
គ្រឿងចក្រកំពុងកាយដីធ្វើផ្លូវនៅក្រុងសៀមរាប។ រូបថត ក្រសួងសាធារណការ
សៀមរាបៈ គណៈកម្មការអន្តរក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសចម្រុះចំនួន ៩ ក្រុម ដើម្បីចុះត្រួតពិនិត្យតាមដានលើលក្ខណៈបច្ចេកទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ដោយចុះពិនិត្យផ្ទាល់ជាប្រចាំនៅតាមទីកន្លែងសាងសង់នីមួយៗ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវតាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ១៤ ធ្នូថា ក្រុមការងារបច្ចេកទេសចម្រុះនីមួយៗត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២ សប្តាហ៍ម្តងជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួងផងដែរ។
លោកបន្ថែមថា៖ «ក្រុមការងារបច្ចេកទេសទាំង ៩ ក្រុមនេះមាន ១ ក្រុមជាក្រុមការងារសំណង់ និងសុរិយាដីពាក់ព័ន្ធនឹងការធ្វើប្លង់គោលសម្រាប់ប្រើប្រាស់នៅក្នុងក្រុងសៀមរាបទាំងមូល»។
លោក ប៉ិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជា ( IT) ថ្លែងថា ក្រុមការងារបច្ចេកទេសដែលត្រូវបានបង្កើតឡើងនេះត្រូវតែបែងចែក តួនាទី និងភារកិច្ចឱ្យបានច្បាស់លាស់ដើម្បីធ្វើយ៉ាងណាឱ្យការត្រួតពិនិត្យមានភាពរលូន។ លោកថ្លែងថា៖ «បើក្រុមការងារច្រើនពេក វាអាចប៉ះពាល់ដល់ចង្វាក់នៃការបញ្ជាការងារប្រៀបដូចជាគ្នាច្រើនអន្សមខ្លោច។ អ៊ីចឹងទេគួរតែបង្កើតតែ ២ ឬ ៣ ក្រុម ហើយមានកូនក្រុមតូចៗក្នុងការចុះត្រួតពិនិត្យ»។
ក្រៅពីនេះលោក ប៉ិច ពិសី ក៏ចង់ឱ្យមានគណនេយ្យភាព និងតម្លាភាពក្នុងការប្រើប្រាស់ថវិកាលើការអនុវត្តគម្រោងសាងសង់ផ្លូវទាំង ៣៨ ខ្សែនៅក្នុងក្រុងសៀមរាបនេះផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូន បានថ្លែងនៅថ្ងៃទី ១៤ ខែធ្នូថាក្នុងចំណោមក្រុមការងារបច្ចេកទេសចម្រុះទាំង ៩ ក្រុមនោះក្រៅពីក្រុមការងារត្រួតពិនិត្យលើគុណភាពផ្លូវត្រួតពិនិត្យតាមដានលើគម្រោងសាងសង់ផ្លូវ ត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបំពាក់សម្ភារកាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើក៏មានក្រុមការងារសិក្សាពីនគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោងផងដែរ។
គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងសៀមរាបចំនួន ៣៨ ខ្សែនេះ មានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០ លានដុល្លារ និងថវិកាប្រមាណជាង ៩ លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនា ប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ផ្លូវទាំង ៣៨ ខ្សែនេះ។
ការសាងសង់ផ្លូវទាំងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ ខែដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១។ រចនាសម្ព័ន្ធផ្លូវទាំង ៣៨ ខ្សែនេះត្រូវបានបែងចែកជាប្រភេទផ្លូវស្ថិតក្នុងតំបន់ដែលមានភ្ញៀវទេសចរធ្វើដំណើរច្រើន ប្រភេទផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន ប្រភេទផ្លូវវាងក្រុងជាដើម៕