ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​ស្តីពី​លិខិតអនុញ្ញាត​សាងសង់​ថ្មី ដោយ​កំណត់​សមត្ថកិច្ច​ច្បាស់លាស់​ដល់​អាជ្ញាធរ​ក្នុង​ការចេញ​លិខិត​អនុញ្ញាត​សាងសង់ ជួសជុល រុះរើ បើក​ការដ្ឋាន និង​លិខិត​បន្ត​សុពលភាព​លិខិត​អនុញ្ញាត​ដោយ​ធ្វើឡើង​តាមរយៈ​ច្រក​ចេញចូល​តែ​ ១ ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​ពី​វិនិយោគិន និង​អ្នក​ប្រើប្រាស់​លើ​វិស័យ​សំណង់​។

អនុក្រឹត្យ​ស្តីពី​លិខិត​អនុញ្ញាត​សាងសង់​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី ៣០ ធ្នូ ឆ្នាំ​ ២០២០ ​បានប្រកាស​ឱ្យ​ប្រើប្រាស់ ដោយ​​សម្រេច​និរាករណ៍​អនុក្រឹត្យ​ស្តីពី​លិខិតអនុញ្ញាត​សាងសង់​កាលពី​ឆ្នាំ​ ១៩៩៧ និង​លិខិត​បទដ្ឋាន​ទាំងឡាយណា​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​ថ្មី​នេះ បន្ទាប់ពី​ច្បាប់​ស្តីពី​សំណង់​ត្រូវបាន​បង្កើត​​ឡើងជា​លើកដំបូង និង​ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​កាលពី​ខែវិច្ឆិកា ឆ្នាំ​ ២០១៩​។

តាម​ខ្លឹមសារ​អនុក្រឹត្យ​ដែលមាន​ ៤៥ ​មាត្រា និង ​១២ ​ជំពូក​បាន​​ឱ្យដឹងថា អនុក្រឹត្យ​នេះ បង្កើតឡើង​ដើម្បី​ធានា​គុណភាព សុវត្ថិភាព​សំណង់ ការពារ​ទ្រព្យសម្បត្តិ និង​សុខុមាលភាព​របស់​ម្ចាស់​សំណង់ អ្នកប្រើប្រាស់ និង​សាធារណជន ហើយ​វា​ក៏​ធានា​ដល់​ការងារ​សាងសង់​ ឬ​រុះរើ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​គតិយុត្ត និង​បទដ្ឋាន​បច្ចេកទេស​សំណង់​ផងដែរ​។

បន្ថែម​ពីនេះ រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ក្នុង​អនុក្រឹត្យ​នេះ​​ដោយ​បែងចែក​សមត្ថកិច្ច​នីមួយៗ​ទៅតាម​ទំហំ​ការងារ​ជាក់ស្តែង និង​ត្រូវ​ធ្វើតាម​ច្រកចេញចូល​តែ​ ១ ដើម្បី​ការជឿ​ទុកចិត្ត​របស់​អ្នក​វិនិយោគិន​ក្នុង​វិស័យ​សំណង់ និង​ជំរុញ​ទីផ្សារ​អចលនទ្រព្យ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​។

នៅក្នុង​អនុក្រឹត្យ​នោះ រាជរដ្ឋាភិបាល​បានបញ្ជាក់​ថា ចំពោះ​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​មាន​សមត្ថកិច្ច​ផុ្តល់​លិខិត​សាងសង់ និង​លិខិត​រុះរើ​ចំពោះ​សំណង់​ដែល​មាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​លើសពី​ ៣ ​ពាន់​ម៉ែត្រ​ក្រឡា និង​មាន​កម្ពស់​ខ្ពស់​ចាប់ពី​ ១១ ​ជាន់​ឡើងទៅ រួមទាំង​ជាន់​ផ្ទាល់​ដី និង​ជាន់​ក្រោម​ដី​ក្នុង​ជម្រៅ​ជាង ៥ ​ម៉ែត្រ​។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏មាន​សមត្ថកិច្ច​ក្នុង​ការផ្តល់​ការអនុញ្ញាត​​រាល់​សំណង់​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ធំៗ​ដូចជា ឋបនីយភណ្ឌ ដែល​អាច​បង្ក​គ្រោះថ្នាក់​សំណង់​សម្រាប់​វិស័យ​កីឡា ទេសចរណ៍ និង​វប្បធម៌​នានា​រួម​នឹង​សំណង់​មិនមែន​អគារ​ដទៃទៀត​ដែលមាន​កម្ពស់​ខ្ពស់ជាង​ ១០ ​ម៉ែត្រ​។

ក្រៅពីនេះ រាជរដ្ឋាភិបាល​បាន​សម្រេច​បែងចែក​ឱ្យ​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​​ខេត្ត​ដោយមាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​មាន​សមត្ថកិច្ច​ផ្តល់​លិខិតអនុញ្ញាត​សាងសង់ រុះរើ ជួសជុល បើក​ការដ្ឋាន​សំណង់​ចាប់ពី​សំណង់​ដែល​មាន​ផ្ទៃក្រឡា​តិចជាង​ ឬ​ស្មើ ៣ ​ពាន់​ម៉ែត្រក្រឡា និង​មាន​កម្ពស់​ទាប​ជាង​ ១១ ​ជាន់​។ រីឯ​អភិបាល​នៃ​គណៈអភិបាលក្រុង ស្រុក ខណ្ឌ ដោយមាន​ការិយាល័យ​រៀបចំ​ដែនដី​ជា​សេនាធិការ​អាចមាន​សមត្ថកិច្ច​ផ្តល់​លិខិត​ត្រឹមតែ​សំណង់​លំនៅឋាន​ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់​សរុប​យ៉ាងតិច​ ឬ​ស្មើ​ ៥០០ ​ម៉ែត្រ​ក្រឡា​ដោយ​គ្មាន​ជាន់​ផ្ទាល់​ដី​​ និង​អនុញ្ញាត​ត្រឹម​របង​បេតុង​ដែលមាន​កម្ពស់​ទាប​ ឬ​ស្មើ​ ៣ ​ម៉ែត្រ​ប៉ុណ្ណោះ​។

ទោះជា​យ៉ាងណា​អនុក្រឹត្យ​នេះ​បានផ្តល់​សិទ្ធិ​ប្តឹងតវ៉ា​ដល់​បុគ្គល​ដែលមាន​ទំនាក់ទំនង​ផលប្រយោជន៍​ជាមួយ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​មន្ត្រី​មាន​សមត្ថកិច្ច​ដោយ​ការប្តឹងតវ៉ា​ទៅ​ស្ថាប័ន​ទាំងនោះ​ ឬ​តាមរយៈ​តុលាការ​ផងដែរ​។ ​ប៉ុន្តែ​អនុក្រឹត្យ​នេះ​មិន​បាន​បញ្ញតិ​ពី​ទោសទណ្ឌ​ច្បាស់លាស់​ទេ ដោយ​គ្រាន់តែ​បញ្ជាក់ថា រាល់​បុគ្គល​ដែល​ក្លែងបន្លំ​ឯកសារ​ ឬ​ផ្តល់ព័ត៌មាន​មិន​ពិត និង​អ្នករាជការ​សាធារណៈ​មិន​ទទួល​ពិនិត្យ​សំណុំ​ឯកសារ​ដោយ​គ្មាន​មូលហេតុ​ត្រឹមត្រូវ ត្រូវ​ទទួល​ទណ្ឌកម្ម​ពិន័យ ឬ​ទោសទណ្ឌ​ណាមួយ​ដែល​មាន​ចែង​ក្នុង​ច្បាប់ព្រហ្មទណ្ឌ​ជា​ធរមាន​។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​មិន​អាច​សុំ​ការអត្ថាធិប្បាយ​បន្ថែម​បាន​ទេ​​ដោយសារ​ទូរស័ព្ទ​របស់​លោក​​គ្មាន​អ្នកទទួល​។

លោក សារិន វណ្ណា ប្រធាន​មន្ទីរ​​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពីថ្ងៃ​ទី​ ៣ មករា​ឆ្នាំនេះ​ថា ទន្ទឹមនឹង​អនុក្រឹត្យ​​នេះ រដ្ឋាភិបាល​ក៏បាន​ចេញ​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការផ្ដល់ ការព្យួរ និង​ការដកហូត​វិញ្ញាបនបត្រ​ប្រើប្រាស់​សំណង់ និង​អនុក្រឹត្យ​ស្តីពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​ផងដែរ​។

លោក​ថា​៖ «​ការចេញ​អនុក្រឹត្យ​​នេះ គឺជា​គោលការណ៍​របស់​ថ្នាក់ជាតិ ក្រោយពី​មាន​ច្បាប់​សំណង់​ដែល​ត្រូវតែ​មាន​អនុក្រឹត្យ ឬ​សារាចរណ៍​ណែនាំ​ច្បាប់​ឱ្យបាន​ច្បាស់លាស់​។ ដោយសារ​តែ​រដ្ឋាភិបាល​យើង​មាន​យុទ្ធសាស្ត្រ​តម្រង់ទិស​ឱ្យចូល​ក្នុងទិសដៅ​តែ​ ១ ​តាម​ច្រកចេញចូល​តែ​ ១ ​នៅ​ទូទាំង​ប្រទេស និង​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​»​។

លោក សារិន វណ្ណា បាន​ស្នើឱ្យ​ពលរដ្ឋ​ដែល​ស្នើសុំ​សេវា​ទាក់ទង​នឹង​វិស័យ​សំណង់​ទាំងអស់​ត្រូវ​ទៅ​ស្វែងរក​សេវា​នៅ​​តាម​ច្រកចេញចូល​តែ​ ១ ដែល​បង្កលក្ខណៈ​ងាយស្រួល​ជាង​មុន​​ដោយ​លោក​អះអាង​ថា មន្ត្រី​មាន​សមត្ថកិច្ច​នឹង​ព្យាយាម​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ដែល​បាន​ស្នើឡើង​ជុំវិញ​បញ្ហា​ទាំងនេះ​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ថ្លែងថា អនុក្រឹត្យ​ទាំងនេះ​គឺមាន​សារប្រយោជន៍ និង​ធ្វើឱ្យ​ទំនាក់ទំនង​នៅក្នុង​វិស័យ​សំណង់​ប្រព្រឹត្ត​ទៅដោយ​រលូន ខណៈ​កន្លង​​ទៅ​ការដ្ឋាន​សំណង់​មួយចំនួន​​ហាក់​មិនបាន​គោរព​តាម​បទប្បញ្ញត្តិ​ច្បាប់​នោះ​។

លោក​បញ្ជាក់ថា​៖ «​អនុក្រឹត្យ​នេះ​វា​មាន​សារប្រយោជន៍​ព្រោះ​ពីមុន​មក​កម្ពុជា​យើង​មិនទាន់​​មាន​ច្បាប់​សំណង់ ហើយ​ក្រោយពី​មាន​ការបាក់រលំ​អគារ ដែល​ក្រោយមក​ទៀត​ក៏​មាន​ចេញ​ច្បាប់ និង​អនុក្រឹត្យ​បន្ថែម​នេះ​។ នេះ​គឺ​ល្អ​សម្រាប់​ភាគី​ទាំងអស់ ព្រោះ​និយោជក​មាន​ការទទួល​ខុសត្រូវ​ជាក់លាក់​នៅ​ហ្នឹង ហើយ​កម្មករ​ក៏​ទទួល​បាន​ផល​»៕

វីដេអូ៖