ​មីនា បានឱ្យ​ដឹងថា ថ្ងៃទី​ ២៨ ខែ កុម្ភ: ឆ្នាំ​ ២០២១ មាន​ករណី​រកឃើញ​វិជ្ជមាន​វីរុស​កូវីដ​ ១៩ ថ្មី​ចំនួន ១៥ ​នាក់ ខណៈ​នៅ​ថ្ងៃ​ដដែល​នេះ​មិន​មាន​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​នេះ​ទេ​។

សម្រាប់​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ ថ្មី ១៥ ​នាក់ ​នៅ​ថ្ងៃទី​ ២៨ កុម្ភៈ ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា មាន​ ១ ​ករណី​ ជា​អ្នកដំណើរ​ចូលមក​កម្ពុជា ហើយ​ចំនួន ១៤ ​ករណី​ទៀត គឺជា​អ្នកពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​ដែល​មាន​ជនជាតិ​ចិន​ចំនួន ១៣ ​នាក់ និង​ខ្មែរ​ម្នាក់​។

ក្រសួង​បាន​បញ្ជាក់ថា ពួកគេ​ទាំង​ ១៥ ​នាក់ ​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​ ១៩ នៅ​មណ្ឌល​មួយចំនួន​នៅ​ខេត្ត​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ ខណៈ​អ្នក​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​ផ្សេងៗ​ទៀត​ត្រូវ​បាន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​រយៈពេល ១៤ ​ថ្ងៃ​។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់ថា​៖ «​គិត​ត្រឹម​ម៉ោង ៧ ព្រឹក ថ្ងៃទី​ ១ ខែ​មីនា ឆ្នាំ ២០២១ នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩ សរុប​ចំនួន ៨២០ ​នាក់ ​ក្នុង​នោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៧៧ ​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន ៣៤៣ ​នាក់​»​។

ចំណែក​នៅ​ខេត្តបាត់ដំបង​ឯណោះ​វិញ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ចំនួន​ពលករ​ដែល​ឆ្លងដែន​ពី​ប្រទេស​ថៃ​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅតាម​ព្រំដែន​នៃ​ខេត្ត​នេះ​មាន​ជាង ៣ ០០០ ​នាក់​។

លោក​បន្តថា សមត្ថកិច្ច​កំពុង​ពង្រឹង​កិច្ចការពារ​នៅតាម​គោលដៅ​ឆ្ងាយៗ​បន្ថែម​ទៀត ព្រោះ​គ្រាន់តែ​ស្រុក​មោងឫស្សី​មួយ អាជ្ញាធរ បាន​រកឃើញ​ពលករ​លួច​ឆ្លងដែន​ខុសច្បាប់​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ ២០២០ ​មក​ជាង ១០០ ​នាក់​ដែល​បាន​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ព្រំដែន​។

លោក​បញ្ជាក់ថា​៖ «​យើង​រកឃើញ​ច្រើន បើ​សរុបមក​នៅ​តាម​ស្រុក តែ​ក្នុងស្រុក​ ១ មាន​ ១ ​ថ្ងៃ ៤ ​ទៅ​ ៥ ​នាក់​ដែល​គាត់ មិនដឹង ហើយ​មក​តាម​គេ តាម​ច្រករបៀង តែ​មាន​នៅក្នុង​ស្រុក​មួយ​ចំនួន​ទេ មិន​ទាំងអស់​។ យើង​បាន​បន្ថែម​កម្លាំង​ចូល​ជាង ២ ​ពាន់​នាក់​ហើយ នៅតាម​ច្រកព្រំដែន និង​នៅ​កន្លែង​គោលដៅ​ឆ្ងាយៗ​ទៀត​»​។

ចាប់ពី​មាន​ការផ្ទុះ​ឆ្លង​រីករាលដាល​ក្នុង​សហគមន៍​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ខេត្ត​សាមុទសាខន ប្រទេស​ថៃ ​មាន​ពលករ​ឆ្លងដែន​ពី​ថៃ​តាម​ច្រក​នានា​តាម​ព្រំប្រទល់​ជាប់​ខេត្ត​បាត់ដំបង​កើន​ដល់​ជិត ១ ​ម៉ឺន​នាក់​ បានបញ្ចប់​ការធ្វើ​ចត្តាឡីស័ក និង​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​ជាង​ ៦ ០០០ ​នាក់​ កំពុង​នៅក្នុង​មណ្ឌល​ចត្តាឡីស័ក​ជាង​ ៣ ៥០០ ​នាក់ ខណៈ​កំណើន​ពលករ​ឆ្លងដែន​ពី​ថៃ កាន់តែ​ច្រើនឡើង​នោះ អាជ្ញាធរខេត្ត​បាត់ដំបង​កំពុង​រៀបចំ​មណ្ឌល​ចត្តាឡីស័ក​បន្ថែម​ទៀត​ផងដែរ​៕

អត្ថបទគួរចាប់អារម្មណ៍