The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ដោះ​លែង​ក្រុម​ស្លៀក​ខ្មៅ​ ដែល​គេ​ចោទ​ថា ​ក្រុម​​ធ្វើ​បដិវត្តន៍​ពណ៌

រដ្ឋាភិបាល​ដោះ​លែង​ក្រុម​ស្លៀក​ខ្មៅ​ ដែល​គេ​ចោទ​ថា ​ក្រុម​​ធ្វើ​បដិវត្តន៍​ពណ៌

ស្រ្តី​អ្នក​គាំទ្រ​សកម្មជន​ពាក់​អាវ​ខ្មៅ​ឱប​​​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​នគរបាល​ខណ្ឌ​ដង្កោ​​​ដោះលែង​កាលពី​ល្ងាចមិញ​។
ស្រ្តី​អ្នក​គាំទ្រ​សកម្មជន​ពាក់​អាវ​ខ្មៅ​ឱប​​​បុគ្គលិក​អង្គការ​ក្រៅ​រដ្ឋាភិបាល​បន្ទាប់ពី​នគរបាល​ខណ្ឌ​ដង្កោ​​​ដោះលែង​កាលពី​ល្ងាចមិញ​។ ផា លីណា

រដ្ឋាភិបាល​ដោះ​លែង​ក្រុម​ស្លៀក​ខ្មៅ​ ដែល​គេ​ចោទ​ថា ​ក្រុម​​ធ្វើ​បដិវត្តន៍​ពណ៌

ភ្នំពេញៈ នៅ​ទីបំផុត​រដ្ឋាភិបាល​បាន​​​សម្រេច​ធ្វើការ​ដោះលែង​បុគ្គលិក​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​​សកម្មជន​ដីធ្លី​ចំនួន ៨ ​រូប​​វិញ​នៅ​​ម៉ោង​​ប្រមាណ ៦ ល្ងាច​មិញ​បន្ទាប់​ពី​​ឃាត់​ខ្លួន​ចាប់​តាំងពី​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ជា​ចំណាត់ការ​ដែល​ត្រូវ​បាន​ក្រុម​​មន្ត្រី​​រដ្ឋាភិបាល​បកស្រាយ​ថា​ដើម្បី​ទប់ស្កាត់​បដិវត្តន៍​ពណ៌​បើ​ទោះបី​ជា​​យុទ្ធនាការ​នេះ​ត្រូវ​បាន​សង្គម​ស៊ីវិល​ពន្យល់​ថា​នោះ​គ្រាន់តែ​ជា​ការ​សម្តែង​មតិ​ធម្មតា​អហិង្សា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​​មន្ត្រី​សិទ្ធិ​មនុស្ស​ ៤ ​រូប ​និង​មន្ត្រី គជប ១ ​រូប​ដែល​ត្រូវ​បាន​​ចាប់​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក៏ដោយ​។

ជាមួយ​​គ្នា​នេះ​ដែរ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​តែ​រស់នៅ​និរទេស​ខ្លួន​ឯ​ក្រៅ​ប្រទេស​ក៏​បាន​ចូលរួម​ស្លៀកពាក់​ខ្មៅ​ផង​ដែរ​ហើយ​ថ្លែង​ថា​ការ​​ស្លៀកពាក់​ខ្មៅ​គឺ​បង្ហាញ​ពី​ស្ថានភាព​ខ្មៅ​ងងឹត​នៃ​សង្គម​បច្ចុប្បន្ន​ដែល​ចាប់​ឃុំ​ខ្លួន​មនុស្ស​ទាំង​អយុត្តិធម៌។

ប្រធាន​បចេ្ចកទេស​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត បាន​ថ្លែង​ថា​មន្ត្រី​សិទ្ធិ​មនុស្ស និង​សកម្មជន​ទាំងអស់​ត្រូវ​បាន​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​នៅ​មុន​ម៉ោង​ ៧ ​យប់​មិញ​។ ប៉ុន្តែ​​លោក អំ សំអាត បាន​ថ្លែង​ថា​ចំណាត់ការ​របស់​រដ្ឋាភិបាល​នា​ពេល​នេះ​គឺជា​ការ​​រឹតត្បិត​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ​ដែល​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​។

លោក​ថា៖«ខ្ញុំ​គិត​ថា​បើ​រដ្ឋាភិបាល​ភ័យ​​នឹង​ស្រមោល​ខ្លួនឯង​ហើយ​ចាត់​វិធានការ​បែប​នេះ​គឺ​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​កាន់​តែ​តានតឹង និង​​ស្ថានភាព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​អ៊ីចឹង​ធ្វើ​ឱ្យ​ម្ចាស់​ជំនួយ​នឹង​ពិចារណា​​ហើយ​ច្បាស់​​ជា​គេ​រិះគន់​ជា​បន្ត​​បន្ទាប់​មក​លើ​​រដ្ឋាភិបាល​កម្ពុជា​យើង»។

បើ​តាម​លោក​ អំ សំអាត សង្គម​ស៊ីវិល​នឹង​​នៅ​តែ​បន្ត​​ស្លៀកពាក់​ខ្មៅ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ក្រោយៗ​ទៀត​រហូត​ទាល់​តែ​​មន្ត្រី​សិទ្ធិ​មនុស្ស ៤ រូប និង​មន្ត្រី​ គជប ម្នាក់​ត្រូវ​បាន​ដោះលែង​ដោយ​លោក​​អះអាង​ថា​ការ​ធ្វើ​បែប​នេះ​​មិនមែន​ជា​ការ​ប្រឆាំង​រដ្ឋាភិបាល ឬ​ធ្វើ​បដិវត្តន៍​អ្វី​នោះ​ទេ​គ្រាន់​តែ​ជា​ការ​​​កាន់​ទុក្ខ​ខណៈ​ដែល​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​បាន​ធ្លាក់​ចុះ។

អភិបាលរង​រាជធានី​ភ្នំពេញ​លោក ឃួង ស្រេង បាន​ថ្លែង​ថា​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​គឺ​ដើម្បី​ «ទប់ស្កាត់​អ្នក​មិន​គោរព​ច្បាប់ និង​ពួក​អនាធិបតេយ្យ​ដែល​បម្រុង​​ធ្វើ​បដិវត្តន៍​ពណ៌​គឺ​ពួក​អនាធិបតេយ្យ​ហើយ​ការ​ធ្វើ​នេះ​​ដើម្បី​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​មិន​អាច​ឱ្យ​ជន​ណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ ឬ​ធ្វើ​បដិវត្តន៍​នៅ​ប្រទេស​កម្ពុជា​បាន​ទេ​នេះ​ជា​ចំណុច​សំខាន់»​។

បន្ទាប់​ពី​មាន​ការ​ឃាត់​ខ្លួន​បុគ្គលិក​សិទ្ធិ​មនុស្ស​​ចំនួន ៨ ​​នាក់​កាលពី​ម៉ោង​ប្រមាណ​ជា​ជាង ៨ ព្រឹក​ម្សិលមិញ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​សរសេរ​​របាយការណ៍​ស្តីពី​វិធានការ​ទប់ស្កាត់ «យុទ្ធនាការ​ស្លៀកពាក់​ខ្មៅ» របស់​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជូន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោយ​បាន​ប្រាប់​ពី​ស្ថានការណ៍​ជុំវិញ​ករណី​នេះ និង​បាន​ណែនាំ​អ្នក​ឃាត់​ខ្លួន​ឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​​ស្លៀកពាក់​ខ្មៅ​នេះ។

លិខិត​បន្ត​ថា​ «នា​​ព្រឹក​ថ្ងៃ​ទី ៩ យើង​បាន​ពង្រាយ​​កម្លាំង​ដើម្បី​រៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់​តាម​ច្រក​ចូល​រាជធានី និង​ច្រកចូល​ពន្ធនាគារ​ព្រៃស​ដើម្បី​ឲ្យ​ក្រុម​អ្នក​តវ៉ា​រំសាយ​ក្នុង​នោះ​យើង​បាន​ឃាត់​ខ្លួន​មេខ្លោង និង​អ្នក​រឹងរូស​ចំនួន ៦ នាក់​រួមមាន លោក អ៊ី សារុំ ប្រធាន​​សមាគម​ធាង​ត្នោត​លោក ថាវ គឹមសាន អនុប្រធាន​​​អង្គការ​លីកាដូ អ្នកស្រី ស សន សកម្មជន​បុរី​កីឡា កញ្ញា សង់ ស្រីលាភ សកម្មជន​បឹងកក់ អ្នកស្រី គង់ ចន្ថា សកម្មជន បឹងកក់ អ្នកស្រី ប៉ូវ សោភា សកម្មជន​បឹងកក់»។

លិខិត​បន្ត​ថា​៖ ​«​ចំពោះ​​ការ​ឃាត់​ខ្លួន​អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា​ណែនាំ​ឱ្យ​ធ្វើការ​សាកសួរ​ធ្វើ​កំណត់​ហេតុ​ដើម្បី​អប់រំ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​សកម្មភាព​ទាំង​នេះ និង​រក្សា​ទុកជា​ឯកសារ​សម្រាប់​បម្រើ​ផ្លូវ​ច្បាប់​​ទៅ​​ថ្ងៃ​ក្រោយ​។ ក្រោយពី​​ចាត់​វិធានការ​នៅ​វេលា​ម៉ោង ១០ ព្រឹក​ពិនិត្យ​ឃើញ​ថា​សភាព​ការណ៍​មាន​សភាព​ស្ងប់ស្ងាត់»។

ក្រុម​សង្គម​ស៊ីវិល​ក្រោយ​ពេល​ដោះលែង​កាលពី​ព្រលប់​ថ្ងៃ​ម្សិលមិញ។
ក្រុម​សង្គម​ស៊ីវិល​ក្រោយ​ពេល​ដោះលែង​កាលពី​ព្រលប់​ថ្ងៃ​ម្សិលមិញ។ ផា លីណា

ចំណែក​មន្ត្រី​សិទ្ធិ​មនុស្ស​ជនជាតិ​បរទេស​ពីរ​រូប​នៃ​អង្គការ​លីកាដូ​រួម​មាន​លោក Mathia និង​ឈ្មោះ Ana ភេទ​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​វេលា​ម៉ោង ១១ ព្រឹក​នៅ​មុខ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ខណៈ​ពួកគេ​ឈរ​​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិ​មនុស្ស​ហើយ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​។

ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​លោក អ៊ុក ហៃសីលា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ជនបរទេស​ពីរ​នាក់​នោះ​ត្រូវ​បាន​​សមត្ថកិច្ច​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​មុន​ម៉ោង ៦ ល្ងាច។

លោក​ថា​៖ «​សមត្ថកិច្ច​បញ្ជូន​ពួកគាត់​មក​ដោយសារ​គាត់​អត់​មាន​លិខិត​ឆ្លង​ដែន​តែ​គាត់​ថា​លិខិត​ឆ្លង​ដែន​នៅ​សណ្ឋាគារ​បន្ទាប់ពី ២ ម៉ោង​ក្រោយ​មក​គេ​យក​លិខិត​ឆ្លងដែន​មក​ហើយ​​បង្ហាញ​កាត​ថា​ធ្វើការ​នៅ​អង្គការ​លីកាដូ​បន្ទាប់​មក​យើង​ធ្វើការ​សាកសួរ​បន្ត​ទៀត​​ហើយ​គាត់​មាន​ទិដ្ឋការ​ត្រឹមត្រូវ​ទេ​ហើយ​យើង​ធ្វើ​កំណត់​ហេតុ​បញ្ចប់​នឹង​ឱ្យ​គាត់​ទៅ​វិញ​មុន​ម៉ោង ៦»។

លោក​បន្ត​ថា៖ «​យើង​ក៏​បាន​សាកសួរ​គាត់​​ពី​មូលហេតុ​ពាក់​អាវ​ខ្មៅ​តែ​ជនបរទេស​ទាំង​ពីរ​នាក់​ឆ្លើយ​ថា​គាត់​ចង់​បង្ហាញ​ការ​គាំទ្រ​ដល់​សង្គម​ស៊ីវិល​ហើយ​មិន​មាន​ចេតនា​បង្ក​បញ្ហា​ដល់​សង្គម​ទេ​»​។

ជាមួយ​គ្នា​នេះ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ដែល​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សម្តែង​ការ​គាំទ្រ​យុទ្ធនាការ​ស្លៀក​ខ្មៅ​រៀងរាល់​ថ្ងៃ​ចន្ទ​ដោយ​លោក​បាន​បាន​ពាក់​អាវខ្មៅ ខោខ្មៅ នាឡិកា​ខ្មៅ និង​វ៉ែនតា​ខ្មៅ។

ក្នុង​វីដេអូ​មាន​រយៈពេល​ជាង ១ នាទី​លោក សម រង្ស៊ី ថ្លែង​ថា៖ «ខ្ញុំ សម រង្ស៊ី សូម​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ដើម្បី​សម្តែង​សាមគ្គីភាព​ជាមួយ​បងប្អូន​ជន​រួមជាតិ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បាន​ចាប់​យក​ទៅ​ឃុំ​ខ្លួន​យ៉ាង​អយុត្តិធម៌»។

លោក​ថា​៖«ពណ៌​ខ្មៅ​ជា​និមិត្តរូប​នៃ​ភាព​ខ្មៅ​ងងឹត ឧបទ្រព ការ​រំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​ការ​ធ្វើ​បាប​​ប្រជារាស្ត្រ​ដូច្នេះ​យើង​ត្រូវ​រួម​កម្លាំង​គ្នា​ដើម្បី​បញ្ចប់​ភាព​ខ្មៅ​ងងឹត​បញ្ចប់​អំណាច​ផ្តាច់ការ​ដើម្បី​នាំ​មក​សិទ្ធិ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​»។

ប៉ុន្តែ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​បាន​ប្រដូច​យុទ្ធនាការ​ពណ៌​ខ្មៅ​ដែល​បង្កើត​ឡើង​ដោយ​សង្គម​ស៊ីវិល​​ និង​ចូលរួម​ដោយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា​ជា​គោលបំណង​នំា​មក​នូវ​បដិវត្ត​ពណ៌​។ ​លោក​​​ថ្លែង​ថា​៖ «​​វា​តំណាង​ឲ្យ​ ប៉ុល ពត ​ដែល​ស្លៀកពាក់​ពណ៌​ខ្មៅ​។ គាត់​​ចង់​នាំ​ប្រទេស​ទៅ​រក​សង្គ្រាម​​​ដែល​បាន​​កើតឡើង​​ពី​អតីតកាល​រួច​មក​ហើយ​​»។ ​

លោក​ក៏​បាន​ថ្លែង​ការពារ​វិធានការ​​ប្រឆាំង​នឹង​​យុទ្ធនាការ​​ពណ៌​ខ្មៅ​​របស់​អាជ្ញាធរ​ផង​ដែរ​ដោយ​ថ្លែង​ថា​វិធានការ​របស់​អាជ្ញាធរ​គឺ​ស្រប​ច្បាប់​។

កាល​ម្សិលមិញ​សមត្ថកិច្ច​បាន​ដាក់​​ប៉ុស្តិ៍​ឆែកឆេរ​យ៉ាង​តិច ១០ កន្លែង​នៅ​លើ​ផ្លូវ​​ឆ្ពោះ​ទៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​ឆែកឆេរ និង​សួរ​នាំ​អ្នក​​ស្លៀកពាក់​ខ្មៅ។ បើ​ទោះបី​ជា​មន្ត្រី​សង្គម​ស៊ីវិល​បាន​ព្យាយាម​ទៅ​ពន្ធនាគារ​ព្រៃស​ដើម្បី​សម្តែង​មតិ និង​ទាមទារ​ឱ្យ​ដោះលែង​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី គជប ក្តី តែ​​ពួកគេ​ត្រូវ​បរាជ័យ​ខណៈ​ប៉ូលិស​រាប់រយ​នាក់​បាន​ស្ទាក់​ពួកគេ​នៅ​តាម​ផ្លូវ​នានា៕ PS

រាយការណ៍​បន្ថែម​ដោយ​ មាស សុខជា

អត្ថបទគួរចាប់អារម្មណ៍