ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​នូវ​អនុក្រឹត្យ​មួយ​ដោយ​ក្នុង​នោះ​ផ្តោត​សំខាន់​ទៅលើ​វិធានការ​រដ្ឋបាល​ក្នុងការ​រឹតត្បិត​លើ​ការធ្វើ​ចរាចរណ៍ និង​បម្រាម​គោចរ​រាល់​ការធ្វើដំណើរ ដោយ​ហាម​ពី​ចន្លោះ​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង ៥ ព្រឹក​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ៣១ ខែ មីនា ឆ្នាំ ២០២១ ដែល​មាន ៧ ជំពូក និង ​២៣ មាត្រា ស្តីពី​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ដែល​កំណត់​អំពី​វិធានការ​រដ្ឋបាល សំដៅ​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្តាប់ធ្នាប់​សាធារណៈ​ព្រមទាំង​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរមា​នូវ​ផលប៉ះពាល់​នៃ​ការឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​មាត្រា​ ៤ នៃ​អនុក្រឹត្យ​នេះ​បានចែង​ពី​ការរឹតត្បិត ឬ​ការហាមឃាត់ ការធ្វើដំណើរ ដែល​ការធ្វើ​ដំណើរ​ចេញពី​លំនៅឋាន ឬ​ទីសំណាក់​បច្ចុប្បន្ន​អាច​ត្រូវបាន​រឹតត្បិត ឬ​ហាមឃាត់ លើកលែង​តែ​ក្នុង​ករណី​ចាំបាច់​ដូចជា​ការធ្វើ​ដំណើរ​ទៅ​បំពេញ​ការងារ ឬ​ប្រកបមុខរបរ ឬ​អាជីវកម្ម ដែល​មិន​មាន​ការរឹតត្បិត ឬ​ហាមឃាត់​ និង​ដោយ​មាន​ភ្ជាប់​លិខិត បញ្ជាក់​អំពី​ការងារ មុខរបរ ឬ​អាជីវកម្ម​។

មាត្រា​ដដែល​បាន​បន្តថា៖ «​ការធ្វើ​ដំណើរ​ទៅ​ស្វែងរក​គ្រឿង​ឧបភោគបរិភោគ និង​សម្ភារ​ប្រើប្រាស់​ចាំបាច់​ប្រចាំថ្ងៃ ការធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ មណ្ឌល​សុខភាព សម្ភព ទីកន្លែង​ព្យាបាល ឬ​ឱសថស្ថាន ដោយ​មូលហេតុ​សុខភាព​បន្ទាន់​...​គឺ​មិន​ត្រូវបាន​ហាមឃាត់​ ឬ​រឹតត្បិត​ទេ​»​។

ចំពោះ​មាត្រា​ ៨ នៃ​អនុក្រឹត្យ​នេះ​បាន​ចែង​ផងដែរ​ថា រាល់​ការធ្វើ​ដំណើរ​ដែល​ត្រូវបាន​អនុញ្ញាត​គឺ​មិន​ត្រូវ​ធ្វើឡើង នៅ​ចន្លោះ​ពី​ម៉ោង​ ៨ ​យប់ ដល់​ម៉ោង ៥ ​ព្រឹក​លើកលែង​ចំពោះ​ការធ្វើ​ដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់​, មូលហេតុ​ចាំបាច់​ និង​បន្ទាន់​ក្នុង​គ្រួសារ​, ការដឹកជញ្ជូន​ទំនិញ​, ការបំពេញ​កាតព្វកិច្ច​ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​, ការធ្វើ​ដំណើរ​ទៅ​ទីកន្លែង​បំពេញ​ការងារ​នៅក្នុង​សហគ្រាស គ្រឹះស្ថាន ឬ​ទីតាំង​អាជីវកម្ម​ដែល​ត្រូវបាន​លើកលែង​ឱ្យ​បើក​ដំណើរការ និង​ករណី​ចាំបាច់​ដទៃទៀត ដោយមាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​។

មាត្រា​ដដែល​នេះ​សង្កត់ធ្ងន់​ថា៖ «​រាល់​គ្រឹះស្ថាន​សាធារណៈ សហគ្រាស​ ឬ​គ្រឹះស្ថាន​ឯកជន ឬ​ទីតាំង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យនៅ​បើក​ដំណើរការ​ត្រូវ​ផ្អាក​ប្រតិបត្តិការ​របស់ខ្លួន​ចាប់ពី​ម៉ោង​ ៨ ​យប់​ដល់​ម៉ោង ៥ ព្រឹក សម្រាប់​ទទួល​អតិថិជន​ដោយផ្ទាល់​លើកលែង​ចំពោះ​សេវា​សង្គ្រោះបន្ទាន់ សេវា​សុខាភិបាល ឱសថស្ថាន ស្ថានីយប្រេងឥន្ធនៈ និង​សេវាសាធារណៈ​ចាំបាច់​ដទៃទៀត​ដោយ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​»​។

ចំណែក​មាត្រា​ ១១ ជំពូក​ទី​៣ បាន​លើកឡើង​ថា ការដាក់ចេញ​វិធានការ​បិទ​ខ្ទប់​រាជធានី​ ឬ​ខេត្ត និង​ការដាក់ចេញ​វិធានការ​រដ្ឋបាល​ផ្សេងទៀត​ដែលមាន​វិសាលភាព​អនុវត្តន៍​លើសពី​ដែនដី​នៃ​រាជធានី ឬ​ខេត្ត​មួយ​ ឬ​មាន​វិសាលភាព​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ត្រូវ​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​។

មាត្រា​ដដែល​បន្តថា គណៈ​អភិបាល​រាជធានី-ខេត្ត​ត្រូវ​បាន​ប្រគល់​សមត្ថកិច្ច​ក្នុង​ការសម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​ណាមួយ​ដែលមាន​វិសាលភាព​អនុវត្ត​សម្រាប់​ផ្នែក​ខ្លះ ឬ​ទីកន្លែង​ខ្លះ​ក្នុង​ដែនដី​នៃ​រាជធានី​ខេត្ត ឬ​មាន​វិសាលភាព អនុវត្ត​ទូទាំង​រាជធានី ឬ​ខេត្ត​របស់ខ្លួន​ដែល​មាន​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

មាត្រា​ ១២ ​នៃ​អនុក្រឹត្យ​នេះ​បាន​ចែងថា៖ «​ការដាក់ចេញ​វិធានការ​រដ្ឋបាល​ណាមួយ​ស្រប​តាម​អនុក្រឹត្យ​នេះ​ត្រូវ​ធ្វើ​ឡើង​ជា​បណ្តោះអាសន្ន សម្រាប់​ថិរវេលា​មិន​ឱ្យ​លើសពី​ ២ ​សប្ដាហ៍​។ ថិរវេលា​នេះ​អាច​ត្រូវបាន​សម្រេច​បន្ត ឬ​បញ្ចប់​មុន​ថិរវេលា​កំណត់​ក្នុង​លក្ខខណ្ឌ​ដូចគ្នា​នឹង​ការសម្រេច​ដាក់ចេញ​វិធានការ​រដ្ឋបាល​ស្រប​តាម​មាត្រា​ ១១ នៃ​អនុក្រឹត្យ​នេះ​»​។

ចំពោះ​ទោសប្បញ្ញត្តិ​វិញ​នៅ​​ក្នុង​មាត្រា​ ១៤ ​បាន​ចែងថា ការសម្រេច​ដាក់ពិន័យ​អន្តរការណ៍​ចំពោះ​ការបំពាន​វិធានការ​រដ្ឋបាល ជា​សមត្ថកិច្ច​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ បែបបទ​នីតិវិធី​លម្អិត​សម្រាប់​ការដាក់​ពិន័យ​អន្តរការណ៍​ត្រូវ​កំណត់​ដោយ​គណៈ​អភិបាលរាជធានី-ខេត្ត​។ ទម្រង់​បែបបទ​នៃ​បង្កាន់ដៃ​ពិន័យ និង​ការគ្រប់គ្រង​ប្រាក់​ដែល​បានមកពី​ការពិន័យ​អន្តរការណ៍​ត្រូវ​កំណត់​ដោយ​ប្រកាស​អន្តរក្រសួង​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក​ គឹម សន្តិភាព បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​យប់​ថ្ងៃទី​ ៣១ ខែមីនា ថា រាល់​វិធានការ​រដ្ឋបាល​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​នេះ គឺ​មិនទាន់​អនុវត្ត​ក្នុង​ក្របខ័ណ្ឌ​ភូមិសាស្ត្រ ឬ​តំបន់​ណាមួយ​នៃ​រាជធានី​ខេត្ត​ណាមួយ​នោះ​នៅឡើយ​ទេ​នាពេលនេះ​។

លោក​បាន​គូសបញ្ជាក់​ថា​៖ «​វិធានការ​រដ្ឋបាល​ណាមួយ​នឹង​អនុវត្តន៍ លុះណាតែ​មាន​សេចក្តី​សម្រេច​របស់​គណៈអភិបាល​រាជធានី-ខេត្ត​សម្រាប់​ផ្នែក​ខ្លះ ឬ​ទីកន្លែង​ខ្លះ​ក្នុង​ដែនដី​នៃ​រាជធានី-ខេត្ត ឬ​មាន​វិសាលភាព​អនុវត្ត​ទូទាំង​រាជធានី ឬ​ខេត្ត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​»៕