ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ នៅតាមសាលាចំណេះទូទៅរដ្ឋចាប់ពីថ្នាក់ទី ១ ដល់ទី ១២ ដើម្បីជួយសម្រួលដល់ជីវភាពសិក្សា និងជំរុញការមិនបោះបង់ចោលការសិក្សារបស់សិស្ស។ កន្លងមកថវិកាផ្តល់ដល់តែសិស្សមធ្យមសិក្សាបឋមភូមិប៉ុណ្ណោះ។
អនុក្រឹត្យរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី១៧ មីនា និងទើបផ្សព្វផ្សាយដោយក្រសួងអប់រំ ក្នុងសប្តាហ៍នេះ បានសម្រេចផ្តល់អាហារូបករណ៍សម្រាប់សិស្សថ្នាក់ទី ៤ ដល់ទី ១២ ចាប់អនុវត្តពីឆ្នាំសិក្សា ២០១៤ ២០១៥ នេះតទៅ ឯសម្រាប់សិស្សក្រីក្រថ្នាក់ទី ១ ដល់ទី ៣ ត្រូវកំណត់ដោយប្រកាសអន្តរក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច។
អនុក្រឹត្យរបស់លោកហ៊ុន សែន បានសម្រេចផ្តល់អាហារូបករណ៍ជាថវិកា ដល់សិស្សក្រីក្រ នៅតាមគ្រឹះស្ថានចំណេះទូទៅ មានកម្រិត បឋមភូមិ (ថ្នាក់ទី ១ ដល់ទី ៦) ចំនួន ២៤ ម៉ឺនរៀល កម្រិត ធម្យមសិក្សាបឋមភូមិ (ថ្នាក់ទី ៧ ដល់ទី ៩) ចំនួន ២៤ ម៉ឺនរៀល និងកម្រិតធម្យមសិក្សាទុតិយភូមិ (ថ្នាក់ទី ១០ ដល់ទី ១២) ចំនួន ៣៦ ម៉ឺនរៀល ក្នុងមួយឆ្នាំសិក្សា ដែលត្រូវបើកជាបីលើក។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុជននិងកីឡា មានប្រសាសន៍ប្រាប់ ភ្នំពេញប៉ុស្តិ៍ ម្សិលមិញថា កន្លងមកថវិការអាហារូបករណ៍អនុវត្តតែលើសិស្សថ្នាក់ទី ៧ ៨ និង ៩ ប៉ុណ្ណោះ ដែលមានសិស្សប្រមាណ ៦ ម៉ឺននាក់ទទួលបានចេញពីថវិការរដ្ឋ។
លោកថា៖ «ការផ្តល់អាហារូបករណ៍ជួយសិស្សបឋមសិកក្សា ឲ្យរៀនបានជាប់លាប់ លែងបោះបង់ចោលកណ្តាលទី។ នោះនឹងជួយពង្រឹងមូលដ្ឋាននៅពីក្រោម ដែលជាគោលនយោបាយរដ្ឋាភិបាល»។
លោកបន្តថា ទទួលស្គាល់ថា ថវិកានេះ មានចំនួនតិចតួចអាច «ជួយសំរួលជីវភាពសិស្សក្រីក្រ។
លោកបន្តថា៖ «ការផ្តល់អាហារូបករណ៍ ក៏នឹងកាត់បន្ថយការបោះបង់ការសិក្សា ដើម្បីទៅរកការងារធ្វើបានមួយផ្នែក»។
លោកបន្តថា អាហារូបករណ៍នេះនឹងផ្តោតលើសិស្សក្រីក្រ និងពូកែ ដែលក្រសួងនឹងជ្រើសរើសប្រមាណ ៦ ម៉ឺននាក់បន្ថែមទៀត។
លោក ស៊ឹម ស៊ីម នាយករងវិទ្យាល័យហ៊ុនសែន តាំងគោក ស្រុកបារាយ ខេត្តកំពង់ធំ មានប្រសាសន៍ថា លោកមានសិស្សក្រីក្រ ១៨ នាក់ ក្នុងសាលាដែលទទួលអាហារូបករណ៍សម្រាប់ថ្នាក់ទី ៧ ដល់ទី ៩ កន្លងមក គឺម្នាក់ទទួលបាន ១៨ ម៉ឺនរៀលក្នុងមួយឆ្នាំ។
លោកថ្លែងថា៖ «បើថវិការឡើងអ៊ីចឹងមែន ក៏នៅតែមិនគ្រប់គ្រាន់សម្រាប់សិស្សក្រីក្រពិតប្រាកដដែរ ហើយការបោះបង់ការសិក្សានៅតែមានជាបន្តទៀត ព្រោះគាត់គិតថា គាត់អាចរកការងារធ្វើ ជាកម្មកររោងចក្រ ក៏យ៉ាងហោចណាស់បាន ១៥០ ដុល្លារក្នុងមួយខែដែរ»៕