ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញសេចក្ដីណែនាំស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិដែលត្រូវចុះបំពេញបេសកកម្មនៅតាមមូលដ្ឋាន រាជធានី-ខេត្ត ក្នុងការជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី ៤ ដោយក្រុមការងារនេះពុំមានសិទ្ធិអំណាច ចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ។
នៅក្នុងសេចក្ដីណែនាំចេញផ្សាយនៅថ្ងៃទី ១១ ខែ មីនា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្នុងការរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា។
សេចក្ដីណែនាំបន្តថា នៅក្នុងតួនាទី និងភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិ គឺមានតួនាទីលើកកម្ពស់ការដឹកនាំ សម្របសម្រួល និងគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្ដល់សេវា ការអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប៉ុន្តែមិនមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួង និងស្ថាប័ននានាឡើយ ហើយក៏ពុំអាចចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរមានសមត្ថកិច្ចនានានោះដែរ។
ប៉ុន្តែក្រុមការងារថ្នាក់ជាតិអាចជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារ ស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ដែលបានកំណត់ ហើយក្នុងករណីមានបញ្ហាប្រឈមដែលមិនអាចដោះស្រាយបានក្រុមការងារថ្នាក់ជាតិ ត្រូវជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងនោះធ្វើការដោះស្រាយ និងធ្វើការតាមដានត្រួតពិនិត្យអំពីលទ្ធផល ដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។
សេចក្ដីណែនាំបន្ថែមថា ភារកិច្ចសំខាន់ៗរបស់មន្ត្រីថ្នាក់ជាតិចុះទៅពង្រឹងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ មានដូចជា សហការជំរុញ និងលើកកម្ពស់គណនេយ្យភាពរបស់ក្រសួង ស្ថាប័ន និងអាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាព។
សហការរៀបចំវេទិកាសាធារណៈនៅមូលដ្ឋាន ផ្ដោតលើការយកចិត្តទុកដាក់ អំពីស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ តាមគ្រួសារ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ព្រមទាំងយកចិត្តទុកដាក់ ជំរុញការដោះស្រាយនូវរាល់កង្វល់ សំណូមពរ និងសំណើទាំងនោះ ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ហើយក្នុងករណីមិនអាចដោះស្រាយបាន ក្រុមការងារថ្នាក់ជាតិ ត្រូវបូកសរុប និងធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាល។
បន្ថែមពីនេះ គឺសហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងកៀរគរធនធានពីប្រភពនានា ដើម្បីចូលរួមក្នុងការដោះស្រាយជីវភាពប្រជាពលរដ្ឋ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន។
ចំណែកការរៀបចំក្រុមការងារ របៀបរបបការងារ និងការចាត់តាំងអនុវត្ត គឺរដ្ឋមន្ត្រីក្រសួង ស្ថាប័ននានា ត្រូវចាត់តាំងមន្ត្រីចាប់ពីថ្នាក់អគ្គនាយករងឡើង ធ្វើជាតំណាងក្រសួងស្ថាប័ន ដើម្បីបំពេញរចនាសម្ព័ន្ធ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី និងខេត្ត។
ក្រុមការងារថ្នាក់ជាតិនិងគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការរៀបចំបែងចែក និងបំពេញបន្ថែមសមាសភាព ដើម្បីចុះបេសកកម្មតាមក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់តាមចាំបាច់ ហើយរាជធានីខេត្តត្រូវបង្កើតលេខាធិការដ្ឋាន ដោយជ្រើសរើសមន្ត្រីមានសមត្ថភាព ពីសាលារាជធានី ខេត្ត និងមន្ទីរនានា ដើម្បីជាជំនួសការដល់ក្រុមការងារថ្នាក់ជាតិ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ភ្នំពេញប៉ុស្ដិ៍បន្ថែមពីម្សិលមិញថា ក្រុមការងារថ្នាក់ជាតិ ដែលអាចចុះទៅឃ្លាំមើលនិងសម្របសម្រួលពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញឱ្យការអនុវត្តយុទ្ធសាស្ដ្រចតុកោណដែលជាគោលនយោបាយថ្នាក់ជាតិ និងការផ្ដល់សេវាបម្រើប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព គឺជាមន្ត្រីដែលមានតួនាទីចាប់ពីអគ្គនាយករងឡើង ហើយពួកគេគ្មានសិទ្ធិបង្គាប់បញ្ជាមន្ត្រីថ្នាក់ក្រោមជាតិនោះទេ ប៉ុន្តែអាចសរសេររបាយការណ៍អំពីភាពមិនប្រក្រតី និងភាពខ្វះចន្លោះ ការអនុវត្តគោលនយោបាយនៅថ្នាក់ក្រោមជាតិ ដើម្បីរាយការណ៍មកលោក ស ខេង ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ។
លោកថា៖ «ទី១ យើង (ក្រុមមន្ត្រីថ្នាក់ជាតិ) ត្រូវខំសម្របសម្រួល ធ្វើឱ្យការអនុវត្តនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព ទាំងពីល្បឿននៃការងារ ទាំងការផ្ដល់សេវាកម្មឱ្យបានប្រសើរដល់មហាជនរបស់យើង អានេះគឺមានសារៈសំខាន់ណាស់ ហើយកន្លងមក មានការងារខ្លះ ដែលក្រុមថ្នាក់ជាតិចុះទៅហ្នឹង ហាក់ធ្វើឱ្យថ្នាក់មូលដ្ឋានហ្នឹងនៅស្ងៀមមិនធ្វើការងាររបស់ខ្លួន ហើយបែរជាមានការច្រឡំអំពីការទទួលខុសត្រូវ រវាងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ ជាទូទៅ យើងត្រូវគោរពថ្នាក់មូលដ្ឋាន យើងគ្រាន់តែសម្របសម្រួលនូវការងារមូលដ្ឋាន ហើយអត់មានសិទ្ធិសម្រេចជំនួសគេទេ»។
តែយ៉ាងណាក្តី លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការចុះរបស់មន្រ្តីថ្នាក់លើដើម្បីត្រួតពិនិត្យការងាររបស់មន្រ្តីថ្នាក់ក្រោម គឺជារឿងមួយ មិនអាចចៀសផុតបានឡើយ ប៉ុន្តែលោកយល់ឃើញថា ដើម្បីឱ្យមន្រ្តីថ្នាក់ក្រោមជាតិ ធ្វើការងារនៅមូលដ្ឋានកាន់តែល្អប្រសើរ គឺមន្រ្តីថ្នាក់ក្រោមជាតិគួរទទួលបានការគាំទ្រផ្នែកបច្ចេកទេសតាមរយៈការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពបន្ថែមពីមន្រ្តីថ្នាក់ជាតិ ហើយមិនគួរទទួលបានការស្ដីបន្ទោសនោះឡើយ។
លោកបញ្ជាក់ថា៖ «នៅពេលពង្រឹងសមត្ថភាពថ្នាក់ក្រោមហើយ គឺថ្នាក់ជាតិត្រូវប្ដេជ្ញាថា នឹងបែងចែងធនធាន (ថវិកា) ដើម្បីឱ្យថ្នាក់ក្រោម ក្រោយពីពួកគេបានរៀនសូត្រ ហើយអាចអនុវត្តការងារបាន របៀបនេះ ស្ថិតក្នុងប្រព័ន្ធមួយដែលគេហៅថា ជួយគ្នាទៅវិញទៅមក ដែលកន្លងទៅ មានការរិះគន់ច្រើនដែរ ហើយ (ថ្នាក់ជាតិ) ចុះទៅចាំតែចាប់កំហុស (មន្ត្រីថ្នាក់ក្រោមជាតិ)៕