ភ្នំពេញ៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ ​២ ​ច្បាប់ ​ជុំវិញ​ការ​កែប្រែ​ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​ដែល​អាច​ទទួល​បាន​ទៅ​តាម​មុខងារ​របស់​ខ្លួន​ និង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​។

អនុក្រឹត្យ​ទាំង ​២ ​ច្បាប់​នេះ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ កាល​ពី​ថ្ងៃទី ​១៦​ មីនា​ ដោយ​អនុក្រឹត្យ ​១ មាន​ខ្លឹមសារ​​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​បុណ្យ​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ​ឆ្នាំ​ជូត ​ពុទ្ធ​សករាជ ​២៥៦៣ មាន​ចំនួន​ ៥០ ០០០ រៀល ​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រី​រាជការ​ស៊ីវិល​នៃ​ក្រុម​នីតិ​ប្បញ្ញត្តិ ​នីតិ​ប្រតិបត្តិ តុលាការ​ មន្ត្រី​នគរបាល​ជាតិ​កម្ពុជា​។

ក្នុង​នោះ​មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ យោធិន​នៃ​ កង​យោធពល​ខេមរភូមិន្ទ​ មន្ត្រី​រាជ​ការ​នៃ​អាជ្ញាធរ​សវនកម្មជាតិ​មន្ត្រី​រាជ​ការ​ (គជប) មន្ត្រី​ខុទ្ទកាល័យ ​ចាប់​ពី​ប្រធាន​ស្ថាប័ន​រហូត​ដល់​មន្ត្រី​​មាន​ឋានៈ​ស្មើ​ទូទាំង​ប្រទេស។ អនុ​ក្រឹត្យ​នេះ​បន្ត​ថា ចំពោះ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​រហូត​ដល់​ក្រុម​គ្រួសារ​ជនពលី និង​គ្រួសារ​ជន​មរណៈ ​ជា​អតីត​យុទ្ធជន​ក៏​ត្រូវ​បាន​ប្រាក់​ឧបត្ថម្ភ ​៥ ​ម៉ឺន​រៀល ​ក្នុង ​១ ​គ្រួសារ​ផង​ដែរ។​ រដ្ឋាភិបាល​បាន​បញ្ជាក់​ក្នុង​លិខិត​ថា៖ ​«ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​សាមី​ ត្រូវ​សហការ​ និង​ចាត់ចែង​រៀបចំ​ការ​បើក​ផ្តល់​ជា​បុរេ​ប្រទាន​សម្រាប់​ប្រាក់​ឧបត្ថម្ភ​ក្នុង​ឱកាស​ពិធី​ចូល​ឆ្នាំ​ថ្មី​ឲ្យ​ដល់​សាមីជន​ម្នាក់ៗ​យ៉ាង​យូរ​បំផុត ត្រឹម​ថ្ងៃទី ១០ ខែ ​មេសា ឆ្នាំ ​២០២០»។

ចំណែក​អនុ​ក្រឹត្យ​ស្ដីពី​ការ​កែប្រែ ​និង​ការ​ដំឡើង​ប្រាក់​បំណាច់​ មុខងារ​មន្ត្រី​រាជការ​ស៊ីវិល​ដែល​នឹង​បើក​ជូន​មន្ត្រី​រាជការ​ចាប់ពី​ថ្ងៃទី ១ ខែ​មេសា តទៅ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា សម្រាប់​មន្ត្រី​រាជ​ការ​​ថ្នាក់​ជាតិ នឹង​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ចន្លោះ​ពី ​៥១ ​ម៉ឺន​រៀល ​រហូត​ដល់ ​១ ​លាន ​១ ​សែន​រៀល យោង​ ទៅ​តាម​ឋានៈ​ និង​តួនាទី​ជាក់​ស្តែង​ ខណៈ​មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​ នឹង​បាន​ប្រាក់​បំណាច់​មុខងារ​ចន្លោះ​ពី ​៥១ ​ម៉ឺន​រៀល​ ដល់ ​១ ​លាន ៣ ម៉ឺន​រៀល​។

ជាមួយ​គ្នា​នេះ សម្រាប់​វិស័យ​អប់រំ​វិញ រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា មន្ត្រី​រាជ​ការ​ចាប់​ពី​នាយក​សាលា​ ដល់​គ្រូ​បង្រៀន​ទូទៅ​នឹង​ទទួល​បាន​ប្រាក់​បំណាច់​មុខ​ងារ​ទៅ​តាម​តួនាទី​ចន្លោះ​ពី ៥៦ ​ម៉ឺន​រៀល រហូត​ដល់​ជាង ១ លាន ​៨ សែន​រៀល ខណៈ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​យុត្តិធម៌​ នឹង​ទទួល​បាន​ប្រាក់​បំណាច់​មុខងារ​ចន្លោះ​ពី ​៥១ ម៉ឺន​រៀល រហូត​ដល់​ជាង ១ ​លាន ​៨ ​សែន​រៀល​។

រាជ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​៖ «អនុក្រឹត្យ​លេខ ៤៣ អនក្រ.បក ចុះ​ថ្ងៃទី ​១៩ ខែ ​មីនា​ ឆ្នាំ ​២០១៩​ ស្តីពី​ការ​កែ​ប្រែ និង​ការ​ដំឡើង​ប្រាក់​បំណាច់​មុខងារ​មន្ត្រី​រាជការ​ ស៊ីវិល​ត្រូវ​ទុក​ជា​និរាករណ៍»​។

តាម​របាយការណ៍​សន្និបាត​របស់​ក្រសួង​មុខងារ​សាធារណៈ​ឆ្នាំ ​២០១៩ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មាន​មន្ត្រី​រាជ​ការ​ស៊ីវិល​សរុប ២១៨ ​៤៨២ នាក់​ ក្នុង​នោះ​ថ្នាក់​ជាតិ​មាន​ប្រមាណ ៤៥ ៥៩៩ នាក់ និង​ថ្នាក់​ក្រោម​ជាតិ​មាន ​១៧២ ៨៨៣ នាក់​។

លោក យក់ ប៊ុនណា អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​ការ​ចំណាយ​ប្រាក់​លើ​មន្ត្រី​រាជការ​បាន​ទេ ​កាល​ពី​ម្សិលមិញ​ ដោយ​លោក​ថ្លែង​ថា​កំពុង​ជាប់​​ប្រជុំ​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា​ ការ​ផ្តល់​ប្រាក់​បំណាច់​មុខងារ​ និង​ប្រាក់​ឧបត្ថម្ភ​នេះ​មិន​មែន​រឿង​ថ្មី​​ទេ ហើយ​ការ​ផ្តល់​ជូន​ដល់​មន្ត្រី​រាជការ​នេះ​ក៏​មិន​បាន​ជួយ​អ្វី​បាន​ច្រើន​ដល់​ជីវភាព​របស់​មន្ត្រី​រាជការ​ក្នុង​ឱកាស​នេះ​ដែរ។ លោកស្រី​​បន្ត​ថា អ្វី​ដែល​មន្ត្រី​រាជការ​ ក៏​ដូច​ជា​សមាគម​គ្រូ​បង្រៀន ចង់​បាន ​គឺ​ការ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​បាន​សមរម្យ ដែល​ធ្វើ​ឲ្យ​ជីវ​ភាព​មន្ត្រី​រាជ​ការ​​ល្អ​ប្រសើរ ​និង​លែង​គិត​គូរ​ពី​ការ​ស្វែង​រក​ប្រាក់​បន្ថែម ដើម្បី​ចិញ្ចិម​ជីវិត។

លោកស្រី​បញ្ជាក់​ថា៖ ​«ទោះបី​ជា​រដ្ឋាភិបាល​បាន​ខំ​ប្រឹង​ជួយ​ជំរុញ​ឲ្យ​ក្រុម​គ្រូ​បង្រៀន ​និង​មន្ត្រី​រាជ​ការ​ទាំង​អស់​បាន​ប្រសើរ​ប៉ុណ្ណឹង​មែន ក៏​មិន​បាន​ធ្វើ​​ឲ្យ​ចិត្ត​យើង​​ស្ងប់​អារម្មណ៍​ដែរ ព្រោះ​តែ​ស្ថានភាព​នយោបាយ និង​មាន​បញ្ហា​ជំងឺ​គ្រប់​បែប​យ៉ាង​ក្នុង​ពេល​នេះ​រួម​ទាំង​ការ​បិទ EBA ដែល​ធ្វើ​ឲ្យ​អីវ៉ាន់​លើ​ទីផ្សារ​កើន​ឡើង​ទ្វេ ហើយ​ការ​ឡើង​ប្រាក់​បៀវត្សរ៍​ពី ១ ​ឆ្នាំ ទៅ ១ ​ឆ្នាំ​ហ្នឹង មិន​បាន​ដូច​អ្វី​ដែល​យើង​ចង់​បាន​សម្រាប់​​បំពេញ​តម្រូវ​ការ​យើង​ទេ»​៕