
តំបន់ឆ្នេរនៅខេត្តកែប កាលពីខែមេសាឆ្នាំ ២០១៧។ រូបថត សហការី
កែបៈតំបន់សមុទ្រថ្មីមួយ ដែលត្រូវបានការពារ ត្រូវបានបង្កើតឡើង នៅម្តុំឆ្នេរនៃខេត្តកែប ដើម្បីការពារជីវចម្រុះនិងការពារការនេសាទខុសច្បាប់។ នេះបើតាមមន្រ្តីដែលបានថ្លែងកាលពីថ្ងៃអាទិត្យ។
ការប្រកាសមួយ ដែលចេញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋាភិបាលបានបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រជាផ្លូវការ ដែលមានទំហំជាង ១១០០០ ហិកតា កាលពីថ្ងៃទី ១២ ខែមេសា។
លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានថ្លែងថា អ្នកនេសាទ ត្រូវបានតម្រូវឲ្យនៅក្នុងដែនទឹកដែលមានជម្រៅយ៉ាងហោចណាស់ ២០ ម៉ែត្រ ដើម្បីការពារផ្កាសមុទ្រ និងស្មៅសមុទ្រ ខណៈការតម្រូវនេះត្រូវបានរំលោភបំពាន«ស្ទើររាល់ថ្ងៃ»។ លោកបានថ្លែងថា៖ «បញ្ហានេះ កំពុងបំផ្លាញធនធានជលផលរបស់យើង»។
តំបន់ការពារនេះ នឹងអនុញ្ញាតចំពោះការនេសាទទ្រង់ទ្រាយតូច ដែលមានប្រើឧបករណ៍នេសាទតូចៗ ដើម្បីអភិរក្សធនធានជលផល ប្រកបដោយចីរភាព សម្រាប់មនុស្សជំនាន់ក្រោយ។
លោក លូ វន្នី អ្នកសម្របសម្រួលប្រចាំកម្ពុជា សម្រាប់គំនិតផ្តួចផ្តើមនេះ ដែលកម្ពុជាបានចូលរួមក្នុងឆ្នាំ ២០១៣ និងត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការអភិរក្សតំបន់ឆ្នេរ បានថ្លែងថា ការបង្កើតតំបន់ការពារនេះ គឺជាផ្នេកនៃគំនិតផ្តួចផ្តើមព្រៃកោងកាង សម្រាប់អនាគត។
អង្គការដទៃៗទៀតដូចជា អង្គការអភិរក្សសមុទ្រកម្ពុជា ក៏បានចូលរួមផងដែរ។ តំបន់ការនេះត្រូវបានចែកចេញជាបួនតំបន់ ដែលមួយអភិរក្សសម្រាប់ការស្រាវជ្រាវវិជ្ជាសាស្រ្ត និងទេសចរណ៍អេកូ។ លោក វន្នី បានថ្លែងបន្តថា៖ «នេះជាតំបន់សំខាន់ណាស់ ដែលយើងត្រូវតែការពារសម្រាប់ជីវចម្រុះ»។
លោក វិបុល បានថ្លែងថា ជំហ៊ានបន្ទាប់ គឺចាប់ផ្តើមធ្វើសេចក្តីព្រាងផែនការគ្រប់គ្រងរយៈពេល៥ឆ្នាំ និងកំណត់ដែនតំបន់ ដែលក្រុមមន្រ្តី បានចាប់ផ្តើមធ្វើនាខែនេះ។ សេចក្តីព្រាងនេះ ត្រូវបានរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលបីខែខាងមុខ។
រដ្ឋាភិបាលមានថវិកា ដើម្បីបង្កើតផែនការគ្រប់គ្រង និងសម្រាប់ការតាមដាននិងល្បាត ប៉ុន្តែវាត្រូវការការវិនិយោគបន្ថែមដើម្បីអនុវត្តវា។ លោកបានថ្លែងថា៖ «ពិតណាស់ មានបញ្ហាប្រឈមធំមួយ សម្រាប់ថវិកា នោះហើយជាមូលហេតុ ដែលយើងត្រូវការមនុស្សជុំវិញយើងគាំទ្រ»។
លោក វន្នី បានថ្លែងថា កម្មវិធីរបស់យើង នឹងបន្តផ្តល់ការគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុ ជាមួយនឹងថវិកាចំនួន៦.៥០០ ដុល្លារ ដើម្បីជួយផែនការនេះនិងការស្រាវជ្រាវ បើទោះបីជាលោកបានថ្លែងថា មានក្តីបារម្ភថា ការបោះឆ្នោតនាខែកក្កដាខាងមុខ នឹងធ្វើឲ្យជំហានការងារនេះ យឺតក៏ដោយ៕ PS