The Phnom Penh Post Search

Search form

រដ្ឋាភិបាល​បន្ត​ដក​តំណែង​មន្ត្រី​របស់​លោក​ ញឹក ប៊ុនឆៃ

Content image - Phnom Penh Post
លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ ហេង ជីវ័ន

រដ្ឋាភិបាល​បន្ត​ដក​តំណែង​មន្ត្រី​របស់​លោក​ ញឹក ប៊ុនឆៃ

ភ្នំពេញៈ ​រដ្ឋាភិបាល​បាន​ចាប់ផ្តើម​ដក​តំណែង​ក្នុង​រដ្ឋាភិបាល​របស់​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក​ ញឹក ប៊ុនឆៃ ជា​ផ្នែក​នៃ​អ្វី​ដែល​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​និយាយ​ថា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ដាក់​សម្ពាធ​ពួកគេ​ឲ្យ​បោះបង់​មេដឹកនាំ​របស់​ខ្លួន ហើយ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​។

បើ​តាម​ព្រះរាជក្រឹត្យ​ផ្សេង​មួយ​ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី កាលពី​សប្តាហ៍​មុន​សមាជិក​ ៥ ​នាក់​នៃ​គណបក្ស​នេះ​ត្រូវ​បាន​បណ្តេញ​ពី​តំណែង​ក្នុង​រដ្ឋាភិបាល​ដែល​ពួកគេ​ទទួល​បាន​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ខណៈ​សមាជិក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​ក្រុម​របស់​ពួកគេ​ដែល​បាន​បែក​គ្នា​កាលពី​ឆ្នាំ​មុន​គឺ​ត្រូវ​រក្សា​តំណែង​នៅ​ក្នុង​រដ្ឋាភិបាល​ដដែល​។

ការ​បញ្ឈប់​ដែល​ស្នើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កើត​ឡើង​តែ​មួយ​សប្តាហ៍ បន្ទាប់ពី​តំណែង​ផ្ទាល់​របស់​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​លោក​ ញឹក ប៊ុនឆៃ ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ត្រូវ​បាន​ដក​នៅ​ចំពេល​មាន​ការ​ចោទប្រកាន់​ដែល​ថា​លោក​ ប៊ុនឆៃ បាន​ប្តេជ្ញា​ផ្តល់​ការ​គាំទ្រ​របស់​គាត់​នៅ​ពី​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​។

បើ​តាម​ព្រះរាជក្រឹត្យ​មន្ត្រី​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​រួម​មាន​លោក រស់ ឆេ និង ចាន់ ទិត្រាម៉ូ ពី​ក្រសួង​ពាណិជ្ជកម្ម​ដែល​កាន់​តំណែង​ជា​ទីប្រឹក្សា និង​អនុរដ្ឋលេខាធិការ និង​លោក ប៉ុន សារឿន ​អតីត​អនុរដ្ឋលេខាធិការ​នៅ​ក្រសួង​បរិស្ថាន​។ តួនាទី​របស់​លោក អ៊ីន វិថូរក្ស ជា​អនុរដ្ឋ​លេខាធិការ​នៅ​ក្រសួង​សង្គមកិច្ច​ និង​តំណែង​របស់​លោក នួន សំភា ជា​ទីប្រឹក្សា​ក្រសួង​រ៉ែ និង​ថាមពល​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក ឆេ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ដោយ​គ្រាន់តែ​ថ្លែង​ថា​លោក​មិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹង​ផ្លូវការ​នៅ​ឡើយ​ទេ​។

មន្ត្រី​បួន​នាក់​ផ្សេង​ទៀត​របស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ដែល​មាន​ឈ្មោះ​ត្រូវ​ដក​ពី​តំណែង​មិន​អាច​ទាក់ទង​បាន​ទេ​។ លោក ប៊ុនឆៃ កាលពី​សប្តាហ៍​មុន​បាន​បដិសេធ​ថា​លោក​មិន​បាន​គ្រោង​ចូលរួម​សហការ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។

មន្ត្រី​ម្នាក់​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​សមាជិក​របស់​គណបក្ស​នេះ​បាន​តាមដាន​ស្ថានភាព​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ការពារ​តំណែង​ក្នុង​រដ្ឋាភិបាល​របស់​ខ្លួន បាន​ថ្លែង​ថា​ការ​ដក​តំណែង​នេះ​នឹង​បន្ត​មាន ប៉ុន្តែ​បាន​កត់សម្គាល់​ថា​មន្ត្រី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ភាគច្រើន​បាន​រត់​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រួច​ហើយ​។

មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​ភ័យខ្លាច​ការ​និយាយ​ជា​សាធារណៈ​អាច​ធ្វើឲ្យ​មាន​ហានិភ័យ​ដល់​តំណែង​របស់​ពួកគេ​ថ្លែង​ថា​៖ «[​មន្ត្រី​] ​ដែល​នៅ​កៀក​ [​លោក​ ញឹក ប៊ុនឆៃ​] ​ភាគច្រើន​បំផុត​រត់​ទៅ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​។ មាន​មន្ត្រី​តិច​ប៉ុណ្ណោះ​ដែល​រត់​ទៅ​ចូល​ជាមួយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​រក្សា​តំណែង​របស់​ខ្លួន​»​។

នៅ​ពេល​ទាក់ទង​កាលពី​ម្សិលមិញ​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា​ការ​បណ្តេញ​សមាជិក​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​គឺជា​ «​រឿង​ធម្មតា​» ​ដោយសារ​ពួកគេ​ «​មិន​ស្មោះត្រង់​»​។

លោក​បាន​ថ្លែង​ថា​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ការងារ​ជា​ផ្នែក​នៃ​ «​ការ​ចង​មេត្រីភាព​» ​ជាមួយ​អ្នក​រាជានិយម បន្ទាប់ពី​ការ​បរាជ័យ​របស់​ពួកគេ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​។ ​«​នៅពេល​យើង​ធ្វើការ​ចងសម្ព័ន្ធ​មេត្រី​ជាមួយ​គ្នា​ដើម្បី​ពង្រឹង​កម្លាំង​ ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​ប្រើប្រាស់​ការ​ចងសម្ព័ន្ធ​មេត្រី​ភាព​នេះ​ជា​វេទិកា​ដើម្បី​ចូល​ទៅ​គណបក្ស​ដទៃ​ដើម្បី​វាយប្រហារ​ចំណង​​មេត្រី​ដែល​បង្ក​បញ្ហា​សម្រាប់​សម្ព័ន្ធមេត្រី​នោះ​តើ​យើង​រក្សា​ពួកគេ​ដើម្បី​អ្វី​?»៕ PS

អត្ថបទគួរចាប់អារម្មណ៍