
រដ្ឋាភិបាលនឹងសង់អគារចំនួន ៤ ក្នុងមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កនៅខណ្ឌព្រែកព្នៅ ដើម្បីធ្វើជាទីតាំងរួមនៃការធ្វើចត្តាឡីស័ក។ ហ៊ាន រង្សី
ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្រសួងសុខាភិបាលសហការជាមួយសាលារាជធានី នឹងសាងសង់អគារចំនួន ៤ នៅក្នុងមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កនៅខណ្ឌព្រែកព្នៅដើម្បីធ្វើជាទីតាំងរួមនៃការធ្វើចត្តាឡីស័កដែលអាចដាក់មនុស្សពី ៨០០ ទៅ ៩០០ នាក់។
លោក ឃួង ស្រេង ប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ការសាងសង់មណ្ឌលចត្តាឡីស័កទាំងនោះ គឺដោយសារសាលារៀនដែលសាលារាជធានីយកប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កកន្លងមកគឺត្រូវប្រគល់ទៅឱ្យក្រសួងអប់រំវិញ។ លោកថា៖ «ពីព្រោះអី ដោយសារបន្តិចទៀតហ្នឹងសាលារៀនត្រូវបើកឡើងវិញ គឺយើងមិនអាចយកសាលាធ្វើជាកន្លែងចត្តាឡីស័កទៀតទេ»។
សារព័ត៌មាន ហ្វ្រេសញូវបានស្រង់សម្ដីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលមកចុះផ្សាយថា អគារសម្រាប់ធ្វើចត្តាឡីស័កទាំង ៤ នោះនឹងមានគ្រូពេទ្យឯកទេសប្រចាំការដើម្បីព្យាបាលជំងឺបឋមនៅក្នុងករណីបន្ទាន់ដែលមានអ្នកកើតមានអាការមិនស្រួលហើយនឹងត្រូវសាងសង់ឱ្យរួចរាល់ក្នុងពេលឆាប់ៗ។
បើតាមលោកស្រី យក់ សម្បត្តិ គឺចាប់តាំងពីថ្ងៃទី ២០ ខែឧសភា ជាពេលដែលកម្ពុជាចាប់ផ្ដើមអនុវត្តវិធានការឱ្យអ្នកដំណើរមកពីក្រៅប្រទេស មានអ្នកដំណើរជាង ៤ ម៉ឺននាក់ ត្រូវបានឲ្យធ្វើចត្តាឡីស័កក្នុងនោះមាន ១៤៦ នាក់ឆ្លងជំងឺកូវីដ១៩។ កន្លងមកអ្នកដំណើរទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កនៅតាមវិទ្យាល័យ និងសាលារៀនចំនួន ៤ នៅក្នុងរាជធានីភ្នំពេញ ហើយខ្លះទៀតត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័កកងទ័ពអាកាស និងខ្លះទៅធ្វើចត្តាឡីស័កនៅតាមសណ្ឋាគារ។
ភ្នំពេញប៉ុស្ដិ៍មិនអាចសុំការបញ្ជាក់បន្ថែមជុំវិញគម្រោងសាងសង់មណ្ឌលចត្តាឡីស័កនេះពីលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី យក់ សម្បត្តិ បានទេ ដោយសារទូរស័ព្ទរបស់អ្នកទាំង ២ ពុំមានអ្នកទទួល។ រីឯលោក លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងបដិសេធផ្ដល់ព័ត៌មាន និងជំរុញឱ្យសួរលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួង។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនអាចទាក់ទងបាន។
កាលពីថ្ងៃម្សិលមិញក្រសួងសុខាភិបាលក៏បានចេញលិខិតអំពាវនាវឱ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខគឺនៅពេលចូលទៅកាន់ទីវត្តអារាមត្រូវពាក់ម៉ាស់ រក្សាអនាម័យដៃស្អាត និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយសារតែប្រទេសកម្ពុជានៅតែរងការគំរាមកំហែងពីជំងឺឆ្លងកូវីដ១៩នៅឡើយ។
ក្រសួងសុខាភិបាលបានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត និងគណៈកម្មការវត្ត ត្រូវចាត់ចែងរៀបចំឱ្យមានការអនុវត្តវិធានការសុខាភិបាល និងត្រូវតាមដាន ត្រួតពិនិត្យនៅតាមវត្តអារាមរួមទាំងវិហារ សាលាឆាន់ និងកុដិ ដើម្បីធានាថា ការប្រារព្វពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ១៧ កញ្ញា ដោយមានការចូលរួមពីប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងការអនុវត្តវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ ១៩។
សេចក្ដីណែនាំស្ដីពីការការពារការចម្លងជំងឺកូវីដ ១៩ និងការពុលចំណីអាហារអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌបានបន្តថា តាមវត្តអារាមត្រូវរៀបចំកន្លែងលាងដៃ និងកន្លែងវាស់កម្ដៅ និងបាញ់អាល់កុលនៅច្រកចេញចូលខ្លោងទ្វារវត្ត។
ពុទ្ធបរិស័ទនៅពេលប្រគេនចង្ហាន់ព្រះសង្ឃត្រូវរក្សាគម្លាតសុវត្ថិភាព ១ ម៉ែត្រកន្លះ។ ព្រះសង្ឃគ្រប់អង្គ ដូនជី តាជី និងពុទ្ធបរិស័ទទាំងអស់ត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗអង្គ និងគ្រប់ៗគ្នា។ អាជ្ញាធរត្រូវរាយការណ៍ជាបន្ទាន់ នៅពេលកើតមានករណីគ្រុនក្ដៅ និងគ្រុនផ្ដាសាយជាក្រុម និងត្រូវចាត់តាំងកម្លាំងតាមឃ្លាំមើល ការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺឆ្លងកូវីដ១៩ និងការរៀបចំទុកដាក់អាហារឱ្យបានត្រឹមត្រូវ ចៀសវាងការបណ្ដាលឱ្យពុលអាហារ។
នៅថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានរាយការណ៍ករណីវិជ្ជមានជំងឺកូវីដ ១៩ ថ្មីម្នាក់ទៀត ដែលជាជនជាតិបារាំងអាយុ ៣០ ឆ្នាំ បន្ទាប់ពីកម្ពុជារាយការណ៍មិនមានករណីថ្មីតាំងពីថ្ងៃទី ១៥ ខែសីហា៕