ភ្នំពេញៈ រាជរដ្ឋាភិបាល​សម្រេច​តែងតាំង​សមាសភាព​ថ្មី​នៃ​គណៈកម្មាធិការជាតិ​ដោះស្រាយ​បញ្ហា​ជនអនាថា ដែល​មាន​លោក វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ជា​ប្រធាន និង​មាន​មន្ត្រី​រដ្ឋាភិបាល​ចំនួន​ ១៥ រូប រួមទាំង​អភិបាល​រាជធានី-ខេត្ត​ទូទាំង​ប្រទេស​ជា​សមាជិក​។

សេចក្តី​សម្រេច​របស់​រាជរដ្ឋាភិបាល​ចុះ​ថ្ងៃទី​ ១៧ ​វិច្ឆិកា ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទើប​ទទួល​បាន​ពី​ម្សិលមិញ​បាន​ឱ្យដឹងថា សមាសភាព​មន្ត្រី​រដ្ឋាភិបាល​ដែលជា​សមាជិក​ក្នុង​គណៈកម្មាធិការ​ជាតិដោះស្រាយ​បញ្ហា​ជនអនាថា​នេះ​គឺ​មកពី​បណ្តា​ក្រសួង​ពាក់ព័ន្ធ​ដូចជា​ក្រសួង​មហាផ្ទៃ ក្រសួង​ទេសចរណ៍ ក្រសួង​សេដ្ឋកិច្ច ក្រសួង​សុខាភិបាល ក្រសួង​ការបរទេស និង​ក្រសួង​អប់រំ យុវជន និង​កីឡា​ជាដើម​។

ក្រៅពី​ប្រកាស​សមាសភាព​ទាំងនេះ រាជរដ្ឋាភិបាល​ក៏​បាន​សម្រេច​មោឃភាព​សេចក្តី​សម្រេច និង​បទប្បញ្ញត្តិ​ទាំងឡាយ​ដែល​ផ្ទុយ​នឹង​សេចក្តីសម្រេច​ថ្មី​នេះ​ផងដែរ ខណៈ​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​មន្ត្រី​ដែលមាន​ឈ្មោះ​ក្នុង​សេចក្តី​សម្រេច​ត្រូវ​អនុវត្ត​តួនាទី​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​។

លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​បាន​ឱ្យ​ ភ្នំពេញ ​ប៉ុស្តិ៍​ ដឹង​ពីថ្ងៃ​អាទិត្យ​ថា ការសម្រេច​ប្រកាស​សមាសភាព​ថ្មី​នេះ គឺ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​នៃ​សមាជិក​គណៈកម្មាធិការ​ចាស់​ដែល​បាន​ផ្លាស់ប្តូរ​តួនាទី និង​ភារកិច្ច​ថ្មី ដែល​មិន​សមស្រប​នឹង​ស្ថានភាព​បច្ចុប្បន្ន​។ លោក បន្ត​ថា​បន្ទាប់ពី​សមាសភាព​ថ្មី ត្រូវបាន​តែងតាំង​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នឹង​មាន​ការបើក​កិច្ចប្រជុំ​មួយ ដើម្បី​អនុវត្ត​សកម្មភាព​បន្ត និង​ដាក់​ទិសដៅ​ថ្មី​ក្នុង​ការដោះស្រាយ​បញ្ហា​ជនអនាថា​នៅ​ទូទាំង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ខាងមុខ​នេះ យើង​នឹង​ប្រជុំ​គណៈកម្មាធិការ ដើម្បី​ជួបជុំ​សមាសភាព​ថ្មី​ហើយ​ពេល​ប្រជុំ​នេះ យើង​នឹង​មាន​យុទ្ធសាស្ត្រ​បន្ត​។ ក្នុង​ចុងខែ​វិច្ឆិកា​នេះ យើង​ក៏​នឹង​ធ្វើ​ជំរឿន​ជនអនាថា បាន​ន័យ​ថា យើង​កំណត់​ឱ្យ​គ្រប់​ខេត្ត ធ្វើ​ជំរឿន​ដូចគ្នា ដើម្បី​ចង់​ដឹង​ថា ទូទាំង​ប្រទេស​មាន​ជនអនាថា ប៉ុន្មាន​នាក់​? ហើយ​នៅពេល​បាន​ទិន្នន័យ​នេះ​ហើយ យើង​នឹងត្រូវ​ដោះស្រាយ​យ៉ាងម៉េច​»​។

គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​បញ្ហា​ជនអនាថា ត្រូវ​បាន​រដ្ឋាភិបាល សម្រេច​បង្កើតឡើង​តាំងពី​ឆ្នាំ ២០០៥ ដែល​លោក តូច ចាន់នី បាន​ឱ្យ​ដឹងថា គណៈកម្មាធិការ​នេះ​បាន​ធ្វើការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជនអនាថា ដោយ​មាន​ការស្រាវជ្រាវ​ផ្តល់​ការគាំទ្រ​ផ្សេងៗ និង​បញ្ជូន​ជនអនាថា​ឱ្យ​ត្រឡប់​ទៅរក​ស្ថានភាព​ក្នុង​សហគមន៍​វិញ​។

លោក​បញ្ជាក់ថា​៖ «​អាជ្ញាធរ​គ្រប់គ្រង​ជនអនាថា​បាន​ល្អ​ប្រសើរ​ក្នុង​អំឡុងពេល​នេះ​គឺ​ចំនួន​ជនអនាថា​មិន​មាន​ការកើនឡើង​ឡើយ​។ ស្របពេល​ដែល​មាន​បញ្ហា​កូវីដ ​១៩ រដ្ឋាភិបាល​បាន​ផ្អាក​រៀបចំ​ពិធីបុណ្យ​ធំៗ​ជាច្រើន​ដែល​ជា​ហេតុ​មិន​នាំឱ្យ​ជនអនាថា​មិនមាន​ការកើនឡើង​នោះទេ​។ ម្យ៉ាងទៀត​ជនអនាថា ភាគច្រើន​គឺ​មាន​បណ្ណ​ក្រីក្រ ដែល​ពួកគាត់​បាន​អត្ថប្រយោជន៍​ពី​រាជរដ្ឋាភិបាល​ដែល​កំពុង​អនុវត្ត​គោលនយោបាយ​ចែក​ប្រាក់​ឧបត្ថម្ភ​ដល់​ជនក្រីក្រ​»​។

តាម​ការវាយតម្លៃ​ចុងក្រោយ​របស់​ក្រសួង​សង្គមកិច្ច ជនអនាថា​នៅ​ទូទាំង​ប្រទេស​មាន​ជាង ៣ ០០០ ​នាក់ ខណៈ​នៅ​រាជធានី​ភ្នំពេញ​មាន​ជាង ៤០០ ​នាក់ ហើយ​ពួកគេ​ទាំងនោះ​ភាគច្រើន​កំពុង​រស់នៅក្នុង​មណ្ឌល​សង្គមកិច្ច និង​មណ្ឌល​កុមារកំព្រា​ព្រៃ​ស្ពឺ​ដែលជា​មណ្ឌល​មើល​ការខុសត្រូវ​លើ​ជន​ចាស់ជរា និង​ជនអនាថា​។

លោក អំ សំអាត នាយករង​អង្គការ​លីកាដូ​លើក​ឡើង​ថា មួយរយៈ​ចុងក្រោយ​នេះ​ចំនួន​ជនអនាថា ពិតជា​មាន​ការថយចុះ​ពិតមែន​។ ប៉ុន្តែ​មិនមែន​បានន័យថា​មិនមាន​ជនអនាថា​នោះទេ ព្រោះ​ថា​នៅ​តាម​ដងផ្លូវ និង​នៅតាម​មណ្ឌល​នានា​គឺ​នៅតែមាន​ជនអនាថា​ច្រើន​កំពុង​ស្នាក់នៅ បូករួម​ទាំង​ជនអនាថា​ផ្នែក​សតិ​ស្មារតី​ផង​។

លោក​បញ្ជាក់ថា​៖ «​សមាសភាព​គណៈកម្មាធិការ​ថ្មី​នេះ គួរតែ​ស្វែងរក​យុទ្ធសាស្ត្រ​យ៉ាងណា ដើម្បី​ដោះស្រាយ​ឱ្យ​ជនអនាថា​ទាំងនោះ​អាច​វិលត្រឡប់​ទៅ​រស់នៅ​តាម​បែប​សហគមន៍​វិញ ហើយ​ចៀសវាង​ឱ្យ​ពួកគេ វិលត្រឡប់​ទៅ​ស្ថានភាព​ជា​ជនអនាថា​វិញ ហើយ​ចំពោះ​ជនអនាថា​ផ្នែក​សតិ​ស្មារតី​គឺ​គួរ​មាន​មណ្ឌល​មួយ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក ដើម្បី​ទទួល​ការព្យាបាល​»​។

លោក សំអាត យល់​ថា​បើ​បញ្ហា​ទាំងអស់​នេះ​នៅ​មិន​ត្រូវបាន​ដោះស្រាយ​នោះ​ទេ ជនអនាថា​នៅ​តែ​បន្ត​កើនឡើង ហើយ​បើ​មាន​ជនអនាថា​ច្រើន​ទៅ​នោះ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល ដែល​បង្ហាញ​ពី​ភាពក្រីក្រ​របស់​ប្រជាជន​នៅក្នុង​ប្រទេស ហើយ​ក៏​បង្ក​ភាពអសន្តិសុខ​សង្គម​ផងដែរ​៕