ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាសម្រេចចេញអនុក្រឹត្យថ្មីស្តីពីប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេសសម្រាប់រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ខណៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអះអាងថា ការចំណាយលើបេសកកម្មនេះត្រូវបានកំណត់ជាក់លាក់ជាងមុន ដើម្បីអាចនៅបន្តអនុវត្តបានរលូន និងកាន់តែមានប្រសិទ្ធភាព។
តាមអនុក្រឹត្យចុះថ្ងៃទី ១២ មករា ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់អំពីវិធាន និងនីតិវិធីនៃការអនុវត្តប្រាក់បេសកកម្មដើម្បីលើកកម្ពស់ប្រសិទ្ធភាព ភាពស័ក្តិសិទ្ធិ តម្លាភាព និងគណនេយ្យភាពនៃការបំពេញបេសកកម្មនៅក្នុងប្រទេស និងក្រៅប្រទេសរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាធារណៈ និងមន្ត្រីជាប់កិច្ចសន្យា។
តាមសេចក្តីសង្ខេបនៃការកែប្រែគោលការណ៍មួយចំនួននៃអនុក្រឹត្យនេះរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សម្រាប់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី្ក រដ្ឋមន្ត្រី្ក រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងប្រធានស្ថាប័ន ឬអង្គភាពដែលមានឋានៈ និងបុព្វសិទ្ធិស្មើមុខតំណែងនេះនឹងត្រូវដំឡើងប្រាក់ហូបចុកពី ១០ ម៉ឺនរៀល ដល់ ១២ ម៉ឺនរៀល ក្នុង ១ នាក់/ថ្ងៃ, ប្រាក់ស្នាក់នៅពី ២០ ម៉ឺនរៀល ដល់ ២៤ ម៉ឺនរៀលក្នុង ១ នាក់/យប់។ ចំណែកឯប្រាក់ហោប៉ៅនៅរក្សាទុកដដែលដូចក្នុងអនុក្រឹត្យចាស់។
សម្រាប់មន្ត្រីរាជការសាធារណៈ មន្ត្រីជាប់កិច្ចសន្យាទាំងនៅរដ្ឋបាលថ្នាក់ជាតិទាំងថ្នាក់ក្រោមជាតិ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងជំនួយការហិរញ្ញវត្ថុនៃរដ្ឋបាលឃុំ-សង្កាត់នឹងត្រូវដំឡើងប្រាក់ហូបចុកពី ៤ ម៉ឺនរៀលក្នុង ១ នាក់/ថ្ងៃ ដល់ ៦ ម៉ឺនរៀល ក្នុង ១ នាក់/ថ្ងៃ។ ចំណែកឯប្រាក់ហោប៉ៅ និងប្រាក់ស្នាក់នៅរក្សាទុកដដែល។
ចំណែកគោលការណ៍ឧបត្ថម្ភសម្រាប់ប្រភេទផ្សេងៗទៀតនៅរក្សាទុកដដែល ដូចក្នុងអនុក្រឹត្យចាស់លេខ ២១៦ ខណៈប្រាក់ចូលរួមកិច្ចប្រជុំអន្តរជាតិក្នុងប្រទេសត្រូវបានបែងចែកតាមឋានៈ និងតួនាទី។
លោក នុប សុធនវិចិត្រ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា អនុលោមតាមផែនទីចង្អុលផ្លូវនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥ មានការដកចេញនូវមុខសញ្ញាចំណាយមួយចំនួនលែងឱ្យអនុវត្តតាមនីតិវិធីរជ្ជទេយ្យបុរេប្រទាន រួមមាន ចំណាយប្រាក់បេសកកម្មនៅក្នុង និងក្រៅប្រទេស ចំណាយរៀបចំបណ្តុះបណ្តាលសិក្ខាសាលា និងមុខសញ្ញាចំណាយសម្រាប់សង្គ្រោះបន្ទាន់ និងចំណាយពិសេសរបស់រាជរដ្ឋាភិបាល។
លោកបន្តថា ការដកចេញនូវមុខសញ្ញាចំណាយទាំងនេះគឺដើម្បីកំណត់ឡើងវិញនូវវិសាលភាព និងទំហំទឹកប្រាក់សម្រាប់ចំណាយតាមនីតិវិធីរជ្ជទេយ្យបុរេប្រទានឱ្យមានវិសាលភាពត្រឹមតែចំណាយលើដំណើរការរដ្ឋបាល និងការងារចាំបាច់តូចតាចឱ្យស្របតាមគោលការណ៍ជាអន្តរជាតិ។
លោកថា៖ «ដើម្បីឱ្យប្រាក់បេសកកម្មនៅក្នុងប្រទេស និងក្រៅប្រទេសអាចនៅបន្តអនុវត្តបានរលូន និងកាន់តែមានប្រសិទ្ធភាពជាងមុន អនុក្រឹត្យថ្មីឈរលើមូលដ្ឋានអនុក្រឹត្យលេខ ២១៦ អនក្រ.បក បានធ្វើបច្ចុប្បន្នភាព និងកែសម្រួលលើចំណុចសំខាន់ៗមួយចំនួនសម្រាប់ដាក់ឱ្យអនុវត្តឱ្យទាន់ការអនុវត្តថវិកាឆ្នាំ ២០២១...»។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានថ្លែងពីម្សិលមិញថា ការសម្រេចកែសម្រួលនេះក៏មិនមែនជារឿងអាក្រក់ទេ ព្រោះបេសកកម្មក្នុងឆ្នាំ ២០២១ នេះនឹងមិនមានច្រើនទេ ដោយសារភាពមិនច្បាស់នៃវិបត្តិកូវីដ ១៩។
ចំពោះបេសកកម្មក្នុងប្រទេស បើទោះជាកាត់បន្ថយ ក៏មិនប៉ះពាល់អ្វីនោះដែរ ព្រោះស្ថាប័នទាំងនោះអាចបង្វែរការបង្រៀនផ្ទាល់មកបង្រៀនតាមអនឡាញក៏បាន។
លោកបានបញ្ជាក់ថា៖ «ការកាត់បន្ថយចំណាយសម្រាប់ធ្វើដំណើរ និងបេសកកម្មនៅពេលដែលនៅតែមិនច្បាស់លាស់នៃកូវីដ ១៩ ក៏វារួមចំណែកដល់វិធានការក្នុងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដែរ។ បញ្ហានេះ ទោះបីជាប៉ះពាល់ខ្លះនូវសកម្មភាពបេសកកម្មអីហ្នឹង ក៏ប៉ុន្តែបើប្រៀបធៀបនឹងការបង្ការទប់ស្កាត់ជំងឺ គឺមានប្រយោជន៍ធំធេង»៕