ភ្នំពេញៈ ប្រទេស​ចិន​បាន​ប្រកាស​ផ្តល់​ជំនួយ​ចំនួន​ ១៣១ លាន​ដុល្លារ​ដល់​យោធា​កម្ពុជា ដើម្បី​ពង្រឹក​ទំនាក់ទំនង​រវាង​​ប្រទេស​ទាំង​ ២​។

ការប្រកាស​ផ្ដល់​ជំនួយ​យោធា​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​​ដំណើរ​ទស្សនកិច្ច​ ៥ ​ថ្ងៃ​ដោយ​លោក Wei Fenghe រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍​ដែល​ជា​ការឆ្លើយតប​តាម​ការអញ្ជើញ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លោក ទៀ បាញ់​។

លោក ទៀ បាញ់ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​បន្ទាប់ពី​ជំនួប​ប្រជុំ​ជាមួយ​លោក Fenghe នៅឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អាទិត្យ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តោត​សំខាន់​ទៅ​លើ​ការពង្រឹង​ទំនាក់ទំនង​យោធា​រវាង​សម្ព័ន្ធមិត្ត​ទាំង​ ២ និង​រក្សា​សន្តិភាព​នៅ​កម្ពុជា​ហើយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ក្នុង​ការ​ផ្តល់​ជំនួយ​យោធា​ដល់​កម្ពុជា​។

លោក​ថ្លែង​ថា​៖ «​ចំពោះ​ជំនួយ​គាត់​បាន​ប្រកាស​ថា​ប្រទេស​ចិន​នឹង​ផ្តល់​ចំនួន​ ៨៤៥ លាន​យន់ [១៣១ ​លាន​ដុល្លារ​]»​។

លោក ទៀ បាញ់ បាន​បន្ថែម​ថា យោធា​កម្ពុជា​ក៏​នឹង​ទាក់ទង​ជាមួយ​សមភាគី​ចិន​អំពី​ការផ្តល់​ជំនួយ​យោធា​បន្ថែម​ទៀត​នាពេល​អនាគត​ដោយ​ពិនិត្យ​មើល​នូវ​អ្វី​ដែល​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា​ត្រូវការ និង​ដាក់​សំណើ​ដែល​ពាក់ព័ន្ធ​។

លោក​ក៏​បាន​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​ទទួល​នាវា​កងទ័ព​ជើងទឹក​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែល​គ្រោង​មក​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​។

យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ឈុំ សុជាតិ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ដែល​បាន​បង្ហោះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា ដំណើរ​ទស្សនកិច្ច​នេះ​នឹង​ផ្តោត​សំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ ២ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា​តើ​នឹង​មាន​កិច្ចព្រមព្រៀង​ជាក់លាក់​ណា​មួយ​សម្រាប់​ជំនួយ​យោធា​បន្ថែម​ទៀត​នោះ​ទេ​។

លោក​បាន​សរសេរ​ថា​៖ «​ការផ្តល់​ជំនួយ​បន្ថែម​នេះ​គឺជា​ទឹកចិត្ត​ដ៏ថ្លៃថ្លា​របស់​ភាគី​ចិន​ដែល​ធ្វើ​ឡើង​ចំ​ឱកាស​ខួប​លើក​ទី​ ៦០ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា-ចិន ហើយ​ដើម្បី​អបអរសាទរ​ដល់​ខួប​នៃ​ទំនាក់ទំនង​ការទូត​នេះ​ភាគី​ទាំង​ ២ ​ក៏​បាន​រៀបចំ​ពិព័រណ៍​យោធា​កម្ពុជា-ចិន រយៈពេល​ ៥ ​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​ ១៩ ដល់​ថ្ងៃទី​ ២៤ ខែ​មិថុនា ឆ្នាំ​ ២០១៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះពេជ្រ​ដើម្បី​បង្ហាញ​អំពី​សមិទ្ធផល​នានា​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​របស់​ប្រទេស​ទាំង​ ២ ​ផង​ដែរ​»​។

លោក​ សុជាតិ បន្ថែម​ថា​៖ « ក្រៅពី​ការផ្តល់​ជំនួយ​សម្រាប់​វិស័យ​យោធា ក្នុង​ជំនួប​ខាង​លើ​ភាគី​កម្ពុជា-ចិន​ក៏​នឹង​សហការ​គ្នា​បន្ត​ទៀត​ដើម្បី​ធ្វើ​សមយុទ្ធ​នាគ​មាស​នៅ​ឆ្នាំ​ ២០១៩ ផង​ដែរ​»​។

លោកស្រី Astrid Norn-Nilsson សាស្ត្រាចារ្យ​ជាន់ខ្ពស់​នៅ​សាកលវិទ្យាល័យ Centre for East and South-East Asian Studies at Lund University ថ្លែង​តាម​អ៊ីមែល​ថា​៖«​វា​ជា​រឿង​គួរ​ឲ្យ​កត់សម្គាល់​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​មក​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចសហប្រតិបត្តិការ​ការពារ​ជាតិ​ថ្មី​មួយ​គឺ​តែ​មួយ​ខែ​នៅ​មុន​ការបោះឆ្នោត​ចូល​មក​ដល់​»​។

លោកស្រី​បញ្ជាក់​ថា​ចំណុច​នេះ​គឺ​វា​បញ្ជាក់​ឡើង​អំពី​គោលនយោបាយ​កិច្ចការបរទេស​របស់​ប្រទេស​កម្ពុជា​ដែល​ហាក់​នៅ​ដាច់​ឆ្ងាយ​ពី​កិច្ចសហប្រតិបត្តិ​ការការពារ​ជាតិ​អាមេរិក​ហើយ​វា​បាន​បង្ហាញ​កាន់តែ​ច្បាស់​ថា ការទទួល​ស្គាល់​ពី​ប្រទេស​លោក​ខាង​លិច​ចំពោះ​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​គឺ​មិន​មាន​ផលប៉ះពាល់​ធំដុំ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ទេ​។

លោក លោក Paul Chambers សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ Naresuan University បាន​ថ្លែង​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក Fenghe គឺ​បាន​បង្ហាញ​ថា កម្ពុជា​ពិត​ជា​បាន​បង្វែរ​ទិសដៅ​ងាក​ទៅ​រក​ប្រទេស​ចិន​ប្រាកដ​មែន​ហើយ​ទីក្រុង​ប៉េកាំង​បាន​ពង្រឹង​ខ្លួនឯង​ធ្វើ​ជា​អ្នក​គាំទ្រ​ភូមិសាស្ត្រ​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

ខណៈ លោក Phil Robertson នាយករង​នៃ​Human Rights Watch ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ថា CPP ​កំពុង​ព្យាយាម​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ថា​រដ្ឋាភិបាល​របស់​ពួកគេ​មាន​មិត្តភក្តិ​បរទេស​ដ៏មាន​ឥទ្ធិពល​ដូច​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​នេះ​ជាដើម​។ អ្វី​គ្រប់​យ៉ាង​បង្ហាញ​ពី​រូបភាព​ខាង​ត្រឹមត្រូវ​នៅ​មុន​ការបោះឆ្នោត​៕ NS