ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ដែល​មាន​ជាង ៥៦ ​ម៉ឺន​គ្រួសារ​ ឬ​ស្មើ​ប្រមាណ ២ ​លាន​ ៣ ​សែន​នាក់​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា ខណៈ​ដែល​មន្ត្រី​បញ្ជាក់ថា ការស្រង់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​តែ​បន្តធ្វើ​។

លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់លោក​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅ​ទូទាំង​ពិភពលោក​បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​យ៉ាងខ្លាំង ហើយ​បាន​ធ្វើឱ្យ​ពលរដ្ឋ​មួយចំនួន​ត្រូវបាន​ផ្អាក​ពី​ការងារ ជាពិសេស​ពលរដ្ឋ​ក្រីក្រ​នៅ​តាម​ជនបទ​ដាច់ស្រយាល​មួយចំនួន​កំពុង​ជួបប្រទះ​ការខ្វះខាត​ម្ហូបអាហារ​។

លោក​សរសេរ​ថា​៖ «​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​រិះរក​វិធី​នានា ដែល​អាច​ធ្វើ​បាន ដើម្បី​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​ស្ថានភាព​ចាំបាច់​នេះ​។ នៅ​ថ្ងៃ​ពុធ​ទី​ ២៤ មិថុនា ​ខាងមុខ​នេះ យើង​នឹង​ប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩»​។

យោងតាម​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នៅ​ថ្ងៃទី​​ ១២ ​មិថុនា​ ដែល​ទើបតែ​ឃើញ​ផ្សព្វផ្សាយ​កាលពី​ម្សិលមិញ​បញ្ជាក់​ថា គ្រួសារ​ក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ និង​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ​គឺ​ក្នុង​មួយ​គ្រួសារ​នៃ​គ្រួសារ​ក្រីក្រ​កម្រិត ១ ​និង​កម្រិត​ ២ ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ១២ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​។

ចំពោះ​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ​គឺ​កម្រិត​ ១ ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៥២ ​ពាន់​រៀល​ ក្នុង​ ១ ​ខែ រីឯ​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​ ២ ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ ៣៦ ពាន់​រៀល​។ អនុក្រឹត្យ​បន្តថា ចំណែក​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ គឺ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៤ ​ម៉ឺន​រៀល​ ក្នុង​ ១ ​ខែ ហើយ​សមាជិក​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​ ១ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ចំនួន​ ២៨ ​ពាន់​រៀល​សម្រាប់​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​ ២​។ ជន​ងាយ​រងគ្រោះ​ដូចជា​កុមារ​ចាប់ពី​អាយុ​ ៥ ​ឆ្នាំ​ចុះ ជនពិការ មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០ ​ឆ្នាំ​ឡើង និង​គ្រួសារ​មាន​សមាជិក​ផ្ទុក​ជំងឺអេដស៍​ទាំង​នៅ​ទីប្រជុំជន ក្នុង និង​ក្រៅ​រាជធានី​ភ្នំពេញ​គឺ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ជាប្រចាំ​ខែ​ស្មើៗ​គ្នា គឺ​ក្នុង​ម្នាក់​ទទួល​បាន​ប្រាក់​ ៤ ​ម៉ឺន​រៀល​សម្រាប់​អ្នកក្រីក្រ​កម្រិត​ ១ និង​ ២៨ ​ពាន់​រៀល សម្រាប់​អ្នកក្រីក្រ​កម្រិត​ ២​។

អនុក្រឹត្យ​បញ្ជាក់​ទៀត​ថា គ្រួសារ​ក្រីក្រ និង​ជន​ងាយ​រងគ្រោះ​នៅ​ជនបទ​គឺ​ក្នុង​ ១ ​គ្រួសារ​ក្រីក្រ​កម្រិត​ ១ និង​កម្រិត​ ២ ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៨ ​ម៉ឺន​រៀល​ក្នុង​ ១ ​ខែ​ ខណៈ​ជនរងគ្រោះ​ដូចជា​កុមារ​មាន​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ​ចុះ ជនពិការ មនុស្ស​ចាស់​អាយុ​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើង និង​គ្រួសារ​មាន​សមាជិក​ផ្ទុក​ជំងឺអេដស៍ គឺ​អ្នក​ស្ថិត​ក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​ ១ ទទួល​បាន​ប្រាក់ឧបត្ថម្ភ ២៤​ ពាន់​រៀល និង​អ្នក​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​កម្រិត​ ២ ទទួលបាន​ប្រាក់​ ១២ ​ពាន់​រៀល​ក្នុង​ ១ ​ខែ​។

ក្រសួង​ផែនការ​ឲ្យ​ដឹងថា ការធ្វើ​បច្ចុប្បន្នភាព​កំណត់​អត្តសញ្ញាណកម្ម​គ្រួសារ​ក្រីក្រ​គិត​ត្រឹម​ថ្ងៃទី​ ១ ខែ​មិថុនា ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​ការរីករាលដាល​ជំងឺ​កូវីដ​១៩​គឺ​បាន​រកឃើញ​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ ឬ​ស្មើ​ប្រមាណ​ ២ ​លាន​ ៣ ​សែន​នាក់​។

លោក ថេង បញ្ញាធន អគ្គនាយក​ផែនការ​នៃ​ក្រសួង​ផែនការ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា តួលេខ​ពលរដ្ឋ​ដែល​ត្រូវ​កំណត់​អត្តសញ្ញាណ​ជា​គ្រួសារ​ក្រីក្រ​ទាំងនេះ ត្រូវ​បាន​ក្រសួង​ផែនការ​បញ្ជូន​ទៅ​ឱ្យ​ក្រសួង​សេដ្ឋកិច្ច​រួចហើយ ដើម្បី​កំណត់​អំពី​ទំហំ​ទឹកប្រាក់​ដែល​ផ្ដល់ជូន​គ្រួសារ​ទាំងនោះ​។

លោក​បន្តថា ការ​ស្រង់​ស្ថិតិ​ចំនួន​ពលរដ្ឋ​ក្រីក្រ​គឺ​នៅតែ​បន្តធ្វើ​ចាប់​តាំងពី​ថ្ងៃទី​ ១ ​មិថុនា​z មក ហើយ​នៅ​ចុង​ខែ​នេះ​នឹង​ធ្វើ​បច្ចុប្បន្នភាព​អំពី​ចំនួន​សាជាថ្មី ដើម្បី​ឱ្យ​បើកប្រាក់​ឧបត្ថម្ភ​ជំហាន​បន្ត​នៅក្នុង​ដើមខែ​កក្កដា​ខាងមុខ​។ លោក​បញ្ជាក់ថា ក្រសួង​ផែនការ​ជា​អ្នកកំណត់​ចំនួន​ពលរដ្ឋ​ក្រីក្រ រីឯ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជា​អ្នកកំណត់​ទំហំ​ទឹកប្រាក់ ហើយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​គឺជា​អ្នក​ប្រគល់​ប្រាក់​ផ្ទាល់​។

លោក​បន្តថា​៖ «​ចំនួន​គ្រួសារ​ដែល​កំណត់​អត្តសញ្ញាណ​ក្រីក្រ​គឺ​មាន​ការកើនឡើង​នៅ​ក្រោយ​ពី​ថ្ងៃទី​ ១ ​មិថុនា ប៉ុន្តែ​យើង​អត់​ទាន់​ប្រើ​ទេ ដោយសារ​ទំហំ​ថវិកា និង​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ហ្នឹង គឺ​យើង​ធ្វើជា​ជំហាន​»​។

ចំណែក​លោក​ មាស សុខសែនសាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ក៏​មិន​ប្រាប់​អំពី​ទំហំ​ទឹកប្រាក់​ដែល​ត្រូវ​ឧបត្ថម្ភ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទាំង​ជាង​ ៥៦ ​ម៉ឺន​គ្រួសារ​នោះដែរ​។ លោក​ថា​៖ «​ចំនួន​ទំហំ​ទឹកប្រាក់​ហ្នឹង គឺ​សម្ដេច​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ២៤ ខែមិថុនា​»​។

ក្រសួង​សេដ្ឋកិច្ច​ធ្លាប់​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​ត្រៀម​ថវិកាបម្រុង​សម្រាប់​ចាយវាយ​នៅក្នុង​អំឡុងពេល​ជំងឺ​កូវីដ ១៩ គឺមាន​ចំនួន​ចាប់ពី ៨០០ ​លាន​ដុល្លារ ទៅ​ ២ ​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​រក្សា​លំនឹង​អាជីវកម្ម​ក្នុង​វិស័យ​មួយចំនួន ជួយ​សម្រាល​បន្ទុក​របស់​ក្រុមកម្មករ និង​ពលរដ្ឋ​ដែល​ក្រីក្រ​ងាយរងគ្រោះ ខណៈ​លោក មាស សុខសែនសាន ​ធ្លាប់​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ទឹកប្រាក់​បម្រុង​ទាំងនោះ​ត្រូវ​បាន​រដ្ឋាភិបាល​ចាយ​អស់​ជាង ១ ​ពាន់​លាន​ដុល្លារ​ហើយ​។

ក្រៅពី​ការប្រកាស​ចាប់ផ្ដើម​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ លោក ហ៊ុន សែន ​ក៏​បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​អំពី​ជំងឺឆ្លង​កូវីដ​ ១៩ គឺ​ត្រូវ​ប្រើប្រាស់​ម៉ាស់​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែល​សម្លាប់​មេរោគ​។

លោក​បន្តថា ចំពោះ​ក្រុមហ៊ុន និង​អ្នកគ្រប់គ្រង​នៅ​តាម​ទីកន្លែង​ដែលមាន​ការប្រមូលផ្តុំ​មនុស្ស​ច្រើន ដូចជា​ផ្សារ ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន ហាង​កាហ្វេ ជាពិសេស​គ្លីនិក និង​មន្ទីរពេទ្យ​ព្យាបាល​ទាំង​រដ្ឋ និង​ឯកជន​ត្រូវ​មាន​ទឹក​អាល់កុល និង​ម៉ាស់​ដើម្បីឱ្យ​អតិថិជន​ប្រើប្រាស់​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩​ ពី​ម្នាក់​ទៅ​ម្នាក់​។

កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ថា គ្មាន​អ្នកជំងឺ​កូវីដ​១៩​ថ្មី​ទៀត​ទេ ប៉ុន្តែ​មាន​អ្នកជំងឺ​ម្នាក់ទៀត​បាន​ជា​សះស្បើយ ដែល​បាន​ធ្វើឱ្យ​ចំនួន​អ្នកជា​សះស្បើយ​កើន​ដល់ ១២៧ ​នាក់​ ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ទាំងអស់​ ១២៩ ​នាក់​ដែល​ត្រូវបាន​រាយការណ៍​នៅ​កម្ពុជា​។

ទោះយ៉ាងណា​ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច គឺ​ត្រូវ​សម្រប​ខ្លួន​តាម​ការរស់នៅ​បែប​គន្លង​ថ្មី​ដែល​ត្រូវ​ប្រកាន់​យក​ការអនុវត្ត​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន ដូចជា​លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹកញាប់ ត្រូវ​ពាក់​ម៉ាស់​ ឬ​ក្រមា​នៅពេល​ចាំបាច់​ ឬ​នៅពេល​កណ្ដាស់​ ឬ​ក្អក ត្រូវអនុវត្ត​គម្លាត​សុវត្ថិភាព​សង្គម និង​បុគ្គល ដើម្បី​ការពារ​កុំឱ្យ​មាន​រលក​ទី​ ២ ​នៃ​ការឆ្លង​នៅក្នុង​ប្រទេស​៕

វីដេអូ៖