ភ្នំពេញៈរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសប្រឡងជ្រើសរើសក្របខ័ណ្ឌថ្មីនៃមន្ត្រីរាជការស៊ីវិលចំនួន ៥០០១ នាក់សម្រាប់ឆ្នាំ ២០១៥ នេះ ដើម្បីបំពេញចំនួនមន្ត្រីរាជការស៊ីវិល ដែលបាត់បង់ពីក្របខ័ណ្ឌនៃស្ថាប័នរដ្ឋចំនួន ២៩ ដោយសារការចូលនិវត្តន៍ ការលុបឈ្មោះចោល និងការបាត់បង់សម្បទាវិជ្ជាជីវៈ។
តាមលិខិតជូនដំណឹងដល់ថ្នាក់ដឹកនាំក្រសួង និងអង្គភាពរដ្ឋចុះថ្ងៃទី ៧ ខែមេសាឆ្នាំ ២០១៥ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈលោក ពេជ្រ ប៊ុនធិន បានឲ្យដឹងថា រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ ក្នុងការជ្រើសរើសក្របខ័ណ្ឌថ្មីមន្ត្រីរាជការស៊ីវិលសម្រាប់ផែនការឆ្នាំ ២០១៥ តាមចំនួនស្មើនឹងមន្ត្រីរាជការដែលបានបាត់បង់ ក្នុងឆ្នាំ ២០១៤ ដែលមានបុគ្គលិកចូលនិវត្តន៍របស់ស្ថាប័នរដ្ឋទាំងអស់ ៣៦៨២ នាក់ លុបឈ្មោះចោល ១១២៦ នាក់ និងបាត់បង់សម្បទាវិជ្ជាជីវៈ ៩៣ នាក់។ លោក ពេជ្រ ប៊ុនធិនបានឲ្យដឹងកាលពីម្សិលមិញថា ការជ្រើសរើសដ៏ច្រើននេះ គឺជាតម្រូវការដែលត្រូវបានសម្រេចតាមសេចក្តីរាយការណ៍របស់ស្ថាប័ននីមួយៗ។
លោកថ្លែងថា៖ «មន្ត្រីឈ្មោះខ្មោចក្នុងតួលេខលុបចេញហ្នឹងគេរកឃើញប៉ុន្មានគេលុបចេញក្រសួងនីមួយៗជាម្ចាស់ការគេរាយការណ៍មកប្រាប់ថាគេលុបចេញ អ្នកសុំឈប់ប៉ុន្មានស្លាប់ប៉ុន្មាន ហើយចូលនិវត្តន៍ប៉ុន្មានគេរាយការណ៍មក និងសុំជំនួសវិញ»។
ក្នុងសេចក្តីជូនដំណឹងនោះ ក្រសួងមួយចំនួនដែលត្រូវជ្រើសរើសក្របខ័ណ្ឌថ្មីមន្ត្រីរាជការច្រើនជាងគេ រួមមាន ក្រសួងអប់រំ ៣០១៥ នាក់ ក្រសួងវប្បធម៌ ១០៧ នាក់ ក្រសួងមហាផ្ទៃ ៤០០ នាក់ ក្រសួងកសិកម្ម ៣៧៧ នាក់ ក្រសួងសុខាភិបាល ៤៣៣ នាក់ និងក្រសួងសេដ្ឋកិច្ច ១៧៦ នាក់។
រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ថ្លែងថា ការជ្រើសរើសមន្ត្រីរាជការច្រើនជាងគេសម្រាប់ក្រសួងលោកគឺ ទី ១ ចំនួនសិស្សកើនឡើង ទី ២ គ្រូចូលនិវត្តន៍ និងទី ៣ ការផ្ទេរការងាររបស់មន្ត្រីនៃក្រសួងនេះទៅកាន់ក្រសួងផ្សេងៗទៀត ដែលមានសរុបជាង ៣០០០ នាក់ក្នុងឆ្នាំ ២០១៤ ។
លោកថា៖ «ក្រសួងអប់រំ ខុសពីក្រសួងផ្សេងៗ ដោយសារតែការជ្រើសរើសដល់ទៅ ៣០០០ នាក់នេះ ត្រូវបណ្តុះបណ្តាល ២ ឆ្នាំ ដែលអាចនាំឲ្យប៉ះពាល់ដល់ចំនួនគ្រូទៅថ្ងៃក្រោយហេតុ ដូចនេះ យើងទាមទារឲ្យមានការជជែកពិភាក្សាជាមួយរដ្ឋាភិបាលម្តងទៀត អត់ទាន់សម្រេចទេ»។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈបានតម្រូវឲ្យស្ថាប័នសាមី ចាត់ចែងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ឲ្យចូលបម្រើការងារដោយខ្លួនឯង តែត្រូវយកចិត្តទុកដាក់បេក្ខភាពជាជនពិការដែលមានសមត្ថភាពសមស្រប ២ ភាគរយនៃចំនួនក្របខ័ណ្ឌសរុប ហើយត្រូវមានបេក្ខនារីជាប់ជាស្ថាពរ ពី ២០ ទៅ ៥០ ភាគរយ។
លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី ៧ នៃរដ្ឋសភា ថ្លែងថា ការជ្រើសរើសនេះ គឺជាឱកាសល្អមួយដល់យុវជន និងជាការឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្រសួង និងស្ថាប័នរដ្ឋដែលខ្វះខាត ប៉ុន្តែលោកនៅតែព្រួយបារម្ភពាក់ព័ន្ធនឹងមន្ត្រីខ្មោច។
លោកថា៖ «វាពិបាកក្នុងការវាយតម្លៃថាការជ្រើសរើសច្រើនបែបនេះជាការចាំបាច់ ឬយ៉ាងណា? ព្រោះរហូតមកទល់ពេលនេះយើងមិនទាន់មានរបាយការណ៍ណាមួយ បង្ហាញពីតួលេខជាក់លាក់នៃមន្ត្រីដែលមានស្រាប់ក្នុងក្រសួង និងមន្ត្រីថ្មីដែលត្រូវការនោះទេ។ អ៊ីចឹងហើយយើងនឹងពិនិត្យលើបញ្ហានេះបន្ថែមទៀត»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា សង្ឃឹមថា ដំណើរការនៃការជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីនេះគប្បីមានការចូលរួមវាយតម្លៃល្អិតល្អន់ពីគណៈកម្មការដែលមានសមាសភាពចម្រុះដើម្បីបង្កើនការត្រួតពិនិត្យគ្នាទៅវិញទៅមក។
ចំណែក លោក កៅ ពឿន ប្រធានសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា យល់ឃើញថា មន្ត្រីរាជការស៊ីវិល មិនគួរត្រូវជ្រើសរើសបន្ថែម មានចំនួនច្រើនបែបនេះទេខណៈដែលស្ថានភាពជាក់ស្តែងបច្ចុប្បន្ន មន្ត្រីដែលមានស្រាប់មិនបានបំពេញការងារជាប់លាប់ឡើយ ដោយសារតែបញ្ហាប្រាក់បៀវត្សរ៍ទាបពេក។
លោកបានថ្លែងថា៖ «មន្ត្រីរាជការខ្លះ គ្រាន់តែដាក់ឈ្មោះចោលក្នុងក្រសួងតែរកការងារធ្វើក្រៅ។ ជម្រើសដ៏ល្អគឺត្រូវដំឡើងបៀវត្សរ៍មន្ត្រីរាជការចាស់ៗ ហើយពង្រឹងនូវសមត្ថភាពរបស់ពួកគាត់ជាមុនសិន ជាជាងការយកទៅដាក់ថែម តែមិនផ្តល់ប្រយោជន៍»៕