
រដ្ឋាភិបាលនិរាករណ៍លិខិតកាន់កាប់ ទិញលក់ដីនៅក្នុងតំបន់ជម្រកសត្វព្រៃឡង់ ក្រោយរកឃើញតម្រុយពាក់ព័ន្ធទំនាស់ដីធ្លីរវាងពលរដ្ឋ ១៨៨ គ្រួសារ។ ក្រសួងបរិស្ថាន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិរាករណ៍រាល់លិខិតនានា ពាក់ព័ន្ធនឹងការបញ្ជាក់ កាន់កាប់ ការលក់-ទិញ និងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់” ក្រោយរកឃើញតម្រុយពាក់ព័ន្ធទំនាស់ដីធ្លីរវាងពលរដ្ឋ ១៨៨ គ្រួសារ ជាមួយមន្ត្រីបរិស្ថានខេត្តកំពង់ធំនៅតំបន់តាប៉ុក ឬតំបន់ដីក្រហម ឃុំសុចិត្រ ស្រុកសណ្តាន់។
យោងតាមលិខិតលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការនៃគណៈរដ្ឋមន្ត្រីដែលបានជម្រាបជូនរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងអភិបាលខេត្តកំពង់ធំដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីថ្ងៃទី ២៧ ខែមករា បានឱ្យដឹងថា ប្រតិភូគណបក្សរស្មីខេមរាបានរកឃើញអំពីតម្រុយពាក់ព័ន្ធនឹងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋចំនួន ១៨៨ គ្រួសារជាមួយនឹងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ (ឧទ្យានុរក្សការពារតំបន់ព្រៃឡង់)។
តាមរយៈលិខិតនោះលោក ហ៊ីង ថូរ៉ាក់ស៊ី បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចឱ្យរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកសណ្តាន់ និងឃុំសុចិត្រ ចាត់ចែងអនុវត្តការនិរាករណ៍រាល់លិខិតនានាពាក់ព័ន្ធនឹងការបញ្ជាក់ កាន់កាប់ ការទិញ-លក់ និងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់”។
ជាមួយគ្នានេះ លិខិតនោះក៏បានតម្រូវឱ្យរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលស្រុកសណ្តាន់ស្រាវជ្រាវរកសាវតារឈ្មោះ ហ៊ាន តយ និងអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានដីធ្លីក្នុងតំបន់តាប៉ុក ឬតំបន់ដីក្រហមដែលស្ថិតនៅក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដើម្បីមានវិធានការតាមច្បាប់ជាធរមាន។
ចំណែកក្រសួងបរិស្ថានត្រូវសហការជាមួយរដ្ឋបាល ខេត្តកំពង់ធំ និងរដ្ឋបាលស្រុកសណ្តាន់ចុះពិនិត្យ និងកំណត់ព្រំប្រទល់ (ឃុំទុក) ទីតាំងដីមានវិវាទក្នុងតំបន់តាប៉ុក ឬតំបន់ដីក្រហម ស្ថិតក្នុងឃុំសុចិត្រ ស្រុកសណ្តាន់ ដើម្បីរៀបចំកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំមកហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភក្ត្រា បានថ្លែងកាលពីថ្ងៃ ២៧ មករាថា លោកមិនមានអត្ថាធិប្បាយអ្វីបន្ថែមជុំវិញរឿងនេះទេ។ ចំណែកលោក សុខ លូ អភិបាលខេត្តកំពង់ធំប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកនៅមិនទាន់ទទួលបាន សជណ ចេញពីទីស្តីការគណៈរដ្ឋមន្ត្រីនៅឡើយទេ គិតមកទល់រសៀលថ្ងៃទី ២៧ ខែមករា។ ហេតុនេះលោកមិនទាន់ដឹងច្បាស់ថា មានការសម្រេចបែបណាខ្លះនោះទេ។ លោកថា៖ «ខ្ញុំអត់បានឃើញលិខិតហ្នឹងនិរាករណ៍យ៉ាងម៉េច ខ្ញុំក្តាប់អត់បានណាបាទ»។
អនុប្រធានគណបក្សរស្មីខេមរាលោក ហែម ប្រសើរ បានឱ្យដឹងថា តាមរយៈ សជណចុងក្រោយដែលចេញពីគណៈរដ្ឋមន្ត្រីនេះលោករំពឹងថា ដីដែលមានបញ្ហានេះនឹងអាចត្រឡប់ទៅប្រជាពលរដ្ឋវិញ។
លោកថ្លែងថា៖ «ខ្ញុំសង្ឃឹមថាដីនេះប្រហែលជាអាចនឹងមានការប្រគល់ជូនទៅប្រជាពលរដ្ឋតែធ្វើយ៉ាងណាកុំឱ្យតែមានការទន្ទ្រានថែមទៀត»។
បើតាមលោក ហែម ប្រសើរ ពលរដ្ឋបានអះអាងថា ពួកគាត់បានទៅរស់នៅអាស្រ័យផលយូរឆ្នាំមកហើយគឺតាំងពីឆ្នាំ ២០០៧ មកម្ល៉េះដែលមានគ្នាប្រមាណជាង ១៨០ គ្រួសារលើដីប្រមាណជាង ១ ៨៥០ ហិកតា ហើយការទៅរស់នៅនេះដោយសារតែកាលនោះតំបន់ដែលពួកគាត់អាស្រ័យផលនោះមិនទាន់បានដាក់ក្នុងតំបន់ព្រៃឡង់នៅឡើយទេ។
លោកបានថ្លែងថា៖ «កាលនោះអត់ទាន់ដាក់ចូលក្នុងតំបន់ព្រៃឡង់ទេគឺប្រជាពលរដ្ឋយើងបានទៅអាស្រ័យផល និងកាន់កាប់ដីហ្នឹងមានដាំដើមស្វាយចន្ទី កៅស៊ូធំៗ ហើយរហូតក្រោយមកទើបចេញអនុក្រឹត្យដាក់ក្នុងតំបន់ហ្នឹងជាព្រៃឡង់ តែតាមពិតវាស្ថិតក្នុងផែនទីព្រៃឡង់មែន ប៉ុន្តែអ្វីដែលជាការពិតមិនមែនជាព្រៃឡង់»៕