ភ្នំពេញៈ រាជរដ្ឋាភិបាល​បានសម្រេច​ទិញ​មន្ទីរពេទ្យ​ឯកជន​ ១ ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ក្រោយពី​មន្ទីរពេទ្យ​រដ្ឋ​ដែល​កំពុង​ដំណើរការ​ពុំ​មាន​កន្លែង​គ្រប់គ្រាន់​សម្រាប់​ទទួល​ព្យាបាល​អ្នកជំងឺ​ថ្មី ខណៈ​អ្នកមាន​វិជ្ជមាន​កូវីដ ​១៩ ចំនួន​ច្រើន​ត្រូវបាន​រកឃើញ​ជា​រៀងរាល់ថ្ងៃ​។

ទន្ទឹមគ្នា​នេះដែរ​ឧកញ៉ា​ល្បីឈ្មោះ​នៅក្នុង​វិស័យ​ឯកជន​មួយចំនួន​បាន​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ក្នុង​ការទិញ​មន្ទីរពេទ្យ​ដែលមាន​ឈ្មោះ​ស្ត្រី​នគរ​ទេព ដែល​រាជរដ្ឋាភិបាល​បាន​សម្រេច​ប្ដូរ​ឈ្មោះ​មកជា «​មន្ទីរពេទ្យ​ហ្លួង​ម៉ែ​»​។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន​ FN ​កាលពី​ថ្ងៃទី​ ២៧ ខែ​ មីនា ឆ្នាំ​ ២០២១ បាន​ឲ្យ​ដឹងថា​៖ «​រាជរដ្ឋាភិបាល​នឹង​ចរចា​ទិញយក​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​ហើយ​ប្តូរ​ឈ្មោះ​ទៅជា​មន្ទីរពេទ្យ​ហ្លួងម៉ែ​ បន្ទាប់ពី​ទិញ​រួចរាល់​។ ម្ចាស់​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​នឹង​យក​ថវិកា​ពី​ការលក់​នេះ​ទៅ​សាងសង់​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ថ្មី​មួយទៀត​»​។

លោក​ថា មន្ទីរពេទ្យ​ស្ត្រី​នគរទេព​បានចាប់ផ្តើម​ទទួល​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​ហើយ​ចាប់ពី​ថ្ងៃទី​ ២៧ ខែមីនា​ តទៅ​។

មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​មាន​ទីតាំង​ស្ថិតក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ត្រូវបាន​រៀបចំ​ឱ្យ​ក្លាយ​ជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩​។ វា​ក៏​ជា​មន្ទីរពេទ្យ​ធំ​ទី​២ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​បាន​យក​អតីត​សណ្ឋាគារ​អាំងទែរ​កង់ទីណង់តាល់​ធ្វើជា​មន្ទីរពេទ្យ​ព្យាបាល​អ្នកជំងឺ​កូវីដ​ ១៩ ​បន្ទាប់ពី​មាន​ការផ្ទុះឡើង​នូវ​ការឆ្លង រាលដាល​ជំងឺ​កូវីដ​ ១៩​ ក្នុង​ព្រឹត្តិការណ៍ សហគមន៍​ ២០ ​កុម្ភៈ​។

បន្ទាប់ពី​លោក​ ហ៊ុន សែន បានប្រកាសថា​នឹង​ប្រើប្រាស់​ថវិការដ្ឋ​ដើម្បី​ទិញយក​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​នេះ ​ឧកញ៉ា​មួយ​ចំនួន​ក៏បាន​ចាប់ផ្តើម​ប្រកាស​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជូន​លោក​ ហ៊ុន សែន សម្រាប់​ទិញ​មន្ទីរពេទ្យ​នេះ​ផងដែរ​។

ក្នុងនោះ​មាន​លោក ឡេង ណាវ៉ាត្រា បានប្រកាស​បរិច្ចាគ​ថវិកា​ចំនួន​ ៣,៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

លោក​ លី យ៉ុងផាត់ លោក​ ពុង ឃាវសែ និង​ក្រុមហ៊ុន​ជីពម៉ុង​បរិច្ចាគ​ចំនួន​ ២ ​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ និង​លោក​ ថោង សារ៉ាត់ ​ចំនួន​ ៥ ​ម៉ឺន​ដុល្លារ​ផងដែរ​។

លោក ឡេង ណាវ៉ាត្រា អគ្គនាយក​ក្រុមហ៊ុន​បុរី ឡេង ណាវ៉ាត្រា បាន​សរសេរ​លើ​បណ្តាញ​សង្គម​របស់​លោក​ថា​៖ «​ខ្ញុំបាទ និង​ក្រុមគ្រួសារ​សូមជួយ​តាមរយ:​សម្ដេចតេជោ​ដើម្បី​ទិញ​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​មក​ព្យាបាល​បងប្អូន​កើត​ជំងឺ​កូវីដ ​១៩ ចំនួន ៣,៥ ​លាន​ដុល្លារ​។ ខ្ញុំ​មិនអាច​រស់នៅ​តែឯង ខ្ញុំ​កើត​នៅ​កម្ពុជា ស្លាប់​នៅ​កម្ពុជា​ជួយ​ប្រជាជន​កម្ពុជា​ជា​តួនាទី​របស់​យើង​ទាំងអស់​គ្នា សាមគ្គីភាព​ទើប​មាន​ភាពរឹងមាំ​នេះ​ជា​ពេល​យើង​ត្រូវ​សាមគ្គី​គ្នា​»​។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក បាន​​ដឹកនាំ​កម្លាំង​ពាក់ព័ន្ធ​រៀបចំ​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​មក​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ ​១៩​។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃទី​ ២៧ ខែមីនា​ថា​៖ «១៧ ​ថ្ងៃ​ ក្រោយពី​បានទទួល​បញ្ជា​របស់​សម្ដេចតេជោ​នាយករដ្ឋមន្ត្រី​ឱ្យ​រៀបចំ​មន្ទីរពេទ្យ​ខ្នាត​ធំថ្មី​មួយកន្លែង​ទៀត​ដើម្បី​ត្រៀម​ទទួល​ព្យាបាល​បងប្អូន​អ្នកជំងឺ​កូវីដ ​១៩​។ នៅ​ថ្ងៃ​ ២៧ ខែ មីនា ឆ្នាំ​ ២០២១ នេះ អតីត​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​ត្រូវ​បាន​រៀបចំ​ប្រែក្លាយ​ជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ ១៩ រួចរាល់​ និង​បានចាប់ផ្ដើម​ទទួល​ព្យាបាល​អ្នកជំងឺ ដែល​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​មក​នា​ព្រឹក​នេះ​»​។

លោក​ ហ៊ុន ម៉ាណែត បាន​ថ្លែងថា ការរៀបចំ​មន្ទីរពេទ្យ​នេះ​មាន​ការចូលរួម​ពី​ក្រុមការងារ​រៀបចំ​មន្ទីរពេទ្យ និង​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ធ្វើការ​​ទាំងថ្ងៃ​ទាំងយប់ សហការគ្នា​ល្អ​ក្នុងការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ បទដ្ឋាន​ការងារ ក៏ដូចជា​ការហ្វឹកហ្វឺន​ និង​បំពាក់​ដល់​ក្រុមគ្រូពេទ្យ​ជួរមុខ សេវា​ជួរមុខ និង​ក្រុមការងារ​តាម​បណ្ដា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​របស់​មន្ទីរពេទ្យ​ដើម្បី​អាច​ដំណើរការបាន​ក្នុង​រយៈពេល​ដ៏ខ្លី​នេះ​។

ទន្ទឹមនឹង​នេះដែរ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ លោក​ អូន ព័ន្ធមុនរ័ត្ន កាលពី​ថ្ងៃទី​ ២៤ ខែ មីនា ឆ្នាំ​ ២០២១ បានសម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ចំពោះ​កិច្ច​ដើម្បី​វាយតម្លៃ ចរចា និង​រៀបចំ​កិច្ចសន្យា​ទិញ-លក់​មន្ទីរពេទ្យ​ស្ត្រី​នគរទេព​នេះ ដោយ​មាន​សមាសភាព​ចំនួន​ ១១ ​នាក់​ ដែល​មកពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្រសួង​សុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ​។ គណៈកម្មការ​មាន​ភារកិច្ច​ធ្វើការ​សិក្សា​លើ​គ្រប់​ទិដ្ឋភាព​ទាំង​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ព្រមទាំង​កំណត់​តម្លៃ​ដែល​រដ្ឋ​ត្រូវ​ទិញយក​មន្ទីរពេទ្យ​នេះ​ដោយ​គិត​បញ្ចូល​ទាំង​តម្លៃ​អចលនវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង​ឧបករណ៍​សម្ភារ​បរិក្ខារ​ផ្សេងៗ​ពី​មូលនិធិ​នគរទេព ដើម្បីឱ្យ​រដ្ឋ​អាច​ធ្វើការ​គ្រប់គ្រង ចាត់ចែង​ និង​ប្រើប្រាស់​។

មន្ទីរពេទ្យ​ស្ត្រី​នគរទេព​នេះ​ត្រូវបាន​សាងសង់​ឡើង​ក្នុង​ឆ្នាំ​ ២០១១ ក្រោម​មូលនិធិ​នគរទេព​ដោយ​ក្នុងនោះ​លោកស្រី​ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារី​ គឺជា​សហ​ស្ថាបនិក​ ១ ​រូប​។ មន្ទីរពេទ្យ​នេះ​មាន​ផ្ទៃដី​ទំហំ​ ១ ​ហិកតា និង​ ៥០ ​អា​ដែល​មាន​អគារ​ទំហំ ២៥ ០០០ ​ម៉ែត្រការ៉េ កម្ពស់​ ៥ ​ជាន់​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ​ដែល​បំពាក់​ដោយ​ប្រព័ន្ធ​សូទ្បា (solar) ​និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​កម្លាំង ៣៥០ KWA ​បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្ដូរ​ភ្លើង​ដោយ​ស្វ័យប្រវត្តិ​ទៀតផង​។

មន្ទីរពេទ្យ​នេះ​ដាក់​គ្រែ​សម្រាប់​អ្នកជំងឺ​បាន​ប្រមាណ ៥០០ ​គ្រែ​ ដែល​អាច​រៀបចំ​ទៅតាម​តម្រូវការ​នៃ​ផ្នែក​ផ្សេងៗ​ដូចជា ផ្នែក​សង្គ្រោះបន្ទាន់​បាន ​៨០ ​គ្រែ និង​ផ្នែក​ជំងឺ​ធម្មតា​បាន​ ៤២០ ​គ្រែ​។

មន្ទីរពេទ្យ​នេះ​ក៏មាន​បំពាក់​គ្រឿង​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឧបករណ៍​ផ្សេងៗ​តាម​ស្តង់ដា​ជា​មន្ទីរពេទ្យ​សម្ពព និង​ព្យាបាល​រោគ​ស្ត្រី​ផងដែរ​៕