ភ្នំពេញៈ រដ្ឋាភិបាល​ដាក់ឱ្យ​ប្រើប្រាស់​នូវ​ «​ផែនការ​យុទ្ធសាស្ត្រ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១» ដើម្បី​ពន្លឿន​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ​ឡើង​ក្នុង​តំបន់​អាទិភាព​ខ្ពស់​ឱ្យបាន​គ្រប់គ្នា​។

យោងតាម​ឯកសារ​ផែនការ​យុទ្ធសាស្ត្រ​នេះ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ៦ ខែឧសភា​បានឱ្យដឹងថា ដើម្បី​សម្រេច​គោលដៅ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​នេះ នឹង​ត្រូវបាន​អនុវត្ត​អនុលោម​តាម​អភិក្រម​ «​ផ្ការីក​» ​ដោយ​ចាប់ផ្តើម​ពី​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ពី​ចំណុចកណ្តាល​នៃ​ប្រទេស​គឺ​ផ្តើមចេញពី​រាជធានី​ភ្នំពេញ​ និង​តំបន់​ទីប្រជុំជន​សំខាន់ៗ​ជុំវិញ​រាជធានី ហើយ​ពង្រីក​ជា​ជំហានៗ ទៅកាន់​តំបន់​ផ្សេងទៀត​តាម​លំដាប់លំដោយ​នៃ​ការធ្វើ​អាទិភាព​វូបនីយកម្ម​។

កម្ពុជា​នឹងត្រូវ​បាន​បែង​ចែកជា ៣ តំបន់ គឺ​តំបន់​អាទិភាព​ខ្ពស់ តំបន់​អាទិភាព​មធ្យម​ និង​តំបន់​អាទិភាព​ទាប​។

ឯកសារ​នេះ​បញ្ជាក់ថា​៖ «​អនុលោម​តាម​អភិក្រម ‘​ផ្ការីក​’ យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​អាទិភាព​ខ្ពស់ ត្រូវតែ​បញ្ចប់​ឱ្យបាន​នៅក្នុង​ឆ្នាំ ២០២១ កាន់តែ​ឆាប់ កាន់តែ​ប្រសើរ​»​។​

តំបន់​អាទិភាព​ខ្ពស់​ត្រូវបាន​កំណត់​យក​ក្រុង ស្រុក​ខណ្ឌ ចំនួន​ ៧០ នៅ​ទូទាំងប្រទេស ក្នុងនោះ​គ្របដណ្តប់​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​ទាំមូល និង​តំបន់​សក្តានុពល​សេដ្ឋកិច្ច​នៅក្នុង​ក្រុងព្រះសីហនុ​, ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ក្រុង​បាវិត​ខេត្តស្វាយរៀង ទី​រួម​ខេត្ត​ទាំងអស់នៃ​បណ្តា​ខេត្ត​នានា​ និង​បណ្តា​ស្រុក​សំខាន់ៗ​ដែល​ស្ថិតនៅ​ជុំវិញ​ខេត្តកណ្តាល​។

ឯកសារ​នេះ​បញ្ជាក់ថា ចំនួន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ​កំពុង​រស់នៅក្នុង​តំបន់​ទាំងនោះ សរុប​មាន ៤,៩ លាន​នាក់ ដែល​ស្មើនឹង ៤៨,៥៧ % នៃ​ប្រជាជន​ដែលមាន​អាយុ​លើសពី ១៨ ឆ្នាំ​ឡើងទៅ​នៅ​ទូទាំងប្រទេស​។

ឯកសារ​ដដែល​បញ្ជាក់​ថា​៖ «​ដូច្នេះ​ការចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ចាប់ពី​អាយុ ១៨ ឆ្នាំ​ឲ្យ​បាន​គ្រប់គ្នា នៅក្នុង​តំបន់​អាទិភាព​ខ្ពស់​នេះ នឹង​អាច​បង្កើតបាន​ជារួម​នូវ​ភាពស៊ាំ​សង្គម​សេដ្ឋកិច្ច​សម្រាប់​ទូទាំងប្រទេស​»​។​

តំបន់​អាទិភាព​មធ្យម​ត្រូវបាន​កំណត់​យក​ក្រុង​ស្រុក​ខណ្ឌ ចំនួន​ ៦៤ នៅ​ទូទាំងប្រទេស​។

ឯកសារ​ដដែល​លើកឡើងថា ចំនួន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ កំពុង​រស់នៅក្នុង​តំបន់ ទាំងនោះ សរុប​មាន ២,៨ លាន​នាក់​។

តំបន់​អាទិភាព​ទាប​ត្រូវបាន​កំណត់​យក​ក្រុង​ស្រុក​ខណ្ឌ​ចំនួន ៦៩ នៅ​ទូទាំងប្រទេស​។

បើតាម​ឯកសារ​នេះ​ចំនួន​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ កំពុង​រស់នៅក្នុង​តំបន់​ទាំងនោះ សរុប​មាន ២,៣ លាន​នាក់​។​

កម្ពុជា​រំពឹងថា នឹង​ទទួលបាន​វ៉ាក់សាំង​បន្ថែម ៧ ​លាន​ដូ​ស​ពី​ខែឧសភា​ដល់​ខែ​កក្កដា និង​ ២,៥ លាន​ដូស​ទៀត ពី​ខែសីហា​ដល់​ខែកញ្ញា​។

ឯកសារ​ដដែល​បន្ថែម​ថា​៖ «​វ៉ាក់សាំង​ដែល​រំពឹងថា នឹង​ទទួលបាន​នេះ​មាន​ចំនួន​គ្រប់គ្រាន់ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ នៅ​តំបន់​អាទិភាព​ខ្ពស់ សំដៅ​បង្កើត​ឲ្យ​បាន​នូវ​ភាពស៊ាំ​សង្គម​សេដ្ឋកិច្ច​នៅ​កម្ពុជា​នៅក្នុង​ឆ្នាំ ២០២១»​។​

លោក ​ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​មិនអាច​ទាក់ទង​ ដើម្បី​សុំ​ការបញ្ជាក់​បានទេ​នៅ​ថ្ងៃទី​ ៦ ខែឧសភា​នេះ​៕