ភ្នំពេញៈ គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​ទាត់ចោល​ចំពោះ​ការលើកឡើង​ដែល​ថា ផែនទី​ខ្នាត​ ១ ​លើ​ ២៥ ​ពាន់​គូស​ដោយ​វៀតណាម ធ្វើឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​ទឹកដី​ដោយ​ចាត់ទុក​អ្នក​លើកឡើង​បែបនេះ​ថា ការប្រឌិត​រឿង​ដោយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ប៉ុណ្ណោះ​។

សេចក្ដី​ថ្លែងការណ៍​គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​អះអាង​ថា ការលើកឡើង​ដែល​ថា ការទទួល​យក​ផែនទី​ថ្មី​សន្លាង​ខ្នាត​ ១ ​លើ ២៥ ​ពាន់ ​គឺ​ប្រៀបដូចជា​ការទទួល​ប្លង់ដី​ថ្មី​នៃ​ប្រទេស​កម្ពុជា គូស​ដោយ​វៀតណាម និង​ដែល​មាន​ន័យ​ថា បូរណភាព​ទឹកដី​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​វៀតណាម នោះ​គឺជា​ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​។

សេចក្ដី​ថ្លែងការណ៍​សរសេរ​ថា​៖ «​សូម​ប្រកាស​បដិសេធ​ចោល​ទាំងស្រុង ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ និង​គូកន ដែល​មាន​ចេតនា​បង្កើត​រឿង និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត​ក្នុង​ចេតនា​ទុច្ចរិត និង​ក្នុង​គោលបំណង​បំភាន់​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​ឱ្យ​មាន​ការយល់ច្រឡំ​មក​លើ​ការងារ​ព្រំដែន​របស់​រដ្ឋាភិបាល​អំពី​ការធ្វើឱ្យ​បាត់បង់​ទឹកដី​ក៏ដូចជា​ការបណ្ដោយ​ឱ្យ​មាន​ការរំលោភ​បំពាន​ទឹកដី​ពី​ប្រទេស​វៀតណាម​»​។

គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់ថា ការកំណត់​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​គោក​ប្រទេស​ទាំង​ ២ គឺជា​ការងារ​បច្ចេកទេស​កម្រិត​ខ្ពស់ និង​អនុវត្ត​ដោយ​ក្រុម​ជំនាញ​ប្រទេស​ទាំង​ ២ ដោយ​យក​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​តាម​ផែនទី​ផ្លូវការ​បោន​ខ្នាត​ ១ ​លើ​ ១០០ ​ពាន់​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ដ្រ​ឥណ្ឌូចិន ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ធានា​អំពី​ការមិន​បាត់បង់​ទឹកដី​។

គណៈកម្មាធិការ​នេះ​បញ្ជាក់​ទៀត​ថា ខ្សែ​ព្រំដែន​នៅលើ​ផែនទី​ខ្នាត ១ ​លើ​ ២៥ ​ពាន់​គឺ​ត្រឹមត្រូវ​តាម​ខ្សែ​ព្រំដែន​នៅ​ផែនទី​បោនខ្នាត ១ ​លើ​ ១០០ ​ពាន់​ទាំងអស់ លើកលែង​តែ​តំបន់​មួយចំនួន​ដែល​ពលរដ្ឋ​កម្ពុជា​ និង​វៀតណាម​កំពុង​រស់នៅ​និង​ដាំដុះ​អាស្រ័យផល​ជាក់ស្ដែង​គឺ​ត្រូវ​រក្សា​ដី​ទាំង​នោះ​ជូន​ពលរដ្ឋ​ដដែល តាមរយៈ​ការដោះដូរ​ដី​មួយ​ស្មើ​មួយ​។

លើសពី​នេះ​ផែនទី​ ១ ​លើ​ ២៥ ​ពាន់​គឺ​បាន​ប្រគល់​ឱ្យ​ប្រទេស​ទី​ ៣ ជា​អ្នក​បោះពុម្ព​គឺ​ក្រុមហ៊ុន BlominFo A/S នៃ​ប្រទេស​ដាណឺម៉ាក បន្ទាប់ពី​ការប្រកាស​ដេញថ្លៃ​ជា​អន្តរជាតិ ហើយ​ជា​ផែនទី​ធ្វើឡើង​តាមរយៈ​ការថត​រូបភាព​ពីលើ​អាកាស​តាម​បែប​បច្ចេកវិទ្យា​ទំនើប​ថ្មី ដែល​បាន​បង្ហាញ​យ៉ាងច្បាស់​នៅ​ទីតាំង​បង្គោល​ព្រំដែន និង​ខ្សែបន្ទាត់​ព្រំដែន ដែល​មាន​និយាម​ការច្បាស់លាស់​។

ប្រតិកម្ម​របស់​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​នេះ ធ្វើឡើង​បន្ទាប់ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ ១ កាលពី​ថ្ងៃទី​ ៣ ខែសីហា ដោយ​បាន​លើកឡើង​ថា​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​ដែល​បាន​ទទួលយក​ផែនទី​ខ្នាត ១ ​លើ​ ២៥ ​ពាន់​ចំនួន ២៥០ ​ផ្ទាំង​នៅ​ខេត្ត​តៃនិញ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​ ១ ខែ​សីហា គឺ​បាន​គូស​ដោយ​វៀតណាម​ផ្អែក​តាម​លទ្ធផល​នៃ​ការបោះបង្គោល​ព្រំដែន​ប្រទេស​ទាំង​ ២ សម្រេច​បាន ៨៤%​។

អតីត​គណបក្ស​សង្គ្រោះជាតិ​បន្តថា ការបោះបង្គោល​ព្រំដែន​បាន ៨៤% ​នោះ​គឺ​ធ្វើ​ទៅ​តាម​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​ ២០០៥ ដែល​ជា​សន្ធិសញ្ញា​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ត្រូវ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​វៀតណាម​។

ប៉ុន្តែ​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល​បាន​បញ្ជាក់ថា ការកំណត់​ខណ្ឌសីមា​ និង​ការបោះបង្គោល​ព្រំដែន​សម្រេច ៨៤% និង​កំពុង​បន្តធ្វើ​បញ្ចប់​ជា​ស្ថាពរ​នៅពេល​ខាងមុខ​នេះ​គឺ​ធានា​បាន​នូវ​ផ្ទៃក្រឡា​ដី​របស់​កម្ពុជា​ចំនួន ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា​ដោយ​មិនឱ្យ​ជាតិ និង​ប្រជាជន​ត្រូវ​ខាតបង់​ឡើយ​។

លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា កាលណា​ផែនទី​ត្រូវ​បាន​ពង្រីក​កាន់តែ​ធំ​គឺ​វា​កាន់តែ​ធ្វើឱ្យ​មាន​ការលម្អៀង​កាន់​តូច​ទៅ​នឹង​ផែនដី​។

លោក​បាន​បញ្ជាក់ថា​៖ «​ផែនទី​ខ្នាត​ ១ ​លើ​ ២៥ ​ពាន់​គឺ​វា​កាន់តែ​ច្បាស់ ហើយ​ការលម្អៀង​មាន​តិច​។ ខ្នាត​ ១ ​លើ​ ១០០ ​ពាន់​មានន័យ​ថា ១ ​សង់ទីម៉ែត្រ​នៅលើ​ផែនទី វា​ស្មើនឹង​ ១ ​ពាន់​ម៉ែត្រ​នៅ​លើ​ផែនដី ហើយ​ ១ ​លើ ៥០ ​ពាន់ វា​ស្មើនឹង​ ៥០០ ​ម៉ែត្រ​នៅលើ​ផែនដី វា​ស្មើនឹង​ ១ ​សង់ទីម៉ែត្រ​នៅលើ​ផែនទី​។ អ៊ីចឹង​បើ​ ១ ​លើ​ ២៥ ​ពាន់​គឺ​វា​លម្អៀង​កាន់តែ​តិច​។ ផែនទី​ពង្រីក​កាន់តែ​ធំ វា​ធ្វើឱ្យ​ការលម្អៀង​កាន់តែ​តូច​»៕