ភ្នំពេញ៖លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​លើកឡើង​ថា ពេទ្យ​ទ្រទ្រង់​លែង​ជាប់​ហើយ ដោយ​ត្រឹមតែ​រយៈពេល ២ ថ្ងៃ​កន្លងមកនេះ​មាន​អ្នក​ឆ្លង​ជាង ១០០០ នាក់ ដែល​លើសពី​សមត្ថភាព​នៃ​ការដាក់ឱ្យ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ​ហ្លួងម៉ែ និង​មន្ទីរពេទ្យ​នានា​ដែល​ពោរពេញ​ទៅដោយ​អ្នកជំងឺ​កូវីដ១។

លោក​ថា ដោយសារ​តែ​នៅតាម​មន្ទីរពេទ្យ​លែងមាន​ស្នាក់នៅ​គ្រប់គ្រាន់​ហើយ ទើប​​បាន​ជា​រាជរដ្ឋាភិបាល​បង្កើត​នូវ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​នៅ​តាម​ផ្ទះ។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​បានផ្តល់​ទីតាំង​សម្រាប់​រៀបចំ​ជា​កន្លែង​ដាក់​អ្នកជំងឺ​ដែល​អាចដាក់​អ្នកជំងឺ​បាន​រហូត​ប្រមាណ​ជា ៥០០០ គ្រែ។

លោក​ ហ៊ុន សែន មានប្រសាសន៍​ថា៖ «ខ្ញុំ​បាន​សុំ​ទៅ​អ្នកឧកញ៉ា​​ ពុង ឃាវសែ ដោយ​យក​សាល​ពិព័រណ៍​កោះពេជ្រ សម្រាប់​ជា​ទីកន្លែង​ទទួល​អ្នកជំងឺ​ស្រាល ហើយ​គាត់​មិន​ត្រឹមតែ​ឱ្យ​សាល​នៃ​ពិព័រណ៍​ទេ​គឺ​គាត់​ឱ្យ​ទាំង​អគារ​ដែល​ប្រើ​សម្រាប់​រៀប​អាពាហ៍ពិពាហ៍​ដើម្បី​រៀបចំ​ដាក់​អ្នកជំងឺ​ផងដែរ»។

លោក​បាន​បញ្ជាក់ថា លោក​ ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​រៀបចំ​វិទ្យាល័យ​មួយ​សម្រាប់​ធ្វើជា​កន្លែង​ដាក់​ព្យាបាល​អ្នកជំងឺ និង​មួយកន្លែង​ទៀត​ដែល​រៀបចំ​ដោយ​កូនប្រុស​ច្បង​ និង​ភរិយា​នៅ​ទីតាំង​មួយទៀត​ដែល​ផ្តល់​ដោយ​វិស័យ​ឯកជន ហើយ​ថ្ងៃនេះ​ក្រុមការងារ​របស់​កូនប្រុស​ និង​កូនប្រសារ​របស់លោក​ក៏​កំពុង​រៀបចំ​នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះពេជ្រ​ផងដែរ។

លោក​ ហ៊ុន សែន បាន​ថ្លែងថា៖ «ទីតាំង​ទាំងអស់នេះ​គឺ​ដាក់​តែ​អ្នកជំងឺ​ស្រាល​ទេ តែ​អ្នកជំងឺ​ធ្ងន់​គឺ​ត្រូវតែ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ដោយ​មាន​ការតាមដាន​ជំងឺ​ហ្មត់ចត់»។

ទន្ទឹម​នឹង​នេះដែរ លោកនាយក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជា​ឱ្យមាន​ការបញ្ចេញ​កងទ័ព នគរបាល កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​ជួយ​ដំណើរការ​រៀបចំ​លើ​រឿងនេះ ហើយ​ខាង​ក្រសួង​សុខាភិបាល​ត្រូវ​បញ្ចេញ​គ្រែ និង​បញ្ជាទិញ​ចូល​បន្ថែម រួម​នឹង​ការត្រៀម​ក្រុម​គ្រូពេទ្យ​ឱ្យ​បាន​គ្រប់គ្រាន់​ផង​ដែរ៕