ភ្នំពេញៈ ​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សង្គមកិច្ច​​អតីត​យុវជន​ និង​យុវនីតិសម្បទា​​កំពុង​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​កូវីដ​ ១៩​ នៅ​ជុំ​ទី​៤ ​លើក​ទី២ និង​បន្ត​​លើក​ទី៣ រហូតដល់​ចុងខែ​មេសា ឆ្នាំ​ ២០២១ បន្ទាប់ពី​បាន​ចំណាយ​ថវិការដ្ឋ​អស់​​ជាង​ ២៣០ ​លាន​ដុល្លារ​ ជួយ​​ពលរដ្ឋ​ជាង​ ៦៨ ​ម៉ឺន​គ្រួសារ​។

សេចក្តី​ជូនដំណឹង​របស់​ក្រសួង​​សង្គមកិច្ច​អតីត​យុវជន និង​យុវនីតិសម្បទា​ចុះ​ថ្ងៃទី​ ២៤ កុម្ភៈ ​​ឆ្នាំ​ ២០២១ បានឱ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​ ២៥ ​ខែ​ មិថុនា ឆ្នាំ​ ២០២០ ​ដល់​ថ្ងៃទី​ ២៤ ខែ កុម្ភៈ ២០២១ រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិការដ្ឋ​ចំនួន​ ២៣០,៥៨ ​លាន​ដុល្លារ​ ជួយ​ដល់​ជនក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​វិបត្តិ​ជំងឺ​​កូវីដ​ ១៩​។

បើ​គិត​មកទល់​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ដំណើរការ​ឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​កម្មវិធី​នេះ​ឈាន​​ដល់​ជុំ​ទី​៤ ​លើក​ទី​២ ​ហើយ បន្ទាប់ពី​ជុំ​ទី​១ និង​ជុំ​ទី​២ ​ធ្វើឡើង​ ២ ​លើក​ និង​ជុំ​ទី​៣ ​ធ្វើឡើង​ ៣ ​លើក ហើយ​ជុំ​ទី​៤ ​ត្រូវ​ធ្វើ​ ៣ ​លើក​។

សេចក្តី​ជូនដំណឹង​បន្តថា​ដោយ​​គិត​មកទល់​ត្រឹម​ថ្ងៃទី​ ២៤ ​កុម្ភៈ​ ​ឆ្នាំ​ ២០២១ ក្នុង​ជុំ​ទី​៤ ​លើក​ទី​១ ក្រសួង​សង្គមកិច្ច​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ជនក្រីក្រ​ដល់​សមាជិក​សរុប​ ២ ៧៣១ ១៦១ ​នាក់​ នៃ​ចំនួន​ ៦៨៨ ៥៣៩ ​គ្រួសារ​។

ដោយឡែក​សម្រាប់​ការបើកប្រាក់​ឧបត្ថម្ភ​ជុំ​ទី​៤ ​លើក​ទី​២ ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ២៥ ខែ ​​កុម្ភៈ ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី ២៤ មីនា ២០២១ ដែលមាន​រយៈពេល​ ៣០ ​ថ្ងៃ​ និង​លើក​ទី​៣ ​ចាប់ពី​ថ្ងៃទី​ ២៥ ខែមីនា​ ដល់​ថ្ងៃ​​ទី​ ២៤ ខែ មេសា ឆ្នាំ​ ២០២១​។

លោក​ ឈួ សុបញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម​​នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ម្សិលមិញ​ថា​ដោយសារ​វិបត្តិ​កូវីដ​នៅ​បន្ត​អូសបន្លាយ​នៅ​កម្ពុជា រាជរដ្ឋាភិបាល​សម្រេច​បន្ត​ការបើកប្រាក់​ឧបត្ថម្ភ​នេះ​ចាប់ពី​ថ្ងៃ​ ២៥ ​ខែ​មីនា ដល់​ថ្ងៃទី​ ២៤ ខែ មេសា​​ ឆ្នាំ​ ២០២១ ទៀត​។

លោក​ថា​៖ «​តាម​ផែនការ​កម្មវិធី​បើកប្រាក់​ឧបត្ថម្ភ​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ថ្ងៃទី​ ២៤ មីនា ប៉ុន្តែ​យើង​នឹង​បន្តទៀត​ចាប់ពី​ថ្ងៃ​ទី​ ២៥ ខែមីនា រហូតដល់​ថ្ងៃទី​ ២៤ ខែ មេសា ២០២១ នេះ​ជា​អ្វី​ដែល​មន្ត្រី​បានចេញ​ឯកសារ​ផ្លូវច្បាប់​សម្រាប់​ក្នុង​អំឡុងពេល​កូវីដ​»​។ ក៏ប៉ុន្តែ​បន្ទាប់ពី​ខែមេសា​ទៅ​ថា តើ​រដ្ឋាភិបាល​បន្ត​ ឬ​មិន​បន្ត​កម្មវិធី​នេះ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​បានដឹង​ហើយ សេចក្តី​សម្រេច​ថា បន្ត​ ឬ​មិន​បន្ត​គឺ​បានផ្តល់​សិទ្ធិ​ជូន​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ (​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន​) ​ជា​អ្នកសម្រេច​ដោយ​ស្រប​ទៅលើ​ស្ថានភាព​ជាក់ស្តែង និង​ការសម្របសម្រួល​ពិនិត្យ​ពី​សម្តេចតេជោ​នាយក​រដ្ឋមន្ត្រី​)​។

លោក ឈួ សុបញ្ញា បានឱ្យ​​ដឹងថា សម្រាប់​ការឧបត្ថម្ភ​ដល់​ជនក្រីក្រ​ត្រូវបាន​ចែកចេញ​ជា​ ៣ ​ប្រភេទ គឺ​ជនក្រីក្រ​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ ជនក្រីក្រ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​ជនក្រីក្រ​នៅ​ជនបទ ខណៈ​គ្រួសារ​នីមួយៗ​នឹង​ទទួល​បាន​សាច់ប្រាក់​ទៅតាម​ទំហំ​គ្រួសារ និង​ជន​ងាយ​រងគ្រោះ​។

លោក​ថា​៖ «​យើង​ឱ្យ​តាម​ប្រភេទ​នៃ​គ្រួសារ​ទីប្រជុំជន​ក្នុង​ភ្នំពេញ​ផ្សេង ទីប្រជុំជន​ក្រៅ​ភ្នំពេញ​ផ្សេង និង​ជនបទ​ផ្សេង គាត់​មាន​សមាជិក​ប៉ុន្មាន យើង​ឱ្យ​គាត់​ប៉ុណ្ណឹង​ ១ ​កញ្ចប់ ក្រោយ​​មក​យើង​ពិនិត្យ​មើល​ទៀតថា តើ​នៅក្នុង​កញ្ចប់​ហ្នឹង គាត់​មាន​សមាជិក​ជនរងគ្រោះ​ ៤ ​ប្រភេទ​ទេ ទី​១ ​កុមារ​ក្រោម​ ៥ ​ឆ្នាំ មនុស្សចាស់​ចាប់ពី​ ៦០ ​ឆ្នាំ​ឡើងទៅ ជនពិការ និង​គ្រួសារ​ដែលមាន​ផ្ទុកមេរោគ​អេដស៍ អ៊ីចឹង​ក្នុង​ ១ ​គ្រួសារ​ទទួលបាន​ប្រាក់​មិន​ស្មើគ្នា​ទេ គឺ​អាស្រ័យ​លើ​ការគណនា​ជាក់ស្តែង​»​។

យ៉ាងណាក្ដី លោក​បាន​គូស​​បញ្ជាក់ថា ជា​មធ្យម​ក្នុង​ ១ ​គ្រួសារ​នឹង​ទទួលបាន​ប្រាក់​ ២០ ​ម៉ឺន​រៀល​ សម្រាប់​ជនក្រីក្រ​នៅតាម​ជនបទ និង​ ៨០ ​ដុល្លារ​ សម្រាប់​ជនក្រីក្រ​នៅ​ទីប្រជុំជន​ភ្នំពេញ​។

លោក​ថា​៖ «​ជា​មធ្យម​នៅ​ជនបទ​ទទួលបាន​ ២០ ​ម៉ឺន​រៀល ​​ក្នុង​ ១ ​ខែ សម្រាប់​ ១ ​គ្រួសារ ​ចំណែក​អ្នក​នៅ​ទីក្រុង​ជា​មធ្យម​ ៨០ ​ទៅ​ ១០០ ​ដុល្លារ ការដែល​ផ្តល់​នេះ​មិនមែន​សុខៗ​យើង​ឱ្យ​សាច់ប្រាក់​ខុសគ្នា​ទេ ផ្តល់​នេះ​​ផ្អែកលើ​មូលដ្ឋាន​នៃ​ការសិក្សា​លើ​ប្រាក់ចំណូល​ការសិក្សា​នេះ​មានការ​ចូលរួម​ពី​ (​ធនាគារ​ពិភពលោក​) ​និង​ (​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​)»​។

ក្រសួង​សង្គមកិច្ច​ឱ្យដឹង​ដែរ​ថា ចំពោះ​គ្រួសារ​ដែល​បាន​ផ្ទៀងផ្ទាត់​នៅ​ជុំ​ទី១ ​ជុំ​ទី​២ ​ជុំ​ទី​៣ និង​ជុំ​ទី​៤ ​លើក​ទី​១ ​រួចហើយ សូម​ទៅ​បើកប្រាក់​នៅតាម​បញ្ជរ​វីង​ណាមួយ​ដោយ​មិន​តម្រូវ​ឱ្យមក​​សាលាឃុំ សង្កាត់​ជាថ្មី​ទេ​។ ប៉ុន្តែ​ចំពោះ​គ្រួសារ​មាន​បណ្ណសមធម៌ មាន​សុពលភាព ហើយ​មិនទាន់​បាន​ផ្ទៀងផ្ទាត់​ក្នុង​ជុំ​ទី​១ ដល់​ជុំ​ទី​៤ ​លើក​ទី​២ និង​គ្រួសារ​ក្រីក្រ​ដែល​ទើបបាន​បណ្ណ​ថ្មី សូម​​ទៅ​ផ្ទៀងផ្ទាត់​នៅតាម​ឃុំ សង្កាត់​​ដើម្បី​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​ក្នុង​ជុំ​ទី៤ ​លើក​ទី២៕