ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចម្រុះថ្មីមួយសម្រាប់ទទួល និងដោះស្រាយបណ្តឹងនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជាដើម្បីទប់ស្កាត់ការតវ៉ាផ្សេងៗជាអ្វីដែលមន្ត្រីសង្គមស៊ីវិលយល់ថាជារូបភាពដូចត្រៀមបង្ក្រាប ខណៈសមាសភាពក្រុមការងារនេះមានមន្ត្រីប្រដាប់អាវុធជាន់ខ្ពស់ជាច្រើនរូប។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៨ បានបង្កើតក្រុមការងារចម្រុះដែលមានសមាសភាពមន្ត្រី ២២ រូបក្នុងនោះមានច្រើនរូបជាមន្ត្រីជាន់ខ្ពស់ប្រដាប់អាវុធ និងតំណាងមកពីក្រសួងចំនួន ៦ ដើម្បីទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាលផងដែរ។
តាមសេចក្ដីសម្រេចដដែលបានបញ្ជាក់ថា៖ «ក្រុមការងារចម្រុះមានភារកិច្ច៖ ទទួលពាក្យបណ្តឹងតវ៉ាផ្សេងៗនៅមុខភូមិគ្រឹះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនៅវិមានឯករាជ្យ រាជធានីភ្នំពេញ និងតាខ្មៅខេត្តកណ្តាលរួចបញ្ជូនទៅជំនាញពាក់ព័ន្ធដើម្បីពិនិត្យសម្រេច ឬធ្វើរបាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី។ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ទប់ស្កាត់ក្រុមតវ៉ាមានបាតុករច្រើននាក់ដែលមានបំណងមកដាក់បណ្តឹងតវ៉ាផ្សេងៗជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទប់ស្កាត់រាល់ការញុះញង់ពីក្រុមឆ្លៀតឱកាសដែលកេងចំណេញមកលើអ្នកតវ៉ា»។
បើតាមសេចក្ដីសម្រេចនេះសមាសភាពនៃក្រុមការងារនេះរួមមាន លោក ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជានាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធាន, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ, លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល, លោក ឧត្តមសេនីយ៍ឯក ចៅ តុល នាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សជាអនុប្រធាន។
ក្រៅពីនោះមានសមាជិកជាច្រើនរូបទៀត រួមមាន លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ មេបញ្ជាការរងនាយសេនាធិការបញ្ជាការដ្ឋានអង្គរក្ស, លោក ឌៀង សារុន មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស, លោក លោកឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល ក្រុមលេខាលោកនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស និងលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការស្នងការដ្ឋាននគរបាលខេត្តកណ្តាលជាសមាជិក និងលោកឧត្តមសេនីយ៍ឯក យ៉ាត ទូច ក្រុមលេខាលោកនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សជាសមាជិកអចិន្រៃ្តយ៍ និងមានតំណាងមកពីក្រសួងចំនួន ៦ ផ្សេងទៀតជាសមាជិក។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកបានថ្លែងថាការបង្កើតក្រុមការងារចម្រុះដែលមានមន្ត្រីទាហាន និងប៉ូលិសជាន់ខ្ពស់បែបនេះហាក់ដូចជារូបភាពត្រៀមទុកបង្ក្រាបការតវ៉ាណាមួយដោយសារមន្ត្រីខ្លះក្នុងចំណោមនោះធ្លាប់ជាប់ពាក់ព័ន្ធនឹងការបង្ក្រាបបាតុកម្មហើយថា នេះជារូបភាពនៃការរឹតបន្តឹងសេរីភាពលើក្រុមអ្នកតវ៉ា និងសកម្មជនផ្សេងៗ។
លោកបានបញ្ជាក់ថា៖ «គ្រាន់តែឃើញសមាសភាពដែលជាកម្លាំងប្រដាប់អាវុធហ្នឹងធ្វើឲ្យអ្នកតវ៉ា សកម្មជន និងប្រជាជនមានការព្រួយបារម្ភរួចទៅហើយ។ ការ [ដោះស្រាយ] ការទាមទារមិនគួរដាក់មន្ត្រីប្រដាប់អាវុធឱ្យពាក់ព័ន្ធនោះទេហើយករណីមានឧត្តមសេនីយ៍ធំៗ និងមេដឹកនាំកម្លាំងប្រដាប់អាវុធបែបនេះធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានទៅតវ៉ា»។
យ៉ាងណាក្ដីលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានបដិសេធចំពោះការលើកឡើងរបស់សង្គមស៊ីវិលនេះដោយលោកចាត់ទុកថាជាការព្យាយាមរិះគន់ដោយពុំមានមូលដ្ឋានច្បាស់ ហើយថាការបង្កើតក្រុមការងារនេះជាសិទ្ធិសម្រេចរបស់លោកនាយករដ្ឋមន្ត្រីដែលនឹងជួយសម្របសម្រួលដោះស្រាយបញ្ហា។
លោកបានបញ្ជាក់ថា៖ «សង្គមស៊ីវិលហ្នឹងឆ្កួតហើយមិនដឹងអីសោះ...អង្គការមិនមែនរដ្ឋាភិបាលដែលតែងតែឃើញអវិជ្ជមានពួកហ្នឹងគឺមិនដែលគ្រប់គ្រងរាស្ត្រទេ ហើយគេតែងតែព្យាយាមទាញរាស្ត្រចេញពីរដ្ឋគេបង្កើតតុលាការខ្លួនគេហើយល្មមបញ្ឈប់ទៅសកម្មភាពទាំងហ្នឹង»៕