ភ្នំពេញៈ រដ្ឋាភិបាល​ថៃ​បាន​ប្ដេជ្ញា​ជួយ​ធ្វើ​ឲ្យ​មាន​លក្ខខណ្ឌ​ការងារ និង​ការ​រស់​នៅ​សម​ស្រប​ដល់​ពលករ​នេសាទ​ក្រោយ​ពី​ប្រទេស​នេះ បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្ដីពី​ការងារ​ក្នុង​វិស័យ​នេសាទ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO)។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អង្គការ ILO កាល​ពី​ថ្ងៃ ៣០ មករា។ ប៉ុន្តែ​សង្គម​ស៊ីវិល​យល់​ថា អនុ​សញ្ញា​នេះ​មិន​ទាន់​អាច​ការពារ​ពលករ​នេសាទ​នៅ​ថៃ​បាន​ទាំង​ស្រុង​ទេ។

អនុសញ្ញា​ស្ដីពី​ការងារ​ក្នុង​វិស័យ​នេសាទ គឺ​តម្រូវឱ្យមាន​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា ការការ​ពារ​សុវត្ថិភាព សុខុមាល​ភាព ការ​ផ្ដល់​សេវា​ព្យាបាល ការ​ឈប់​សម្រាក​ការ​ចុះ​កិច្ច​សន្យា​ការងារ​និង​ការ​ការពារ​អំពី​សន្ដិសុខ​សង្គម​ដើម្បី​ធានា​ថា ទូក​នេសាទ​ទាំង​អស់​ត្រូវតែ​ផ្ដល់​លក្ខខណ្ឌ​រស់​នៅ​សមរម្យ​ដល់​ពលករ។

លោក Adul Sangsingkeo រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ​បាន​បញ្ជាក់ថា ការ​ផ្ដល់​សច្ចាប័ន​នេះ​គឺ​ដើម្បី​ធានា​ឱ្យ​លក្ខខណ្ឌ​ការងារ​ផ្នែក​នេសាទ​សម​ស្រប​នឹង​ស្ដង់ដា​របស់ ILO។

លោក​ថា៖ «វា​បង្ហាញ​អំពី​ការប្ដេជ្ញាចិត្ត​ដ៏​ពេញលេញ​របស់​ថៃ​ដើម្បី​លើក​កម្ពស់​ស្ដង់ដា​នៃ​ការ​ការពារ​សម្រាប់​ពលករ​នេសាទ​ថៃ និង​ពលករ​នេសាទ​ជា​ជន​អន្តោ​ប្រវេសន៍​ដើម្បី​បន្ថយ​ការ​បង្ខំ​លើ​កម្លាំង​ពលកម្ម»។

អង្គការ ILO បាន​បង្ហាញថា កាលពី​ឆ្នាំ ២០១៧ អ្នកបម្រើការ​ក្នុង​វិស័យ​ផលិតកម្ម​គ្រឿង​សមុទ្រ និង​ពលករ​នេសាទ​នៅ​ថៃ​មាន​ជាង ៦ សែន​នាក់​ក្នុងនោះ ៣ សែន ២ ពាន់​នាក់​គឺជា​ពលករ​ជន​អន្តោ​ប្រវេសន៍ ហើយ​បើ​គិត​តែ​ជន​អន្តោ​ប្រវេសន៍​ចុះទូក​នេសាទ​មាន​សរុប ៥ ម៉ឺន ៧ ពាន់​នាក់ ដែល​បម្រើ​ការងារ​លើ

ទូក​ចំនួន ១០៥៥។

យ៉ាងណាក្ដី លោក មុំ សុខចា នាយក​អង្គការ​ជំនួយ​ផ្លូវច្បាប់​ដល់​កុមារ និង​ស្ដ្រី​បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​ចុះ​អនុសញ្ញា​នេះ​គ្រាន់​តែ​ជា​ការ​ចាប់ផ្ដើម​របស់​ថៃ​ប៉ុណ្ណោះ ហើយ​អ្វី​ដែល​លោក​ចង់​ឃើញនោះ​គឺ​ថៃ​ត្រូវ​បង្កើត​ច្បាប់ និង​គោល​នយោបាយ​ផ្សេងៗ​ដើម្បី​អនុវត្ត​ការពារ​ដល់​ពលករ​លើ​ទូក​នេសាទ។

លោក​ថា៖ «ថ្វី​ដ្បិត EU ផ្ដល់​កាត​លឿង​ឱ្យ​ថៃ​ក៏ដោយ ប៉ុន្តែ​យើង​នៅតែ​សង្កេត​ឃើញ​ថា ពលករ​នេសាទ​នៅ​តែ​ជួប​បញ្ហា ដូចជា ការ​កាត់​ប្រាក់​ឈ្នួល​ឬក៏​ការ​មិន​បើក​ប្រាក់​ឈ្នួល មាន​ការ​កេង​ប្រវ័ញ្ច​ជាដើម ដែល​ថៃ​គួរ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត»។

លោក មុំ សុខ​ចា បន្តថា កន្លងមក​តាម​ការចុះ​ទៅ​សម្ភាស​ផ្ទាល់​គឺ​ពលករ​នេសាទ​ខ្មែរ​នៅ​ថៃ​ប្រាប់​ថា ពួកគេ​ខ្លះ​ត្រូវបាន​ថៅកែ​ប្រើ​ហិង្សា​វាយដំ​រាងកាយ​ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ចាប់​ពី ១២ ទៅ​ដល់ ១៤ ម៉ោង និង​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ឱ្យប្រើ​គ្រឿង​ញៀន ដើម្បី​មាន​កម្លាំង​ធ្វើការ​ទាំង​យប់​ថ្ងៃ ដែល​បញ្ហា​នេះ ច្រើន​កើត​លើ​ពលករ​ចេញ​នេសាទ​ឆ្ងាយៗ និង​យូរថ្ងៃ។

ថ្វី​ដ្បិត​មិនមាន​តួលេខ​បង្ហាញ​ច្បាស់​ក្ដី ប៉ុន្តែ​លោក មុំ សុខ​ចា​បញ្ជាក់ថា តាម​តួលេខ​មិន​ផ្លូវការ​គឺមាន​ពលករ​នេសាទ​ខ្មែរ​នៅ​ថៃ​អាច​ច្រើន​ជាង​ពី ២ ទៅ ៣ ម៉ឺន​នាក់។

ចំណែក​លោក ឌី ថេ​ហូ​យ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ដែរ​ថា តាម​ការ​ស្រាវជ្រាវ​គឺ​ពលករ​នេសាទ​បរទេស​នៅ​ថៃ​រួមទាំង​មក​ពី​កម្ពុជា​ផង​គឺ​សុទ្ធតែ​មិន​ស្រប​ច្បាប់​និង​ប្រឈម​ការ​ជួញ​ដូរ​មនុស្ស។

លោក ថេ​ហូ​យ៉ា បន្ថែមទៀត ដោយសារ​គេ​ស្រាវជ្រាវ​ឃើញ​បញ្ហា​នេះ ទើប​ថៃ​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប ហើយ​ថ្មីៗ​នេះ​ថៃ​ក៏​បង្កើត​ការិយាល័យ​ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​ពលករ​នេសាទ។

លោក​ថា៖ «ខាង EU គេ​ចេញ​កាត​លឿង​ដាក់ពិន័យ​ហ្នឹង​បានធ្វើ​ឱ្យ​ថៃ​ខាតបង់​ប្រហែល ៤០% នៃ​ការនាំ​គ្រឿង​សមុទ្រ​ចេញ អ៊ីចឹង​ហើយ​ចាប់ផ្ដើម​ឃើញ​ថៃ​កែប្រែ​អា​ច្បាប់​បុរាណ​ទៅ​ជា​ច្បាប់​សម័យ​ទំនើប​គឺ​ច្បាប់​ស្ដីអំពី​ឧស្សាហកម្ម​នេសាទ ហើយ​ក្នុង​ហ្នឹង​ឃើញ​ថា គេ (ថៃ) កំណត់​ឱ្យ​ទូក​ដែល​ចុះ​ទៅ​សមុទ្រ​ជ្រៅៗមិន​លើស​ពី ៣០ ថ្ងៃ​ទេ ត្រូវ​ត្រឡប់​មក​វិញ ហើយ​ក្នុង​ហ្នឹង​គេ​មាន​គណៈ​កម្មការ​តាម​ដាន​មុន​ទូក​ចេញ​ទៅ គេ​តាម​ដាន​មាន​ចំនួន​មនុស្ស​ប៉ុន្មាន​ពិនិត្យ​មើល​ទាំង​សុខភាព និង​មាន​ទូក​ចំនួន​ប៉ុន្មាន»។

បើតាម ILO ថៃ​នឹង​បញ្ចូល​អនុសញ្ញា​នេះ​ទៅក្នុង​ច្បាប់​ជាធរមាន​នៅ​ថ្ងៃទី ៣០ ខែ​មករា ឆ្នាំ ២០២០ ក្រោយ​ពី​ផ្ដល់​សច្ចាប័ន ១ ឆ្នាំ។ ភ្នំពេញ​ប៉ុស្ដិ៍​មិន​ទាន់​អាច​សុំ​ការ​បកស្រាយ​បន្ថែម​ពី​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ជុំវិញ​ស្ថានភាព​ពលករ​នេសាទ​ខ្មែរ​នៅ​ថៃ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ម្សិលមិញ៕