
កិច្ចប្រជុំស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតតែ ១ នៅក្រសួងប្រៃសណីយ៍ថ្ងៃទី ២១ កុម្ភៈ។ ក្រសួងប្រៃសណីយ៍
ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កំពុងសិក្សាពីលទ្ធភាពបង្កើតច្រកទ្វារអ៊ីនធឺណិតតែមួយ ដើម្បីគ្រប់គ្រងលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាមួយនេះឱ្យកាន់តែមានសុវត្ថិភាព ដោយមន្ត្រីបានបញ្ជាក់ថា នាពេលខាងមុខរដ្ឋាភិបាលនឹងបង្កើតក្រុមការងារថ្នាក់ជាតិមួយ ដើម្បីអនុវត្តកិច្ចការងារនេះ។
លោក អ៊ឹម វុត្ថា មន្ត្រីនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ប្រាប់ភ្នំពេញប៉ុស្ដិ៍នាថ្ងៃទី ២៤ កុម្ភៈថាមាត់ច្រក អ៊ីនធឺណិតតែមួយនេះគឺជាមាត់ច្រកមួយ ដើម្បីបង្រួមរាល់ការតភ្ជាប់បណ្ដាញអ៊ីនធឺណិតទៅបរទេសឱ្យមកនៅច្រកតែមួយដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។
លោកបញ្ជាក់ថា៖ «នេះគឺជាគម្រោងរបស់ជាតិមួយ ដើម្បីបង្កើតច្រកគ្រប់គ្រងអ៊ីនធឺណិតរួម ព្រោះអនាគតទៅបច្ចេកវិទ្យាកាន់តែវិវត្ត។ ពេលនោះការគ្រប់គ្រង អ៊ីនធឺណិតត្រូវឱ្យមានសុពលភាព សុវត្ថិភាព សម្រាប់ការប្រើប្រាស់ទូទៅ»។
លោកបន្តថា៖ «អ៊ីចឹងសព្វថ្ងៃវាមានមាត់ច្រកច្រើនដូចជាតាម VOIP តាមមាត់ច្រកទូរគមនាគមន៍ និងតាមបណ្ដាញខ្សែកាបិ៍ក្រោមបាទសមុទ្រ។ អ៊ីចឹងរកវិធីមួយដើម្បីឱ្យចូលមកក្នុងច្រកជាតិតែមួយ ដើម្បីធានាបាននូវការគ្រប់គ្រងទៅលើការប្រើប្រាស់អ៊ីនធឺណិតសន្ដិសុខ និងសុវត្ថិភាព»។
លោកថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតតែមួយនេះ ដោយសារអ្នកប្រើប្រាស់អ៊ីនធឺណិតមានលទ្ធភាពច្រើនទាំងផ្លូវល្អ និងផ្លូវអាក្រក់ ហើយការបង្កើតនេះនឹងជួយទប់ស្កាត់កុំឱ្យប្រជាពលរដ្ឋត្រូវរងការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធឺណិត និងទប់ស្កាត់ការប្រើដែលធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិ សន្ដិសុខជាតិ ប្រពៃណី និងទំនៀមទម្លាប់ជាដើម។
កាលពីថ្ងៃទី ២១ ខែកុម្ភៈ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សាលើការសិក្សាលទ្ធភាពបង្កើតច្រកទ្វារអ៊ីនធឺណិតតែមួយនេះ។
កិច្ចប្រជុំក៏បានពិភាក្សាទៅលើអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ កុម្ភៈ ដែលប្រាប់ឱ្យក្រសួងពាក់ព័ន្ធចាត់វិធានការលើផ្លូវច្បាប់ និងតាមលក្ខណៈបច្ចេកទេស ដើម្បីបិទរាល់គណនីបណ្ដាញទំនាក់ទំនងសង្គម ដែលបង្ហោះមាតិការ ឬ វីដេអូផ្សាយផ្ទាល់ បញ្ចេញសាច់ និងកេរខ្មាសហួសហេតុធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់ស្ដ្រីខ្មែរ។
ទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានផ្សព្វផ្សាយថាកិច្ចប្រជុំបានលើកឡើងពីកិច្ចសហការគ្នារវាងក្រសួងប្រៃសណីយ៍ ក្រសួងសេដ្ឋកិច្ច និងក្រសួងពាក់ព័ន្ធដើម្បីរៀបចំ លិខិតបទដ្ឋានគតិយុត្តស្ដីពីការគ្រប់គ្រង និងការចុះបញ្ជីធ្វើអាជីវកម្មសេវាអនឡាញ។ កិច្ចប្រជុំក៏បានលើកឡើងពីការបន្តចាត់វិធានការលើគណនីបណ្ដាញទំនាក់ទំនងសង្គម និងគេហទំព័រ ដែលផ្សព្វផ្សាយលក់ផលិតផលបញ្ចេញសាច់ និងកេរខ្មាសធ្វើឱ្យប៉ះពាល់សីលធម៌សង្គម និងសេចក្ដីថ្លៃថ្នូរស្ដ្រីតាមយន្តការមានស្រាប់ ស្របតាមប្រកាសរួម រវាងក្រសួងប្រៃសណីយ៍ ក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ៕