ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ ចំនួន ៣៥ គ្រឿង​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃទី ៧ ខែឧសភា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​ការប្រគល់​ទទួល​រថយន្ត​គិលានសង្គ្រោះ ៣៥ គ្រឿង​ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ឱ្យ​ភ្នំពេញ​ប៉ុស្ដិ៍​នា​ថ្ងៃនេះ​បាន​ឱ្យ​ដឹងថា ពិធី​ប្រគល់​ទទួល​ត្រូវបាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២១ នៅ​ឃ្លាំង​ឱសថ​កណ្តាល​នៃ​ក្រសួង​សុខាភិបាល ក្រោម​វត្តមាន​របស់​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល និង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូត​នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​បានឱ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត​គិលានសង្គ្រោះ​ចំនួន ៣៥ គ្រឿង​ជូន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ គឺជា​ផ្នែក​មួយ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​នៅលើ​សកលលោក។

សេចក្ដី​ប្រកាស​បញ្ជាក់ថា៖ «ជំនួយ​នេះ គឺ​ផ្អែកលើ​វិធានការណ៍​កិច្ចសហប្រតិបត្តិការ​ដែល​បាន​ដាក់ចេញ​ជាមួយ​បណ្តា​ប្រទេស អាស៊ាន​ដែល​ត្រូវបាន​ប្រកាស​ដោយ​លោក​អតីត​នាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក ៣ ពិសេស​កាលពី​ខែមេសា​ឆ្នាំមុន»។

បើតាម​សេចក្ដី​ប្រកាស​ដដែល គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការងារ​ជាច្រើន​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ១៩ លើ​កម្រិត​សកល។

ស្ថានទូត​ជប៉ុន​បានឱ្យដឹងថា រហូត​មកដល់​ពេលនេះ​ជា​ការឆ្លើយតប​នឹង​ការស្នើសុំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជប៉ុន​បាន​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​វេជ្ជសាស្ត្រ​ដូចជា​រថយន្ត​គិលានសង្គ្រោះ ឧបករណ៍​ត្រួតពិនិត្យ​កាំរស្មីអ៊ិច ឧបករណ៍​ធ្វើ​រោគវិនិច្ឆ័យ​អ៊ុលត្រាសោន ឧបករណ៍​ផលិត​អុកស៊ីហ្សែន និង​គ្រែ​សង្គ្រោះបន្ទាន់​ជូន​ដល់​កម្ពុជា។

ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បញ្ជាក់​ថា៖ «ប្រទេស​ជប៉ុន​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ផ្តល់នូវ​ឧបករណ៍​ចាំបាច់។ យើង​សង្ឃឹមថា​ការផ្គត់ផ្គង់​ទាំងនេះ​នឹង​អាចជួយ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្នែក​សុខាភិបាល​នៅ​កម្ពុជា ដែល​កំពុង​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​នឹង​ជំងឺ​កូវីដ១៩»៕