
ហ្វូងសត្វស្លាបនៅបឹងស្នេហ៍ ខេត្តព្រៃវែង។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចចេញអនុក្រឹត្យបង្កើត «តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍» ស្ថិតក្នុងភូមិសាស្ត្រក្រុងព្រៃវែង ស្រុកស្វាយអន្ទរ ស្រុកពាមរក៍ និងស្រុកបាភ្នំ ខេត្តព្រៃវែង ដែលតំបន់នោះមានផ្ទៃដីទំហំ ៣ ៥៥៧ ហិកតា។
ការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មីនេះក្នុងគោលបំណង ដើម្បីធានាការរក្សា និងការការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ បរិស្ថាន និងវប្បធម៌។ ផ្តល់ ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ។ នេះបើតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចេញកាលពីថ្ងៃទី ៥ កុម្ភៈ ស្តីពីការបង្កើតតំបន់ប្រើប្រាស់ច្រើនយ៉ាង ទួលព័ន្ធតាឡីបឹងស្នេហ៍ ដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញ។
គោលបំណងសំខាន់បន្ថែមទៀត រាជរដ្ឋាភិបាលចង់បង្កើនតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់។ បង្កើន និងធានាការប្រើប្រាស់តំបន់ដីសើមប្រកបដោយភាពឈ្លាសវៃ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ផងដែរ។
តាមហ្វេសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ១៦ កុម្ភៈ បញ្ជាក់ថា តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍នេះ បានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងធនធានធម្មជាតិយ៉ាងសម្បូរបែបដែលគាំទ្រដល់ការអភិវឌ្ឍសហគមន៍មូលដ្ឋាន។
បឹងមានទឹកជាអចិន្រៃ្តយ៍ទាំងនៅក្នុងរដូវប្រាំង និងរដូវវស្សាដែលផ្តល់នូវប្រភពទឹកស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ និងសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ មានអន្លង់ត្រីសំខាន់ៗ ដែលជាទីជម្រករស់នៅ និងបន្តពូជរបស់ត្រីជាច្រើនប្រភេទ។ ជាកន្លែងនេសាទដ៏សំខាន់សម្រាប់ប្រជាជនរស់នៅជុំវិញតំបន់ ជាកន្លែងសម្រាកកម្សាន្ត និងជាបឹងប្រវត្តិសាស្ត្រដែលផ្សារភ្ជាប់ជំនឿមានព្រលឹងអរូបិយ «អ្នកតាព័ន្ធតាឡី»។ នេះបើតាមក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ការរៀបចំផែនការគ្រប់គ្រងអភិរក្សនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងថ្មីនេះ ក្រសួងបរិស្ថាននឹងសហការជាមួយ ប្រជាសហគមន៍នៅកន្លែងនៃតំបន់ទាំងអស់នោះដើម្បីរៀបចំនូវផែនការអភិរក្ស អភិវឌ្ឍន៍អេកូទេសចរណ៍ជាប្រយោជន៍សម្រាប់លើកស្ទួយជីវភាពពលរដ្ឋនៅតំបន់នោះ។
លោកថ្លែងថា៖ «យើងនឹងមានផែនការក៏ដូចជាមានកម្លាំងមន្ត្រីឧទ្យានុរក្សចុះល្បាត ក៏ដូចជាឈរជើងការពារនៅកន្លែងតំបន់ទាំងអស់ហ្នឹងដើម្បីទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីនៅកន្លែងនោះ ក៏ដូចជាការបំផ្លិចបំផ្លាញទីជម្រករបស់សត្វស្លាប។ ព្រោះតំបន់ហ្នឹងមានសត្វស្លាបច្រើន និងមានការទាក់ទាញភ្ញៀវទេសចរ»។
លោក ជា ចំរើន ប្រធានអង្គការថែរក្សាបរិស្ថាន និងកសិកម្ម គាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល។ លោកថា ការបង្កើតតំបន់ ប្រើប្រាស់ច្រើនយ៉ាងថ្មីនេះប្រហែលជារាជរដ្ឋាភិបាលចង់ចាប់ផ្តើមបង្កើតភាពជាគំរូ សម្រាប់ក្មេងជំនាន់ក្រោយ ក៏ដូចជាប្រជាពលរដ្ឋទូទៅចូលរួមទាំងអស់គ្នាក្នុងកិច្ចការពារបរិស្ថាន កុំឱ្យមានការធ្វេសប្រហែស។ ព្រោះការប៉ះពាល់រេចរឹលទៅលើបរិស្ថានអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងមិនត្រឹមតែក្នុងប្រទេសនោះទេគឺឈានដល់ក្នុងតំបន់ទៀតផង។
លោកថ្លែងថា៖ «នេះជាការចាប់ផ្តើមទៅជាគំរូដើម្បីឱ្យប្រទេសយើងមើលឃើញផង ពិភពលោកផង និងប្រទេសជិតខាងយើងផង។ បើមិនអ៊ីចឹងទេ ការរេចរឹល វាចេះតែកើនឡើងទៀត ហើយការការពារបរិស្ថាន និងជីវចម្រុះនេះ ខ្ញុំមើលឃើញថា ក្មេងជំនាន់ក្រោយហាក់បីដូចជាស្ទើរតែបំភ្លេចទៅហើយ។ គាត់គិតតែពីរឿងមានបាន រឿងមហាសេដ្ឋីទេ ក្នុងដំណាក់កាលចុងក្រោយនេះ»៕