ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្រេច​ដំឡើង​ប្រាក់កម្រៃ​ប្រចាំខែ​ជូន​មន្ត្រី​ជាប់កិច្ចសន្យា​ដែល​ធ្វើការងារ​នៅក្នុង​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​នៅ​ឆ្នាំ ២០២០ ​ខាង​មុខ​នេះ​ពី ៦៥ ​ម៉ឺន​ (១៦២ ដុល្លារ​) ដល់ ៦៧ ​ម៉ឺន​រៀល (១៦៧​ ដុល្លារ​)​ ​គឺ​កើនឡើង​ ២ ​ម៉ឺន​រៀល​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ​មករា​។

អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ៤ ​ខែ ​ធ្នូ​ ឆ្នាំ​ ២០១៩ ​បញ្ជាក់​ថា​៖ «​ការដំឡើង​ប្រាក់កម្រៃ​ដូច​មាន​កំណត់​ក្នុង​មាត្រា​ ១ ​ខាងលើ​ត្រូវ​អនុវត្ត​ចំពោះ​មន្ត្រី​ជាប់​កិច្ចសន្យា​ដែល​បម្រើ​ការងារ​នៅ​តាម​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ អនុលោម​តាម​បទប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​លេខ​ ២៦ អនក្រ.បក​ចុះ​ថ្ងៃទី​ ១០ ​ខែ ​កុម្ភៈ​ ឆ្នាំ​ ២០១៦ ​ស្តីពី​ការគ្រប់គ្រង និង​ប្រើប្រាស់​មន្ត្រី​ជាប់កិច្ចសន្យា​»​។

លោក យក់ ប៊ុនណា អ្នកនាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​​ ៥ ​ខែ​ធ្នូ​ ថា ការដំឡើង​ប្រាក់កម្រៃ​នេះ​គឺជា​ការអនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការលើកកម្ពស់​ជីវភាព​របស់​មន្ត្រីរាជការ​ក៏ដូចជា​មន្ត្រី​កិច្ចសន្យា​។ ការដំឡើង​នេះ​ដូចជា​ការទប់ទល់​នឹង​អតិផរណា​ផងដែរ​។

លោក យក់ ប៊ុនណា ថ្លែង​ថា​៖ «​រដ្ឋាភិបាល​អាច​មាន​លទ្ធភាព​ដោះស្រាយ​ក្នុង​កម្រិត​មួយ អ៊ីចឹង​យើង​ផ្តល់​ការគាំទ្រ​បន្ថែម​ដល់​មន្ត្រីរាជការ មន្ត្រី​កិច្ចសន្យា ហើយ​យើង​ឃើញ​នៅក្នុង​ ១ ​ឆ្នាំៗ​វា​អាច​មាន​អតិផរណា​ ៣ ​ភាគរយ​អ៊ីចឹង​»​។

លោក ប៊ុនណា ថ្លែងថា​ក្រៅពី​ប្រាក់បៀវត្សរ៍​មន្ត្រី​ជាប់​កិច្ចសន្យា​ទទួលបាន​អត្ថប្រយោជន៍​ពីរបប​គាំពារ​សង្គម​ទាក់ទង​នឹង​ការពិនិត្យ​ព្យាបាល​ជំងឺ​ដូច​មន្ត្រីរាជការ​ផងដែរ​។ បើ​តាម​លោក ប៊ុនណា បច្ចុប្បន្ន មន្ត្រី​ជាប់​កិច្ចសន្យា​មាន​ចំនួន​ជាង ២ ​ម៉ឺន​នាក់​។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ថ្លែងថា មន្ត្រី​ជាប់កិច្ចសន្យា​ភាគច្រើន​មាន​មូលដ្ឋាន​នៅ​តំបន់​ដាច់​ស្រយាល​នៅតាម​ខេត្ត​។ បើ​និយាយ​ពី​ប្រាក់ខែ​របស់​អ្នក​ធ្វើការ​ដែល​រួមមាន អ្នក​ធ្វើការ​រាជការ និង​អ្នកធ្វើ​ការងារ​ផ្សេងៗ​ទៀត គេ​តែងតែ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​។ ភាពគ្រប់គ្រាន់ ឬ​ភាព​អាច​ទប់ទល់​បាន​នេះ​គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព​តម្លៃ​ទំនិញ​នៅ​ទីផ្សារ​។

លោក សន ជ័យ ថ្លែង​ថា​៖ «​យើង​ទទួលស្គាល់​ថា ទំនិញ​នៅ​លើ​ទីផ្សារ វា​ជា​ការអនុវត្ត​នូវ​ទីផ្សារសេរី​ ប៉ុន្តែ​យើង​នៅតែ​ចង់ឱ្យ​មាន​តុល្យភាព​គ្នា​ជាមួយ​នឹង​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​ដែរ​។ បើ​និយាយ​ពី​គ្រប់​ហ្នឹង គឺ​ពិបាក​រក​សូចនាករ​មក​វាស់ ក៏​ប៉ុន្តែ​ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​ដែល​អាច​រួមចំណែក​ទៅដល់​ការកាត់បន្ថយ​ការចំណាយ​គឺ​ការគិតគូរ​ទៅលើ​ទំនិញ​នៅលើ​ទីផ្សារ​ដើម្បី​ឱ្យ​ទំនិញ​ហ្នឹង​វា​មាន​លក្ខណៈ​ស្រប​ជាមួយ​នឹង​ចំណូល​របស់​ប្រជាពលរដ្ឋ​»​។

ក្នុង​ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​បាន​ដំឡើង​ប្រាក់កម្រៃ​របស់​មន្ត្រី​ជាប់កិច្ចសន្យា​ពី ៦០ ​ម៉ឺន​រៀល​ (១៥០ ​ដុល្លារ​) ដល់ ៦៥ ម៉ឺន​រៀល (១៦២ ​ដុល្លារ​)​។ ឆ្នាំ​ ២០១៨ ដំឡើង​ពី​ ៥០ ​ម៉ឺន​រៀល​ (១២៥ ​ដុល្លារ​) ​ដល់​ ៦០​ ម៉ឺន​រៀល (១៥០ ​ដុល្លារ​) ចំណែកឯ​ឆ្នាំ​ ២០១៧ ដំឡើង​ពី​ ៤០ ​ម៉ឺន​រៀល (១០០ ​ដុល្លារ​) ដល់ ៥០ ​ម៉ឺន​រៀល (១២៥ ​ដុល្លារ​)​។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​តាម​បណ្តា​ឆ្នាំ​ទាំងនេះ​។

កាលពី​ថ្ងៃទី​ ៤ ខែ​ធ្នូ​នេះ​ដែរ​ លោក ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ​ដំឡើង​តម្លៃ​ឯកតា​នៃ​សន្ទស្សន៍​បៀវត្សរ៍​មូលដ្ឋាន​ពី ២ ៣៤០ រៀល (០.៥៨ ​ដុល្លារ​) ទៅ ២៥០០ ​រៀល​ (០,៦២ ​ដុល្លារ​) ក្នុង​ ១ ​សន្ទស្សន៍​ដោយ​ត្រូវអនុវត្ត​ចាប់ពី​ថ្ងៃទី​ ១ ខែ​ មករា ឆ្នាំ​ ២០២០ តទៅ​៕