ភ្នំពេញៈ គិតត្រឹមខែមិថុនាឆ្នាំ ២០១៥ អតីតយុទ្ធជនកម្ពុជាសរុបជាង ៨ ម៉ឺន ៧ ពាន់នាក់ និងអ្នកនៅក្នុងបន្ទុក ឬហៅថាគ្រួសារអតីតយុទ្ធជនជាង ១ ម៉ឺន ៤ ពាន់នាក់បានទទួលនូវប្រាក់ឧបត្ថម្ភសរុបជាង ៣០០ ពាន់លានរៀល (ប្រហែល ៧៥ លានដុល្លារ) ក្នុង ១ ឆ្នាំ។
ក្នុងកម្មវិធីមហាសន្និបាតផ្ទៃក្នុងតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី ២ កាលពីម្សិលមិញរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានថ្លែងថាតាមរយៈការអនុវត្តគោលនយោបាយសម្តែងការដឹងគុណដល់អតីតយុទ្ធជន និងយុទ្ធនារីដែលបានលះបង់អាយុជីវិតក្នុងបុព្វហេតុប្រទេសជាតិរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយជីវភាពទាំងសម្ភារថវិកាជាបន្តបន្ទាប់។
លោកថា ក្នុងនោះគិតត្រឹមខែមិថុនា ឆ្នាំ ២០១៥ មានអតីតយុទ្ធជន ៨៧ ២៨៥ នាក់ និងអ្នកនៅក្នុងបន្ទុក ១៤០ ៥២៨ នាក់ដែលត្រូវចំណាយថវិកាសរុបជាង ៣០០ ពាន់លានរៀល (ប្រហែល ៧៥ លានដុល្លារ) ក្នុងមួយឆ្នាំដែលប្រាក់របបគោលនយោបាយនេះត្រូវបានកែសម្រួលជាបន្តបន្ទាប់ស្របតាមការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ។
បើតាមលោក វង សូត ក្នុងឆ្នាំ ២០១៤ រាជរដ្ឋាភិបាលកម្ពុជាបានកែសម្រួលប្រាក់បៀវត្សរ៍មូលដ្ឋានជូនជនពិការ និវត្តជន និងជនបាត់បង់សមត្ថភាពការងារមុននិងក្រោយឆ្នាំ ២០០៧ ឲ្យមានតុល្យភាពគ្នាក្នុងនោះក៏បានកែសម្រួលបង្កើនប្រាក់ម្ហូបអាហារជូនជនពិការក្នុងម្នាក់ៗរហូតដល់ ៤៥ ០០០ រៀលក្នុង ១ ខែ។
ក្នុងនាមសមាគមអតីតយុទ្ធជនដែលជាដៃគូរសំខាន់របស់រាជរដ្ឋាភិបាលលោក វង សូត ជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជាស្តីទីក៏បានឲ្យដឹងថាសមាគមនេះមានសមាជិកទូទាំងប្រទេស ៧៥ ២៥៨ នាក់ និងបានចូលរួមពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជនកែលម្អជីវភាព និងពង្រឹងនូវសាមគ្គីភាពក្នុងជួរអតីតយុទ្ធជន។
លោកថ្លែងថាគិតចាប់ពីឆ្នាំ ២០០៨ មកអតីតយុទ្ធជនកម្ពុជាចំនួន ៥ ៥១៣ នាក់បានទទួលប្រាក់ឧបត្ថម្ភ ៤ លានរៀលក្នុងមួយគ្រួសារពីបេឡាមរណសង្គ្រោះរបស់សមាគមអតីតយុទ្ធជនកម្ពុជាខណៈនៅសល់ ១៥២៣ នាក់មិនទាន់ត្រូវបានដោះស្រាយនៅឡើយដោយសារតែអត្រានៃមរណភាពអតីតយុទ្ធជនបាននិងកំពុងកើនឡើង។
លោក វង សូត បានថ្លែងថា៖ «ពីមុនមកបេឡាមរណសង្គ្រោះក្នុងលក្ខន្តិកៈគេដាក់ថា ៣៥ និយាយរាងពិបាកស្តាប់បន្តិចគឺកំណត់អ្នកងាប់ ៣៥ បើងាប់ប៉ុណ្ណឹងសមាគមយើងរ៉ាប់រងបានប៉ុន្តែជាក់ស្តែងមិនមែនប៉ុណ្ណឹងច្រើនជាងហ្នឹងឡើងដល់ ២ ដងដល់ ៧០ ឥឡូវមួយខែឡើងដល់ ១០០ ជាង»។
ទោះយ៉ាងនេះក្តីលោកបានបញ្ជាក់ថា៖ «សម្រាប់អ្នកដែលនៅសល់ជាង ១ ៥០០ នាក់និយាយឲ្យស្រួលស្តាប់ថាខាងសមាគមជំពាក់នោះគឺកំពុងបន្តដោះស្រាយជាបន្តបន្ទាប់ទៅតាមនីតិវិធីហើយយើងមិនបោះបង់នោះទេ»។
លោក ខុត សារ៉ាន អាយុ ៥៩ឆ្នាំ ជាអនុប្រធានសមាគមអតីតយុទ្ធជនស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថាដើម្បីដោះស្រាយនូវបញ្ហានេះសមាគមបានកំពុងពង្រីកនូវប្រាក់ភាគទានដើម្បីឈានដល់ការទ្រទ្រង់នូវគ្រួសារអតីតយុទ្ធជនដែលមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភ។
លោកថា៖ «សម្រាប់អតីតយុទ្ធជនដែលមិនមែនជាសមាជិកនៃសមាគមអតីតយុទ្ធជនកម្ពុជាគឺមិនត្រូវបានទទួលនូវប្រាក់ឧបត្ថម្ភសម្រាប់គ្រួសារនោះទេពោលប្រាក់ភាគទានរបស់សមាគមនឹងចំណាយតែលើសមាជិកនៃសមាគមតែប៉ុណ្ណោះ។
យោងរបាយការណ៍បូកសរុបលទ្ធផលការងារនៃសមាគមអតីតយុទ្ធជនកម្ពុជារយៈពេល ៥ ឆ្នាំ (២០១១-២០១៥) អានដោយលោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ចបានបង្ហាញថាក្នុងចំណោមសមាជិកជាអតីតយុទ្ធជន និងគ្រួសារសរុប ៧៥ ២៥៨ នាក់ក្នុងនោះប្រភេទនិវត្តជនមាន ២១ ៩០៧ នាក់ជនបាត់បង់សមត្ថភាពការងារ ១ ៨២៣ នាក់ជនពិការ ២៦ ១៩៤ នាក់គ្រួសារជនពលី ២១ ៩៥៣ នាក់គ្រួសារជនមរណៈចំនួន ៣ ១៩៩ នាក់ និងសមាជិកជាមន្ត្រីរាជការ ១៨២ នាក់។
បើយោងតាមលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជាបានឲ្យនិយមន័យអតីតយុទ្ធជនសំដៅដល់ជនទាំងឡាយណាដែលធ្លាប់បានបម្រើការងារក្នុងកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិហើយបានបញ្ចប់ការងាររបស់ខ្លួនត្រឹមត្រូវតាមច្បាប់រីឯគ្រួសារអតីតយុទ្ធជនសំដៅដល់ឪពុក ម្តាយ ឬអាណាព្យាបាល ប្រពន្ធ ឬប្តី និងកូនបង្កើតរបស់អតីតយុទ្ធជន៕