ភ្នំពេញៈ មន្ត្រី​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា រាជរដ្ឋាភិបាល​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន​ធារាសាស្ត្រ​ចំនួន​ ២ ៤៨៣ ​គម្រោង​គិតត្រឹម​ដំណាច់ឆ្នាំ​ ២០១៩ សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​លើ​ផ្ទៃដី​ប្រមាណ​ជាង ១ ៨៣៥ ៤២២ ហិកតា​ ក្នុង​ចំណោម​ផ្ទៃដី​ដាំដុះ​សរុប​ជិត ៣ ​លាន​ហិកតា​។

លោក ចាន់ យុត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិលមិញ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថា​តំបន់​ដែល​នៅ​ខ្វះខាត​ប្រព័ន្ធ​ស្រោចស្រព​ទឹក​នោះ​ភាគច្រើន​ជា​តំបន់​ដែល​រុករាន​ថ្មី និង​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​។

លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹងថា​ប្រព័ន្ធ​ស្រោចស្រព​ទូទាំង​ប្រទេស​បើ​គិត​ជា​ភាគរយ​មាន​ប្រមាណ ៦២ ភាគរយ និង​នៅ​ខ្វះ​ប្រមាណ ៣៨ ​ភាគរយ​ទៀត​ដែល​ឆ្នាំនេះ​ក្រសួង​មាន​វិធានការ​កសាង​ប្រព័ន្ធធារាសាស្ត្រ​នៅតាម​បន្ទាត់​ព្រំដែន​បន្ថែមទៀត​។

លោក យុត្ថា ថ្លែងថា​៖ «​លទ្ធភាព​ស្រោចស្រព​ដែល​នៅ​ខ្វះ ៣៨ ភាគរយ​ទៀត មិនមែន​តែ​នៅក្នុង​ខេត្ត និង​តំបន់​ណាមួយ​ទេ គឺ​ស្ទើរតែ​គ្រប់​ខេត្ត ព្រោះ​តំបន់​ខ្លះ ឧទាហរណ៍​នៅ​ខេត្ត​បាត់ដំបង ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​ច្រើន ហើយ​ធំៗ​ទៀត​ដូចជា​ទំនប់​សេកសក អាង​កំពីងពួយ ប្រព័ន្ធធារាសាស្ត្រ​បវេល ឬក៏​ប្រព័ន្ធ​មួយ​ចំនួន​ទៀត​។ ប៉ុន្តែ​វា​មិនទាន់​បាន​ឆ្លើយតប​ទាំងអស់​ទូទាំង​ខេត្តបាត់ដំបង​ទេ ព្រោះ​អ្នក​ដែល​នៅ​ខាងលើ និង​កៀក​នឹង​ប្រព័ន្ធធារាសាស្ត្រ​អាច​នឹង​ទទួល​បាន​ដោយ​ស្រួល ប៉ុន្តែ​អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ប្រព័ន្ធ​នៅ​តែ​ប្រឈម​»​។

លោក ចាន់ យុត្ថា បាន​បន្តថា សម្រាប់​ការផ្គត់ផ្គង់​ទឹក​ដោយ​ការ​ទាញ​ទឹក​ពី​អាង​ស្តុក​ទឹកធំៗ​យក​ប្រើប្រាស់​នៅក្នុង​តំបន់​ដែល​ខ្វះខាត​ទឹក​ក្នុង​នោះ​ការដោះស្រាយ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​ដោយ​ការបង្វែរ​មក​បញ្ចូល​កន្លែង​ណា​ដែល​ស្ថានភាព​ដី​មិន​អំណោយផល ឬ​ក៏​មិនអាច​បង្វែរ​ទឹក​ពី​អាង​ស្តុង​ទឹក​មក​បាន​គឺ​ការទាញ​យក​ទឹក​ពីក្រោម​ដី​។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ក្រៅពីនេះ​សម្រាប់​តំបន់​ដែល​មិនអាច​ប្រើប្រាស់​មធ្យោបាយ​ទាំង​ ២ ​ខាងលើ​គឺ​​ក្រសួង​ធនធានទឹក និង​ក្រសួង​ពាក់ព័ន្ធ​ក៏បាន​ប្រើប្រាស់​មធ្យោបាយ​ដឹក​ទឹក​តាមរយៈ​រថយន្ត​ជូន​ដល់​ពលរដ្ឋ​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ផងដែរ ប៉ុន្តែ​ការខ្វះខាត​បែបនេះ​មិនមាន​ចំនួន​ច្រើន​នោះទេ​នៅក្នុង​ប្រទេស​។

ស្រប​ពេលដែល​បញ្ហា​ប្រឈម​ការខ្វះ​ទឹក​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​ត្រូវ​បាន​​ក្រសួង​ព្យាករ​ថា មិនមាន​លក្ខណៈ​ធ្ងន់ធ្ងរ​លោក ចាន់ យុត្ថា បាន​ឲ្យ​ដឹងថា ក្រសួង​ធនធាន​ទឹកនឹង​បន្តធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ជា​មិត្ត ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​បន្ទាត់​ព្រំដែន​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ក្រសួង​បាន​ធ្វើការ​អភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅតាម​បន្ទាត់​ព្រំដែន ដែល​ក្នុងនោះ​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​ព្រំដែន​ភាគ​ខាងកើត​ត្រូវ​បាន​សាងសង់​រួចរាល់​ហើយ​ដែល​បាន​លាតសន្ធឹង​ធំ​នៅក្នុង​ខេត្ត​ស្វាយរៀង ហើយ​ក៏​កំពុងធ្វើការ​សិក្សា​ដើម្បី​ស្តារ និង​សាងសង់​ប្រឡាយ ៧៨ ​មួយ​ទៀត​ដែល​ជា​ប្រឡាយ​ចាស់ ដើម្បី​ទាញ​ទឹក​ពី​ទន្លេបាសាក់​ទៅ​ផ្គត់ផ្គង់​នៅ​ខេត្តកំពត​ដោយ​ភ្ជាប់​ជាមួយ​នឹង​ខេត្តកណ្តាល ខេត្តតាកែវ​»​។

លោក​ថា ចំណែក​ ១ ​ផ្នែក​ទៀត​គឺ​មាន​ប្រភពទឹក​នៅ​ខេត្តរតនគិរី​ដែល​មាន​ទឹក ពី​អូររមីស​ដែល​មាន​សក្តានុពល​ធំ ដើម្បី​បន្ត​ចែកចាយ​នៅ​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង និង​បន្ត​ភ្ជាប់​ទៅដល់​ខេត្តស្វាយរៀង និង​ព្រៃវែង ខណៈ​នៅ​ព្រំដែន​ជាប់​ប្រទេស​ ថៃ​ វិញ ក្រសួង​កំពុង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​កូរ៉េ ដើម្បី​ធ្វើការ​អភិវឌ្ឍ​នូវ​គម្រោង​មួយ​មាន​ឈ្មោះថា គម្រោង​កាត់បន្ថយ​គ្រោះរាំងស្ងួត និង​គ្រោះទឹកជំនន់​នៅក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក​បាន​បញ្ជាក់ថា គម្រោង​នេះ​នឹង​ឈាន​ទៅ​ដល់​ការអភិវឌ្ឍ​ក្នុង​ពេល​ខាងមុខ​ឆាប់ៗ​នេះ បន្ទាប់ពី​បញ្ចប់​ការសិក្សា​។

លោក ប៉ាត សុវណ្ណ មន្ត្រី​ផ្នែក​កសិកម្ម​នៃ​អង្គការ Gret បាន​ថ្លែងថា ផែនការអភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​នេះ​គឺជា​ផែនការ​មួយ​ដែល​ល្អ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ភាគច្រើន​មាន​​របរ​ជា​កសិករ ខណៈ​ដែល​ការខ្វះខាត​ទឹកជា​ប្រចាំឆ្នាំ គឺជា​ឧបសគ្គ​ដ៏ធំ​មួយ​សម្រាប់​ពួកគាត់​។

លោក​ថ្លែង​ថា​៖ «​បើ​មានទឹក​គ្រប់គ្រាន់​គឺ​ល្អប្រសើរ​សម្រាប់​ប្រជាកសិករ​មែនទែន ជាពិសេស​នៅ​រដូវប្រាំង​តែម្តង ព្រោះ​បញ្ហា​សម្រាប់​រដូវវស្សា​គឺ​មិន​អី​ប៉ុន្មាន​ទេ ដែល​ប្រជាពលរដ្ឋ​អាច​ធ្វើ​ស្រែ ធ្វើ​ចម្ការ​បាន​ធម្មតា​។ ប៉ុន្តែ​មួយផ្នែក​ទៀត ការដាំដុះ​នៅ​រដូវប្រាំង​គឺ​យើង​ពិបាក​ក្នុង​ការខ្វះខាត​ទឹក​ហើយ ដែល​អត់​ទឹក​នឹង​ធ្វើឲ្យ​ពួកគាត់​សម្រេចចិត្ត​ធ្វើ​ចំណាកស្រុក​ហើយ​»​។

លោក សុវណ្ណ បាន​ថ្លែង​ដោយ​រំពឹង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្លួនឯង​គួរតែ​ចូលរួម​ថែរក្សា​នូវ​ប្រព័ន្ធធារាសាស្ត្រ​ដែល​មាន​ស្រាប់ និង​ប្រព័ន្ធធារាសាស្ត្រ​បាន​កសាង​ថ្មី​ដោយ​រដ្ឋាភិបាល​ឲ្យ​បាន​គង់វង្ស​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ទាំងអស់​គ្នា ព្រោះ​កន្លងមក​មាន​ពលរដ្ឋ​មួយចំនួន​ហាក់​មិនបាន​ចូលរួម​​ថែរក្សា​នោះទេ ហើយ​ថែមទាំង​បាន​បំផ្លិចបំផ្លាញ​ទៀតផង​៕