ភ្នំពេញៈ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងកាលពីសប្ដាហ៍មុនថា រាជរដ្ឋាភិបាលនឹងមានវិធានការត្រួតពិនិត្យឡើងវិញចំពោះអាជីវកម្មរុករករ៉ែមាសក្នុងខេត្តមណ្ឌលគិរី ក្រោយពីមានការស្រាវជ្រាវរកឃើញសារធាតុស្យានីដ (Cyanide) នៅក្នុងទឹកដែលបានធ្វើឲ្យមនុស្សស្លាប់ ១៤ នាក់ និងរាប់រយនាក់ធ្លាក់ខ្លួនឈឺត្រូវបានជួយសង្គ្រោះឲ្យរួចជីវិត។
នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយកាលពីថ្ងៃទី ១៧ ខែឧសភាលោក ចម ប្រសិទ្ធ ថ្លែងថា៖ «វិធានការរបស់រាជរដ្ឋាភិបាលនឹងមាននៅពេលខាងមុខទៀត ចំពោះការធ្វើអាជីវកម្មរុករករ៉ែមាសទាំងមានអាជ្ញាប័ណ្ណ ឬគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបន្ទោសគឺអាគ្មានអាជ្ញាប័ណ្ណហ្នឹងហើយ។ ហើយអាស្យានីដមិនដឹងថាយកពីណាបានមកចេះតែឲ្យនាំចូល»។
លោក រដ្ឋមន្ត្រីថ្លែងបន្តថា៖ «ចំពោះអាជីវកម្មរុករករ៉ែមាស រាជរដ្ឋាភិបាលនឹងត្រូវត្រួតពិនិត្យឡើងវិញ ដើម្បីចូលរួមទប់ស្កាត់កុំឲ្យមានករណីនេះកើតឡើងបន្ដទៀត។ យើងទៅស្រាវជ្រាវពីសារធាតុស្យានីដសម្រាប់លាងសម្អាតមាស រហូតទៅដល់ខេត្តមណ្ឌលគិរី ហើយយើងបានឃើញកន្លែងមួយចំនួនធ្វើរ៉ែមាស ទាំងមានអាជ្ញាប័ណ្ណ ទាំងមិនមានអាជ្ញាប័ណ្ណ ហើយឃើញទាំងសារធាតុស្យានីដនៅទីនោះ។ ពួកគេបានប្រើវាហើយអត់មានប្រព័ន្ធការពារអីទេ។ ដល់ពេលភ្លៀងមក អត់មានអាងស្ដុក អ៊ីចឹង សារធាតុស្យានីដនោះវាហូរធ្លាក់ចូលទៅក្នុងព្រែក បណ្ដាលឲ្យទឹកព្រែកពុល»។
លោក ចម ប្រសិទ្ធ បានអះអាងថាក្រោយការស្រាវជ្រាវដល់ការដ្ឋានធ្វើរ៉ែមាស រកឃើញមានសារធាតុ ស្យានីដ នៅទីនោះត្រូវបានគេចាក់ចោលដោយគ្មានអាងចម្រោះ ឬស្តុកទុកឡើយ។ ដូច្នេះករណីពុលទឹកនៅឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះ កន្លងមកនេះគឺមានពាក់ព័ន្ធនឹងអាជីវកម្មរ៉ែមាសដែលខ្វះការទទួលខុសត្រូវមួយចំនួនបង្ហូរកាកសំណល់ សារធាតុស្យានីដ (Cyanide) ទៅក្នុងទឹកព្រែក។
កាលពីដើមខែឧសភាឆ្នាំ ២០១៨ កន្លងទៅនេះប្រជាពលរដ្ឋនៅភូមិ ស្រែនន និង ភូមិអាលច ឃុំកន្តួត ស្រុកចិត្របុរី ខេត្តក្រចេះប្រមាណ ៣០០ នាក់បានឈឺពោះ, ក្អួតចង្អោរ, ឈឺក្បាល, អស់កម្លាំង, ទន់ដៃទន់ជើង, វិលមុខ និងថប់ដង្ហើមត្រូវបានបញ្ជូនទៅព្យាបាលជាបន្តបន្ទាប់នៅមន្ទីរពេទ្យខេត្តក្រចេះ និងមន្ទីរពេទ្យកាល់ម៉ែតក្នុងទីក្រុងភ្នំពេញ និងដែលបានបណ្ដាលឲ្យអ្នកជំងឺ ១៤ នាក់បានស្លាប់។ អាការជំងឺដ៏ចម្លែកនេះត្រូវបានគេសង្ស័យថាបង្កឡើងដោយសារករណីពុល ស្រា និង ពុលទឹកដែលបណ្ដាលមកពីថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។
លោក ចម ប្រសិទ្ធ បានថ្លែងថាកន្លងមកនេះក្រុមមន្ត្រីជំនាញជាច្រើនស្ថាប័ន បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវប្រមូលនូវរាល់សំណាកមួយចំនួនដូចជាស្រាស និង ទឹក ដែលមានប្រភពមកពីព្រែកទេ និងអូរគគីរ ដែលត្រូវបានសង្ស័យមកពិសោធ ដើម្បីស្វែងរកការពិតនៃករណីពុល ហើយក្នុងជំហានដំបូងក្រុមមន្ត្រីជំនាញបានរកឃើញមានសារធាតុមេតាណុលខ្ពស់នៅក្នុងស្រាស ខណៈក្នុងទឹករកឃើញនូវសារធាតុ Chromium និងសារធាតុ Nitrite Acid ដែលសារធាតុគីមីពុលទាំងនេះមាននៅក្នុងថ្នាំបាញ់សម្លាប់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ ក្រៅពីសារធាតុក្រូម និងនីទ្រីត ការពិសោធទៅលើទឹកក៏បានរកឃើញមានសារធាតុស្យានីដ (Cyanide) ផងដែរ ដែលសារធាតុនេះត្រូវបានគេប្រើនៅក្នុងឧស្សាហកម្មអណ្ដូងរ៉ែមាស។
លោក យស មុន្នីរ័ត្ន អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលកាលពីម្សិលមិញបានអះអាងថាមន្ត្រីជំនាញក្រសួងរ៉ែ និងបរិស្ថានបានកំពុងសិក្សាស្រាវជ្រាវនៅតំបន់អណ្ដូងរ៉ែ។ ក្រុមហ៊ុនអាជីវកម្មរ៉ែមាសចំនួន ៣ ដែលទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលនៅតំបន់ដែលសង្ស័យមានកាកសំណល់សារធាតុស្យានីដ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថាអ្នកខ្លះបន្ទោសថា សារជាតិក្រូមបណ្ដាលមកពីអ្នកប្រើថ្នាំសម្លាប់ស្មៅនៅក្នុងកសិដ្ឋានផ្នែកខាងលើព្រែកទេ ដូច្នេះនៅពេលភ្លៀង សារធាតុក្រូមហូរចូលព្រែក ប៉ុន្ដែថ្នាំសម្លាប់ស្មៅនេះអត់មានសារធាតុស្យានីដទេ។
យោងតាមរបាយការណ៍ព័ត៌មានដែលដកស្រង់ពី WIKIPEDIA សារធាតុ Cyanide នឹងបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព ដូចជាធ្វើឲ្យបេះដូងលោតញាប់ខុសប្រក្រតី ថប់ដង្ហើម ឈឺក្បាល វិលមុខ ប្រកាច់ និងធ្វើឲ្យស្លាប់ភ្លាមៗបាន។
លោក ចម ប្រសិទ្ធ ថាវិធានការឆ្លើយតបភ្លាមៗដើម្បីទប់ស្កាត់នូវបញ្ហាពុល ដែលបង្កឡើងដោយសារធាតុខាងលើនេះគឺគ្រប់បណ្ដាអង្គភាពរដ្ឋាករទឹកទាំងអស់ក្នុងបណ្ដាខេត្តជាប់ដងទន្លេមេគង្គ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានត្រឹមត្រូវ និងឲ្យប្រាកដថាទឹកដែលអង្គភាពរបស់ខ្លួនត្រូវធ្វើការចែកចាយដល់អ្នកបរិភោគ និង ប្រើប្រាស់ គឺគ្មានសារធាតុ ស្យានីដ។
លោក ហង្ស ចាន់ឌី អភិបាលស្រុក ចិត្របុរី ម្សិលមិញនេះអាជ្ញាធរដែនដីនៅពុំទាន់មានការប្រកាសឲ្យអ្នកភូមិក្នុងតំបន់រងគ្រោះ ប្រើប្រាស់ទឹកព្រែកទេ និង អូរគគីរវិញនៅឡើយទេ ខណៈទឹកស្អាតត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ៕