The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ

ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ឆ្នាំ ២០១៣ ​​។
ពិធី​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​កាលពី​ឆ្នាំ ២០១៣ ​​។ ម៉ៃ វីរៈ

រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ

ភ្នំពេញៈ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គណៈកម្មការ​អន្តរ​ក្រសួង​ដើម្បី​រៀបចំ​ដំណើរការ​ពិធីបុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៥ ក្នុង​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពត​ក្នុង​ខែ​ធ្នូ​ខាង​មុខ​នេះ​ដោយ​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​លើស​​ពី ៥ ម៉ឺន​នាក់​។

សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី ១៤ ខែ​កញ្ញា​បាន​​ឲ្យ​ដឹង​ថា​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ ២០១៥ ក្រោម​ប្រធានបទ «ឆ្នេរ​ស្អាត សេដ្ឋកិច្ច​រុងរឿង» ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​កំពត​ចាប់ពី​ថ្ងៃ​ទី ១១ ដល់​ទី ១៣ ខែ​ធ្នូ​ខាង​មុខ​នឹង​ត្រូវ​ដឹកនាំ​ចាត់ចែង និង​​ត្រួត​ពិនិត្យ​ដំណើរការ​ដោយ​គណៈកម្មការ​អន្តរ​ក្រសួង​ដែល​មាន​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន ជា​ប្រធាន​លោក ខូយ ឃុនហួរ អភិបាល​ខេត្ត​កំពត​ជា​អនុប្រធាន និង​សមាជិក ៣៨ រូប​ទៀត​ក្នុង​នោះ​ក៏​មាន​អភិបាល​ខេត្ត​ព្រះសីហនុ​លោក យន់ មីន អភិបាល​ខេត្ត​កោះកុង លោក ប៊ុន លើត និង​អភិបាល​ខេត្ត​កែប លោក កែន សត្ថា ជា​សមាជិក​ផង​ដែរ។

សេចក្តី​សម្រេច​នេះ​ក៏​បាន​កំណត់​ដែរ​ថា ​គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​សិទ្ធិ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​ទេសចរណ៍ និង​ប្រភព​ថវិកា​ស្រប​ច្បាប់​ផ្សេងៗ​ទៀត​ដើម្បី​ដំណើរការ​ការងារ​របស់​ខ្លួន និង​មាន​សិទ្ធិ​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ឬ​ផ្នែក​ឯកជន​ដើម្បី​ជួយ​ទ្រទ្រង់ និង​ឧបត្ថម្ភ​ដល់​ដំណើរការ​រៀបចំ​ពិធី​បុណ្យ​នេះ​។

ក្នុង​សេចក្តី​សម្រេច​នេះ​រដ្ឋាភិបាល​ក៏​បាន​បង្កើត​នូវ​លេខាធិការដ្ឋាន​ដើម្បី​​សម្របសម្រួល​ការងារ​ទូទៅ​អនុគណៈកម្មការ​ចំនួន ៥ ​ផ្សេង​ទៀត​ទទួល​បន្ទុក​ផ្សព្វផ្សាយ​ការ​តាំង​ពិព័រណ៍​សមិទ្ធផល​នានា​ការ​រៀបចំ​កីឡា​លើ​ទឹក​កីឡា​លើ​ឆ្នេរ​រៀបចំ​ខ្លឹមសារ​កិច្ចប្រជុំ​នានា​រៀបចំ​ទស្សនីយភាព​សិល្បៈ និង​រក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់ និង​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

អនុប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ទេសចរណ៍​លោក ទិត ចន្ថា បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​ពិធី​បុណ្យ​សមុទ្រ​ឆ្នាំ​ ២០១៥ នេះ​គឺ​រំពឹងថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ចូលរួម​លើស​ពី ៥ ម៉ឺន​នាក់​ដោយ​សារ​ទីតាំង​ខេត្ត​នេះ​សម្បូរ​នូវ​រមណីយដ្ឋាន​ទេសចរណ៍​កន្លែង​កម្សាន្ត និង​សណ្ឋាគារ​​ស្នាក់​នៅ​ច្រើន។

លោក​ថា៖ «នេះ​ជា​ឆ្នាំ​ទី ៤ នៃ​ពិធី​បុណ្យ​សមុទ្រ​តាមរយៈ​បទពិសោធ​កន្លង​គឺ​យើង​រំពឹង​ថា​នឹង​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​កាន់តែ​ច្រើន​លើស​ពី​ឆ្នាំ​មុនៗ​ដែល​មាន​ប្រមាណ ៤ ​ម៉ឺន​នាក់​សម្រាប់​ឆ្នាំ​នេះ​រំពឹង​ថា​នឹង​មាន​លើស​ពី ៥ ម៉ឺន​នាក់»​។

ស្នងការ​នគរបាល​ខេត្ត​កំពត​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី​បាន​ឲ្យ​ដឹង​ថា​រោង​រៀបចំ​ពិធី​បុណ្យ​សមុទ្រ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ទីតាំង​ក្បែរ​សាលា​ខេត្ត​តាម​បណ្តោយ​មាត់​ទន្លេ​ជាប់​ដៃ​ព្រែក​ក្នុង​សង្កាត់​កំពង់កណ្តាល ក្រុង​កំពត។

លោក​បន្ដ​ថា​ ពិធី​បុណ្យ​ឆ្នាំ​នេះ​នឹង​ខុស​ពី​ឆ្នាំ​មុនៗ​ដោយសារ​ទីតាំង​ខេត្ត​នេះ​មាន​ចម្ងាយ​ជាង ១៤០ ​គីឡូម៉ែត្រ​​ពី​ភ្នំពេញ និង​មាន​ព្រំប្រទល់​ជាប់​ខេត្ត​កំពង់ស្ពឺ កំពង់​សោម តាកែវ និង​​ខេត្ត​កណ្តាល​ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​រំពឹង​ថា​នឹង​មាន​ភ្ញៀវទេសចរ​ច្រើន​ជាង​ឆ្នាំ​មុន​។

លោក ច័ន្ទមធុរិទ្ធ បន្ត​ថា​ក្នុង​គោលដៅ​រក្សា​សណ្តាប់ធ្នាប់ និង​ការពារ​សុវត្ថិភាព​របស់​ភ្ញៀវទេសចរ​សមត្ថកិច្ច​រាប់ពាន់​នាក់​នៅ​ខេត្ត​កំពត និង​មកពី​ភ្នំពេញ​នឹង​ត្រូវ​ដាក់​ពង្រាយ​ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​។

បើ​តាម​លោក ទិត ចន្ថា ពិធី​បុណ្យ​សមុទ្រ​ត្រូវ​បាន​ធ្វើ​ឡើង​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០១២ នៅ​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០១៣ នៅ​ខេត្ត​កែប​ឆ្នាំ​ ២០១៤ នៅ​ខេត្ត​កោះកុង​ហើយ​បន្ទាប់ពី​ខេត្ត​កំពត​នៅ​ឆ្នាំ ២០១៥ នេះ​ខេត្ត​ព្រះសីហនុ​នឹង​ត្រូវ​ជ្រើសរើស​សម្រាប់​ឆ្នាំ​ក្រោយ​ទៅ​តាម​រង្វិល​ជុំ​នៃ​ខេត្ត​ជាប់​មាត់​សមុទ្រ​ទាំង​បួន​នេះ៕

អត្ថបទគួរចាប់អារម្មណ៍