ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​បានទទួល​ថវិកា​ចំនួន​ជិត​ ៩ ​លាន​ដុល្លារ​ពី​សប្បុរសជន​ក្នុងស្រុក​សម្រាប់​ប្រើប្រាស់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ ១៩ ដែល​កំពុង​រាតត្បាត ខណៈ​ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​នេះ​ជា​បន្តបន្ទាប់​។

ការប្រកាស​របស់​លោក ហ៊ុន សែន ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រមាណ ៤២២ ​នាក់​មុន​នឹង​ចេញ​បេសកកម្ម​ជាមួយ​ក្រសួង​សុខាភិបាល​ដើម្បី​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃ​ពុធ​។

លោក ថ្លែងថា​៖ «​មកដល់​ពេល​នេះ​ថវិកា​នៃ​ការចូលរួម​របស់​សប្បុរសជន​បាន​ប្រមាណ​ជា​ជិត​ ៩ ​លាន​។ សូម​អរគុណ​ជាមួយ​នឹង​ការអរ​ព្រះគុណ​ចំពោះ​ព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជា​សម្តេចម៉ែ​ជា​ទីសក្ការៈ​។ អរគុណ​ចំពោះ​សប្បុរសជន​នានា​ដែល​បាន​ចូលរួម​មិន​ថា​ច្រើន​មិន​ថា​តិច​។ នេះ​បង្ហាញ​ពី​ទឹកចិត្ត​ដែល​ខ្មែរ​ចេះ​ស្រឡាញ់គ្នា​។ ថវិកា​យើង​ប៉ុណ្ណេះ​គ្រាន់តែ​ពលរដ្ឋ​របស់​យើង​ចំនួន​ទឹកប្រាក់​ជាង ៨ ​លាន​ដុល្លារ​ដែល​ចូល (​រួម​) តែ​ប៉ុន្មាន​ថ្ងៃ​ទេ ហើយ​យើង​នឹង​បន្ត​ទទួល ដោយសារ​ជំងឺ​នេះ​វា​អត់​ទាន់​ស្ងប់​ទេ​»​។

លោក ហ៊ុន សែន ថ្លែងថា ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក៏បាន​ព្រះរាជទាន​ថវិកា​ចំនួន ២០ ​ម៉ឺន​ដុល្លារ ចំណែកឯ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី​បាន​ព្រះរាជទាន​ថវិកា​ចំនួន​ ១០ ​ម៉ឺន​ដុល្លារ​។

លោក​ថ្លែង​ថា​រដ្ឋាភិបាល​មិនទាន់​បាន​ប្រើប្រាស់​ថវិកា​នេះ​នៅឡើយ​ទេ​ព្រោះ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​នូវ​ថវិកា​នេះ​។ ប្រសិនបើ​ថវិកា​នេះ​នៅសល់ ហើយ​ជំងឺ​កូវីដ​ ១៩ ​បែរ​ជា​ស្ងប់​ទៅវិញ​គោលដៅ​របស់លោក​គឺ​នឹង​បង្វែរ​ថវិកា​ដែល​នៅសល់​នេះ​ទៅកាន់​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ជា​។

លោក​ថ្លែងថា​៖ «​កូវីដ​មិនទាន់​ចប់​ថវិកា​នេះ​ត្រូវតែ​រក្សាទុក​ និង​ប្រើប្រាស់​នៅក្នុង​សកម្មភាព​ប្រឆាំង​នឹង​កូវីដ​១៩»​។

លោក ហ៊ុន សែន ក៏បាន​លើក​ពី​ឈ្មោះ​លោក​ឧកញ៉ា ថៃ សម្បត្តិ ផងដែរ​ដែល​បានផ្តល់​សណ្ឋាគារ​លំដាប់​ផ្កាយ​ ៥ ​សម្រាប់​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩ ដោយ​មិន​យកប្រាក់​។

លោក​បាន​ប្រកាស​ទៀតថា អ្នក​ដែល​ផ្ទុក​ជំងឺ​កូវីដ​១៩ ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ទាំង​ខ្មែរ​ទាំង​ជនបរទេស​ត្រូវ​បានទទួល​ព្យាបាល​ពី​គ្រូពេទ្យ​កម្ពុជា ដោយ​មិន​ត្រូវ​បង់ថ្លៃ​នោះទេ ពីព្រោះ​នេះ​គឺជា​កាតព្វកិច្ច​របស់​កម្ពុជា​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​។ លោក​ថា នយោបាយ​នេះ​ខុសប្លែក​ពី​វៀតណាម​ដែល​តម្រូវឱ្យ​ជនបរទេស​ត្រូវ​បង់ថ្លៃ​សេវា​ព្យាបាល​ជំងឺ​កូវីដ​១៩​នេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​នាយករដ្ឋមន្ត្រី​វៀតណាម​បានប្រកាស​ថា ជនជាតិ​បរទេស​ដែល​កើត​ជំងឺ​នេះ ត្រូវ​ចេញ​លុយ​ព្យាបាល​ខ្លួនឯង​។ យើង​ក្រ​តែ​យើង​ចិត្តធំ​។ អ្នកណា​កើត​ជំងឺ​លើដី​យើង​យើង​ចេញ​លុយ​ព្យាបាល​។ ឯណា​! គាត់​ខាត​ទៅ​ស្រុក​គាត់​ផង​។ អាណា ផ្ញើ​យកលុយ​មក ហើយ​បើ​អត់​មាន​លុយ ឱ្យ​គាត់​ងាប់​អី​! ត្រូវ​មើលថែទាំ​គាត់ ហើយ​ពួក​ហ្នឹង​មិនមែន​ទទួលទាន​ដូច​យើង​។ អានេះ​ត្រូវ​មាន​នំបុ័ង​សាច់ការី​ត្រូវមាន​ប្រូម៉ាស​មាន​ប៊័រ ត្រូវ​ចិញ្ចឹម​ពួកហ្នឹង​ឱ្យ​ស្រួល​។ តិច​លោ​ឱ្យ​ស៊ី​ប្រហុក​ហ្នឹង​ងាប់​បណ្តោយ​!»​។

សារព័ត៌មាន VN Express International កាលពី​ថ្ងៃទី ១៤ ខែ​មីនា​បាន​ចុះផ្សាយ​ដោយ​ស្រង់​សម្តី នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc ថា ជនបរទេស​នៅក្នុង​ប្រទេស​វៀតណាម​ត្រូវតែ​បង់ប្រាក់​ដោយ​ខ្លួនឯង សម្រាប់​ការព្យាបាល​ប្រសិន​បើ​ពួកគេ​មាន​ផ្ទុក​វីរុស​កូរ៉ូណា​។ ទោះជា​យ៉ាងណា ពួកគេ​នឹង​មិន​ត្រូវ​ចំណាយ​ប្រាក់​សម្រាប់​ការដាក់​ឱ្យនៅ​ដាច់ដោយឡែក​ និង​ការធ្វើ​តេស្ត​រក​មេរោគ​កូវីដ​នោះឡើយ​។

កាលពី​ថ្ងៃទី​ ២៣ ខែមីនា អាល្លឺម៉ង់ បានប្រកាស​ផ្តល់​ថវិកា​ចំនួន​ ១,៥ ​លាន​អឺរ៉ូ ដើម្បី​គាំទ្រ​ផែនការ​ឆ្លើយតប​បន្ទាន់​ទៅនឹង​កូវីដ​ ១៩ របស់​រដ្ឋាភិបាល​ក្នុង​ការការពារ ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​ការរីករាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ប្រទេស​៕