ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ប្រកាស​ពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ-និយោជិត​ដែល​ត្រូវបាន​បន្ត​ព្យួរការងារ​ចំនួន ៦ ៣០៣ ​នាក់​ នៅក្នុង​រោងចក្រ​សហគ្រាស​ចំនួន ៣៤ ក្នុង​វិស័យ​កាត់ដេរ​ដែល​បន្ត​រងផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូវីដ ​១៩​។

សេចក្តី​ជូនដំណឹង​ស្តីពី​ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ​លើក​ទី​ ៥៧ ជូន​កម្មករ-និយោជិត​ចុះ​ថ្ងៃទី​ ៧ ខែ​ មេសា ឆ្នាំ​ ២០២១ របស់​ក្រសួង​ការងារ​បាន​ឱ្យ​ដឹងថា ការបើក​ផ្តល់​ឧបត្ថម្ភ​ជូន​កម្មករ​ទាំង​ជាង ៦ ០០០ ​នាក់​នេះ​ គឺ​ស្របតាម​ស្មារតី​នៃ​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យាការងារ​ជុំ​ទី​៣ នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​។

ក្រសួង​បញ្ជាក់ថា ធនាគារ​ឯកទេស​វីង​នឹង​ផ្ញើ​សារ​អំពី​ការបើកប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​ទៅ​កាន់​លេខ​ទូរស័ព្ទ ដែល​កម្មករ​បានផ្តល់​ឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល​រោងចក្រ សហគ្រាស​នាពេល​កន្លងមក​។

សេចក្តី​ជូន​ដំណឹង​បញ្ជាក់ថា​៖ «​ក្នុងករណី​បងប្អូន​កម្មករ​និយោជិត​ដែល​បម្រើ​ការងារ​នៅ​រោងចក្រ សហគ្រាស​ទាំង ៣៤ នេះ​មិន​បាន​ទទួល​សារ​ពី​ធនាគារ​ឯកទេស​វីង នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរស័ព្ទ​របស់​ខ្លួន ទៅ​រដ្ឋបាល​រោងចក្រ​សហគ្រាស​របស់ខ្លួន​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​មិន​អាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​ដល់​កម្មករ-និយោជិត ដែល​ត្រូវបាន​បន្ត​ព្យួរការងារ​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។

គិត​ត្រឹម​ខែមីនា ឆ្នាំ​ ២០២១ រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​ប្រាក់​ជូន​កម្មករនិយោជិត ដែល​បាត់បង់​ការងារ​ក្នុង​វិស័យ​កាត់ដេរ និង​ទេសចរណ៍​សរុប​ប្រមាណ​ជា ២៦ ​លាន​ដុល្លារ​អាមេរិក ខណៈ​ចាប់តាំងពី​ខែកុម្ភៈ ឆ្នាំ​ ២០២០ ​មក មាន​រោងចក្រ សហគ្រាស ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍​បាន​ព្យួរការងារ​កម្មករ​ជាង ៣៨៩ ២០០ ​នាក់​ ក្នុង​រោងចក្រ​សហគ្រាស​ចំនួន​ ៧៦​។ នេះ​បើ​តាម​លោក ហេង សួរ ដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ចុងខែ​មីនា​។

សូមជម្រាប​ថា រដ្ឋាភិបាល​បាន​សម្រេច​ឧបត្ថម្ភ​ថវិកា​ប្រមាណ ៤០ ​ដុល្លារ​ ក្នុង​ ១ ​ខែ សម្រាប់​កម្មករ និយោជិត ដែល​ត្រូវបាន​ព្យួរការងារ​ក្នុង​ម្នាក់ ហើយ​ក្នុង​នោះ​និយោជក​តម្រូវ​ឱ្យ​ឧបត្ថម្ភ​ជូន​កម្មករ-និយោជិត​ចំនួន ៣០ ​ដុល្លារ​។ ការសម្រេច​បែបនេះ​ធ្វើ​ឡើង​ដើម្បី​ជួយ​សម្រាល​ការលំបាក និង​ការចំណាយ​របស់​កម្មករ​និយោជិត ដែល​មិនមាន​ការងារ​ធ្វើ​ក្នុងអំឡុងពេល​ទទួល​រង​នូវ​វិបត្តិ​កូវីដ​១៩​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​លើកឡើង​ថា ប្រាក់ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​រួមទាំង​ប្រាក់​ដែល​រោងចក្រ សហគ្រាស​ផ្តល់ឱ្យ​កម្មករ​ក្នុង​អំឡុង​ពេលនេះ​គឺ​បាន​ចូលរួម​ចំណែក​ជួយ​ដល់​ជីវភាព​កម្មករ​បាន​មួយចំនួនធំ​។ ប៉ុន្តែ​លោក​ថា ថវិកា​ទាំងនេះ​មិន​អាចជួយ​កម្មករ​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្សេងទៀត​ដូចជា​ការជំពាក់​បំណុល និង​តម្រូវការ​សង្គម​ចាំបាច់​បាន​នោះ​ទេ​។

បន្ថែម​ពីលើ​ការឧបត្ថម្ភ​ថវិកា​នេះ​លោក អាត់ ធន់ ចង់ឱ្យ​រដ្ឋាភិបាល​ចូលរួម​គិត​ទៅដល់​កម្មករ​នៅតាម​បណ្តា​រោងចក្រ​ដទៃទៀត​ដែល​កំពុង​ និង​បាន​ប្រឈម​នឹង​ការបិទទ្វារ គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​មួយ​ដែល​អាច​ផ្តល់ឱ្យ​ពួកគាត់​អាច​ទ្រទ្រង់​ជីវភាព​បាន​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​ពិនិត្យ​មើល​អ្នក​ដែល​អត់​មាន​ការងារ​ធ្វើ អ្នក​ដែល​បាត់បង់​ការងារ​ដោយសារ​តែ​រោងចក្រ​មាន​បញ្ហា​កូវីដ ឬ​បញ្ហា​ផ្សេងៗ រួមទាំង​កម្មករ​ដែល​ត្រូវបាន​គេ​បញ្ឈប់​ដោយ​បញ្ហា​ផ្សេងៗ​ដោយ​គ្មាន​លទ្ធភាព គួរតែមាន​ប្រាក់​បម្រុង​នេះ​ដូច​ទៅ​នឹង​ប្រទេស​គេ​ផ្សេង​។ ពេលនេះ បើ​រដ្ឋាភិបាល​មាន​ថវិកា គួរតែ​បញ្ចេញ​ដើម្បី​ជួយ​»​។

ក្រៅពីនេះ​លោក អាត់ ធន់ ក៏​ស្នើ​ដល់​រដ្ឋាភិបាល គួរតែ​ពិចារណា​ផ្តល់​ប្រាក់ខែ​ពេញ​ជូន​ដល់​កម្មករ​ដែល​ត្រូវបាន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក ខណៈ​ដែល​កម្មករ​ជាច្រើន​ត្រូវ​បាន​កាត់​ប្រាក់ខែ ឬ​ទទួល​បានតែ​ប្រាក់ខែ​ពាក់កណ្តាល បន្ទាប់ពី​ពួកគេ ធ្វើ​ចត្តាឡីស័ក​តាម​ការណែនាំ​របស់​រដ្ឋាភិបាល​៕