The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ត្រូវ​បំពេញ​ថវិកា ​ដែល​ម្ចាស់​ជំនួយ​កាត់​លើ​វិស័យ​អេដស៍

រដ្ឋាភិបាល​ត្រូវ​បំពេញ​ថវិកា ​ដែល​ម្ចាស់​ជំនួយ​កាត់​លើ​វិស័យ​អេដស៍

Content image - Phnom Penh Post
អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ ២០១៤​។ ហេង ជីវ័ន

រដ្ឋាភិបាល​ត្រូវ​បំពេញ​ថវិកា ​ដែល​ម្ចាស់​ជំនួយ​កាត់​លើ​វិស័យ​អេដស៍

ភ្នំពេញៈ យោង​តាម​ទិន្នន័យ​ថ្មី​របស់​អង្គការ UNAIDS ដែល​ កាសែត ​ភ្នំពេញ​ប៉ុស្តិ៍​ ទទួល​បាន​បង្ហាញ​ថា តាម​ការ​ប៉ាន់​ប្រមាណ​អ្នក​ឆ្លង​មេរោគ​អេដស៍​ចំនួន ៩០០ ៣១៥ ​នាក់​ និង​អ្នក​ស្លាប់​ដោយសារ​មេរោគ​អេដស៍​ចំនួន ៦១៧ ៦៣៤ ​នាក់​ត្រូវ​បាន​បញ្ចៀស​ដោយ​យោង​ទៅលើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​យ៉ាង​ឆាប់រហ័ស​នឹង​ទទួល​បាន​ជោគជ័យ​លើ​ជំងឺ​ដ៏កាចសាហាវ​នេះ​ដោយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩១ ​ដល់​ឆ្នាំ ២០១៦​។

ទោះ​យ៉ាង​ណា​បន្ទាប់ពី​មាន​ការ​កាត់បន្ថយ​ជំនួយ​ពី​ខាង​ក្រៅ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប្រទេស​កម្ពុជា​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ​ដែល​ «​មិន​ធ្លាប់​មាន​ពី​មុន​» ដែល​វា​ជា​បញ្ហា​មួយ​ចោទ​ឡើង​ចំពោះ​និរន្តរភាព​នៃ​កម្មវិធី​ព្យាបាល និង​ប្រយុទ្ធប្រឆាំង​មេរោគ​អេដស៍​/ ជំងឺ​អេដស៍​ហើយ​អ្នក​ជំនាញ​បាន​ថ្លែង​ថា​ លុះត្រា​តែ​រដ្ឋាភិបាល​បង្កើន​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​នោះ​ទើប​គម្លាត​ថវិកា​របស់​កម្ពុជា​អាច​ជួយ​រួម​ចំណែក​បាន​និង​ទទួល​ជោគជ័យ​ចំពោះ​បញ្ហា​ប្រឈម​នេះ​។

ប្រទេស ​កម្ពុជា ​បាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ផ្តល់​ជំនួយ​ពី​ខាង​ក្រៅ​ដើម្បី​ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍ ប៉ុន្តែ​ប្រភព​នៃ​ការ​ផ្តល់​មូលនិធិ​ទាំង​នោះ​ចាប់ផ្តើម​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ​ ២០១០​។

ខណៈ​ដែល​ប្រទេស​ផ្សេង​ទៀត​បាន​រង​ផលប៉ះពាល់​ប្រហាក់​ប្រហែល​គ្នា​ពី​ការ​កាត់បន្ថយ​ជំនួយ​នេះ​ដែរ ប៉ុន្តែ​ផលប៉ះពាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​ច្រើន​ដែល​ធ្វើឲ្យ​មាន​សំណួរ​មួយ​ចោទឡើង​ថា តើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​នឹង​អាច​ដំណើរការ​បាន​ដល់​ពេល​ណា​?

អតីត​ប្រធាន​អង្គការ UNAIDS ប្រចាំ​កម្ពុជា​លោកស្រី Marie-Odile Emond បាន​ថ្លែង​ថា​ការ​ចូលរួម​ចំណែក​ក្នុង​ប្រទេស​បាន​កើនឡើង​យឺតៗ​តែ​នៅ​មិន​ទាន់​ដល់​ល្បឿន​ដែល​សមស្រប​នៅ​ឡើយ​ទេ​។

លោកស្រី​ថ្លែង​ក្នុង​បទសម្ភាស​មួយ​ កាលពី​សប្តាហ៍​មុន​ថា​៖ «​ពិត​ណាស់​...​វា​ជា​ករណី​បន្ទាន់​ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​ចូលរួម​ចំណែក​ផ្តល់​ថវិកា​ជាតិ​របស់​ខ្លួន​ពីព្រោះ​ការ​ព្យាករ​ទាំងអស់​ដែល​បាន​ធ្វើ​គឺ​ថវិកា​នៅ​មាន​គ្រប់គ្រាន់​សម្រាប់​ឆ្នាំ​ ២០១៧ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​ ២០១៨ [​និង​ឆ្នាំ​ទៅ​មុខៗ​ទៀត​] មិន​មាន​គ្រប់គ្រាន់​នោះ​ទេ លុះត្រា​តែ​រាជរដ្ឋាភិបាល​បង្កើន​ការ​ចូលរួម​ចំណែក​របស់​ខ្លួន​។ យើង​កំពុង​មាន​គម្លាត​នៃ​ការ​ផ្តល់​ជំនួយ​សម្រាប់​ការ​ផ្តល់​សេវាកម្ម​នានា​»​។

លោកស្រី​ថ្លែង​ថា​៖ «​វា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។ ប្រសិន​បើ​មាន​គម្លាត​នៃ​ការ​ផ្តល់​ជំនួយ​ហើយ​រដ្ឋាភិបាល​មិន​អាច​រួម​ចំណែក​បាន​នៅ​ពេល​នោះ​ការ​ផ្តល់​សេវាកម្ម​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ និង​ធ្លាក់​ចុះ​ហើយ​យើង​នឹង​បាត់បង់​ផលប្រយោជន៍​មួយ​ចំនួន​»​។

រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រួម​ចំណែក​យ៉ាង​ហោច​ណាស់ ៤ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៨ ទៅ ដើម្បី​ចៀសវាង​គម្លាត​ការ​ផ្តល់​ថវិកា​សម្រាប់​សេវាកម្ម​ទាំង​នោះ​។

ទោះ​ជា​យ៉ាងណា​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​អាទិភាព​ប្រកួត​ប្រជែង​ជាច្រើន​ហើយ​នៅ​មិន​ទាន់​ប្រាកដប្រជា​ទេ​ថា​តើ​ការ​ផ្តល់​ថវិកា​នេះ​អាច​សម្រេច​បាន​ឬ​ក៏​អត់​។

ក្រុម​អ្នក​ជំនាញ​ឲ្យ​ដឹង​ថា​លើស​ពី​នេះ​ទៀត​ម្ចាស់​ជំនួយ​ធំ​បំផុត​ពីរ​គឺ ​មូលនិធិ​សកល និង​អង្គការ USAID មិន​ត្រឹម​តែ​កាត់​បន្ថយ​ជំនួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ដាក់​លក្ខខណ្ឌ​ហិរញ្ញប្បទាន​តឹងរ៉ឹង​ជាង​មុន​។

អ្នក​នាំពាក្យ​អង្គការ​មូលនិធិ​សកល​លោក Seth Faison បាន​ឱ្យ​ដឹង​ថា​អង្គការ​ពិភពលោក​នឹង​កំណត់​ពី​តម្រូវការ​សហហិរញ្ញប្បទាន​របស់​ប្រទេស​កម្ពុជា​នៅ​ពេល​ដែល​អង្គការ​ទទួល​បាន​សំណើ​មូលនិធិ​ផ្លូវការ​របស់​ប្រទេស​កម្ពុជា​ដែល​ទំនង​ជា​នៅ​ចុង​ឆ្នាំ​នេះ​។

ទោះបី​ជា​យ៉ាង​ណា​កាលពី​ដើម​ខែ​នេះ​លោក​វេជ្ជបណ្ឌិត ទា ផល្លា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ (NAA) បាន​ឱ្យ​ដឹង​ថា​កម្ពុជា​ត្រូវ​បាន​ទាមទារ​ឲ្យ​ផ្តល់​ថវិកា​យ៉ាង​ហោច​ណាស់​ ៣,២ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​រយៈពេល​បី​ឆ្នាំ​ខាង​មុខ​ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៨ ​ទៅ​ ដើម្បី​ឲ្យ​ប្រទេស​នេះ​អាច​ទទួល​បាន​ជំនួយ​បែងចែក​សកល​ចំនួន ៤១,៦ លាន​ដុល្លារ​។ ការ​ចូលរួម​ចំណែក​ប្រចាំ​ឆ្នាំ​របស់​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន ១,៥ លាន​ដុល្លារ​សម្រាប់​ការ​ព្យាបាល​។

លោក​ ផល្លា ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​ ១៧ ខែ​មេសា​លោក អៀង មូលី ប្រធាន NAA បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្នើសុំ​ការ​ចូលរួម​ចំណែក​ចំនួន ៤ ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ លិខិត​ដាច់​ដោយ​ឡែក​មួយ​ទៀត​ត្រូវ​បាន​ផ្ញើ​ទៅ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​ទី​ ២៤ មេសា​ដើម្បី​បង្ហាញ​ពី​សំណើ​បន្ទាន់​ដូច​គ្នា​។

លោក​បញ្ជាក់​ថា​មូលនិធិ​សកល​បាន​កាត់​បន្ថយ​ជំនួយ​របស់​ខ្លួន​ចំនួន ២ ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក Faison ថ្លែង​ថា​៖ «​ការ​បែងចែក​មូលនិធិ​សកល​សម្រាប់​ប្រទេស​កម្ពុជា​ចាប់​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ​ ២០១៦ គឺ​មាន​ចំនួន​ ១៤៨ ​លាន​ដុល្លារ​ហើយ​ការ​កាត់​បន្ថយ​ជំនួយ​នេះ​គឺជា​ការ​បង្ហាញ​ពី​ជោគជ័យ​មួយ​»​។

លោក Faison បាន​សរសេរ​នៅ​ក្នុង​អ៊ីមែល​មួយ​ថា​៖ «​ការ​បែងចែក​មូលនិធិ​សកល​គឺ​ផ្អែក​លើ​បន្ទុក​ជំងឺ និង​កម្រិត​ប្រាក់​ចំណូល​របស់​ប្រទេស​នីមួយៗ​ជា​កន្លែង​ដែល​អង្គការ​សកល​ផ្តល់​ដល់​ប្រទេស​ជាង ១០០ ​។ ការ​បែងចែក​ជំនួយ​កើនឡើង​គឺ​សម្រាប់​ប្រទេស​ណា​ដែល​មាន​បញ្ហា​ធំ​ជាង​ហើយ​ជំនួយ​នឹង​ត្រូវ​កាត់​បន្ថយ​នៅ​កន្លែង​ណា​ដែល​ធ្វើ​បាន​ជោគជ័យ​ច្រើន​»​។

លោក​ ផល្លា ថ្លែង​ថា​ម្ចាស់​ជំនួយ​ធំ​បំផុត​ទី​ពីរ​គឺ​អង្គការ USAID បាន​កាត់បន្ថយ​ពី​ចំនួន ១៨ ​លាន​ដុល្លារ​មក​នៅ​ត្រឹម​ ១១ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៧​។ អង្គការ USAID ក៏​នឹង​មិន​ផ្តល់​សេវា​មូលនិធិ​ផង​ដែរ បន្ទាប់ពី​ខែ​វិច្ឆិកា​ទៅ​គឺ​នៅ​បន្ត​ផ្តល់​ថវិកា​សម្រាប់​តែ​ជំនួយ​បច្ចេកទេស​ប៉ុណ្ណោះ​។ លោក​​ ផល្លា ​ថា​៖«​យើង​កំពុង​ប្រឈម​នឹង​កង្វះ​ថវិកា​ពី​ ៤ ​ទៅ​ ៥ ​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ​ជាមួយ​នឹង​ការ​កាត់បន្ថយ​ជំនួយ​ចុងក្រោយ​របស់​ម្ចាស់​ជំនួយ​ធំ​បំផុត​ពីរ​រួម​បញ្ចូល​គ្នា​»​។

លោក Jay Raman អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ថ្លែង​ថា​ការ​ផ្តល់​ជំនួយ​របស់​អាមេរិក​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​គឺ​ «​មាន​ច្រើន​គួរសម និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​» ​ប៉ុន្តែ​កាលពី​ថ្ងៃ​អាទិត្យ​លោក​មិន​បាន​បញ្ជាក់​ឲ្យ​បាន​លម្អិត​បន្ថែម​ទេ​។

លោក​ ផល្លា ឱ្យ​ដឹង​ថា​ការ​ស្នើសុំ​ឲ្យ​សម្រាប់​រដ្ឋាភិបាល​ផ្តល់​ថវិកា​យ៉ាង​ហោចណាស់​ ៤ ​លាន​ដុល្លារ​គឺ​គិត​ចាប់​ផ្តើម​ពី​ឆ្នាំ​ក្រោយ​ទៅ​ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​តាមរយៈ​ដំណើរការ​ថវិកា​ធម្មតា និង​ត្រូវ​ពិភាក្សា​ក្នុង​រដ្ឋសភា​។

ទោះ​យ៉ាង​ណា ​លោក​បាន​កត់សម្គាល់​ឃើញ​ថា​មាន​អាទិភាព​ចំណាយ​ថ្នាក់​ជាតិ​ជាច្រើន​ជាពិសេស​នៅពេល​ដែល​មាន​ការ​ចំណាយ​យ៉ាង​ច្រើន​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ និង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ដែល​រដ្ឋាភិបាល​ត្រូវ​ជ្រើសរើស​ដើម្បី​ចំណាយ​។ រដ្ឋាភិបាល​ក៏​កំពុង​ដោះស្រាយ​អំពី​និរន្តរភាព​របស់​គម្រោង​មន្ទីរពេទ្យ​គន្ធបុប្ជា​ផង​ដែរ បន្ទាប់ពី​លោក Beat Richner ដែល​ជា​ស្ថាបនិក​មន្ទីរពេទ្យ​នេះ​បាន​ប្រកាស​​លាលែង​ពី​តំណែង​កាលពី​ខែ​មីនា​កន្លង​ទៅ​។

អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​លោក លី សុវណ្ណ បាន​បង្វែរ​សំណួរ​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​។ មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​បង្វែរ​សំណួរ​ទៅ​មន្ត្រី​ផ្សេង​ទៀត​របស់​ក្រសួង​។

លោកស្រី Emond បាន​ថ្លែង​ថា​កម្ពុជា​ប្រឈមមុខ​នឹង​ស្ថានភាព​ដែល​ងាយ​នឹង​ប្រែក្លាយ​ជា​អាក្រក់​ប្រសិន​បើ​មិន​ត្រូវ​បាន​ដោះស្រាយ​ទាន់​ពេលវេលា​អាច​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​ភ្លាមៗ​។

លោកស្រី​ថ្លែង​ថា​៖ «​ប្រសិន​បើ​អ្នក​កាត់បន្ថយ​លទ្ធភាព​ទទួល​បាន​ការ​ព្យាបាល ឬ​ការងារ​បង្ការ​ដែល​វា​សំខាន់​ណាស់​ផង​ដែរ​នោះ នោះ​វា​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​ទៅ​លើ​ជិវិត​ប្រជាជន ប៉ុន្តែ​ក៏​មាន​ហានិភ័យ​ផង​ដែរ​នៃ​ការ​កើត​មាន​ឡើង​វិញ​បន្ទាប់ពី​ការ​ថយ​ចុះ​ហើយ​នោះ​ជា​អ្វី​ដែល​យើង​នឹង​វិនិយោគ​បន្ថែម​ទៀត​»​។

លោកស្រី​បន្ថែម​ថា ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដូចជា វៀតណាម និង​មីយ៉ាន់ម៉ា​បាន​ជួប​នឹង​ស្ថានភាព​ស្រដៀង​គ្នា​ ប៉ុន្តែ​បាន​បង្កើន​ការ​បរិច្ចាគ​ថវិកា​ថ្នាក់​ជាតិ​របស់​ពួកគេ​។ ប៉ុន្តែ​ថវិកា មិនមែន​ជា​បញ្ហា​តែ​មួយ​គត់​ដែល​កម្មវិធី HIV/AIDS របស់​កម្ពុជា​កំពុង​ប្រឈម​មុខ​នោះ​ទេ​។

លោកស្រី Emond បាន​ថ្លែង​ថា​កម្ពុជា​កំពុង​បាត់បង់​សមត្ថភាព និង​ធនធាន​មនុស្ស​ដូចជា​អ្នក​ជំនាញ​ដែល​ពាក់ព័ន្ធ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ចាប់​តាំងពី​ឆ្នាំ​ ១៩៩១ ដែល​ពួកគេ​កំពុង​ត្រៀម​ខ្លួន​ចូល​និវត្តន៍​។

អង្គការ​ក្រៅ​រដ្ឋាភិបាល ​កំពុង​ខក​ចិត្ត​ចំពោះ​ការ​ធ្លាក់​ចុះ​ថវិកា ដូច្នេះ​ពួកគេ​ជ្រើសរើស​ផ្តោត​ទៅ​លើ​ផ្នែក​ដទៃៗ​ទៀត​នៃ​វិស័យ​សុខាភិបាល​។ លោកស្រី​បន្ថែម​ថា​ប៉ុន្តែ​តម្រូវការ​ឲ្យ​មាន​សមត្ថភាព និង​ជំនាញ​នៅ​បន្ត​ឲ្យ​មាន​ដោយសារ​ត្រូវ​គ្រប់គ្រង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​ដែល​កំពុង​ទទួល​ការ​ព្យាបាល​។

ប្រជាពលរដ្ឋ​កម្ពុជា​ប្រហែល ៧០ ​ម៉ឺន​នាក់​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជាង ៨០ ភាគរយ​ក្នុង​ចំណោម​នេះ​កំពុង​ទទួល​ការ​ព្យាបាល​។

លោក​ សន សុធារិទ្ធី ​អ្នក​សម្រប​សម្រួល​ថ្នាក់​ជាតិ​សម្រាប់​បណ្តាញ​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេដស៍​ (PLHIV) ​គឺជា​ផ្នែក​នៃ​ចលនា​នោះ​ចាប់​តាំងពី​ការ​ចាប់ផ្តើម​ពី​ដំបូង​។

លោក​បាន​ចាប់​ផ្តើម​ជា​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ បន្ទាប់ពី​លោក​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រកឃើញ​ថា​មាន​មេរោគ​អេដស៍ ពីព្រោះ​លោក​ចង់​ជួយ​អ្នក​ដទៃៗ​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ដូច​លោក​។ លោក​ថ្លែង​ថា​ប្រទេស​កំពុង​ស្ថិត​នៅក្នុង​ «​ដំណាក់កាល​ផ្លាស់ប្តូរ​សំខាន់​មួយ​» ​ដែល​ត្រូវការ​បន្ថែម​ការ​ចំណាយ​ដើម្បី​ទ្រទ្រង់​កម្មវិធី និង​សេវា​។

ថវិកា​សរុប​ចំនួន​ ៥ ​លាន​ដុល្លារ​ត្រូវ​បាន​ស្នើសុំ​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដើម្បី​អនុវត្ត​សកម្មភាព​បង្ការ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​គេ​មិន​ទាន់​ដឹង​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​ខ្លះ​នឹង​ទទួល​បាន​ថវិកា​ក្នុង​ការ​អនុវត្ត​សកម្មភាព​ទាំង​នេះ​នោះ​ទេ​។

លោក សុធារិទ្ធី បន្ត​ថា​៖ «​រដ្ឋាភិបាល​នឹង​ជ្រើសរើស​អ្នក​ទទួល​យក​គោលការណ៍​។ ... ប៉ុន្តែ​យើង​មិន​ដឹង​ថា​តើ​នៅ​ពេល​ណា និង​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ប៉ុន្មាន​ទេ​នឹង​ត្រូវ​បាន​ជ្រើសរើស​»​។

លោក​ ផល្លា ​ថ្លែង​ថា​នៅ​ចំណុច​មួយ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ១៥០ ​កំពុង​ធ្វើ​ការងារ​លើ​បុព្ធហេតុ​នេះ​។ ប៉ុន្តែ​ឆ្នាំ​ក្រោយ​អាច​មាន​តិច​រហូត​ដល់​តែ​បី​អង្គការ​។ ប៉ុន្តែ​លោក​នៅ​តែ​ប្តេជ្ញា​ចិត្ត និង​មិន​ចង់​ឃើញ​កម្ពុជា​ដើរ​ថយ​ក្រោយ​នោះ​ទេ​។ កាលពី​ឆ្នាំ​ ១៩៩៥ មាន​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ប្រមាណ​ ៦៥ ​នាក់​ក្នុង​មួយ​ថ្ងៃ​បើ​ប្រៀបធៀប​នឹង​បច្ចុប្បន្ន​គឺ​អ្នក​ឆ្លង​មេរោគ​អេដស៍​ថ្មី​ប្រហែល​តែ​ពីរ​នាក់​ក្នុង​មួយ​ថ្ងៃ​។

ពលរដ្ឋ​កម្ពុជា​ប្រហែល​ ១២ ​ម៉ឺន​នាក់​បាន​ស្លាប់​ដោយសារ​មេរោគ​អេដស៍​ចាប់​តាំងពី​ការ​កើត​មាន​ជំងឺ​នេះ ប៉ុន្តែ​ជាង​កន្លះ​លាន​ទៀត​ត្រូវ​បាន​បង្ការ​បាន​ដោយសារ​ការ​ឆ្លើយតប​ដោយ​ជោគជ័យ​របស់​ប្រទេស​នេះ​៕ NS/PS

អត្ថបទគួរចាប់អារម្មណ៍