ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានជូនដំណឹងទៅលោក Tan Sri Lim Kok Thay នាយកប្រតិបតិ្តនៃក្រុមហ៊ុនម៉ាឡេស៊ី Genting Group អំពីដីសម្បទានសេដ្ឋកិច្ចដែលកាន់កាប់ដោយក្រុមហ៊ុនឯកជននឹងត្រូវរឹបអូស ប្រសិនបើក្រុមហ៊ុនឯកជនទាំងនេះមិនបំពេញបានតាមផែនការមេស្តីពីការអភិវឌ្ឍទេនោះ។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្រ្តី បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំបិទទ្វារ នៅវិមានសន្តិភាពថា៖ «នៅពេលនេះ កម្ពុជាបានរឹតត្បិតដីសម្បទានសេដ្ឋកិច្ច ហើយរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តឲ្យក្រុមហ៊ុនឯកជន ដែលបានទទួលដីសម្បទានសេដ្ឋកិច្ច ត្រូវដាក់ផែនការមេស្តីពីការអភិវឌ្ឍ ប្រសិនបើខកខាន រដ្ឋាភិបាលនឹងរឹបអូសយកមកវិញ»។
លោកបានបន្ថែមថា លោក Lim បានជម្រាបជូនលោកនាយករដ្ឋមន្រ្តីអំពីក្រុមហ៊ុន Genting Group ដែលកំពុងស្វែងរកឱកាសវិនិយោគលើរមណីយដ្ឋាន កសិកម្ម និងអគ្គិសនី។
លោក សុផល្លែត បានបន្ថែមថា៖ «សម្តេចនាយករដ្ឋមន្រ្តីបានណែនាំពីឱកាសវិនិយោគ ដែលនៅតំបន់ឆ្នេរ និងផលិតកម្មកសិកម្មសម្រាប់នាំចេញ ដូចជាស្រូវ អង្ករនិងកៅស៊ូ»។
លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា តំបន់ឆ្នេរមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍នៅថ្ងៃអនាគត។
ចុងក្រោយនេះ រដ្ឋាភិបាលពិនិត្យលើក្រុមហ៊ុន ១២២ ទៀត ដែលកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ដែលដីសម្បទានរបស់ក្រុមហ៊ុនចំនួន ១០ ក្រុមហ៊ុន ត្រូវបានលុបចោល៕