ភ្នំពេញៈ មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជនវិបល្លាស​ស្មារតី​ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ សម្រាប់​ទទួល​សង្គ្រោះ​ជន​មាន​វិបល្លាស​ទូទាំង​ប្រទេស ខណៈ​រាជរដ្ឋាភិបាល​គ្រោង​សាងសង់​មណ្ឌល​ស្ដារ​យុវនីតិសម្បទា​ដាច់​ដោយឡែក​បន្ថែមទៀត​នៅទីនេះ​សម្រាប់​អប់រំ​អនីតិជន​ជាប់ពន្ធនាគារ​។

លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​នេះ​កាលពី​ម្សិលមិញ​ថា ការកសាង​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារ​នីតិសម្បទា​ជន​វិបល្លាស​ស្មារតី​នេះ​ឡើង មិនមែន​ជា​កត្តា​ចៃដន្យ​នោះទេ​។ ប៉ុន្តែ​ជា​ពេលវេលា​សមស្រប​បំផុត​មួយ​ជាមួយ​នឹង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច និង​សង្គម​។

លោក​បាន​ថ្លែងថា​៖ «​មជ្ឈមណ្ឌល​នេះ​បង្កើតឡើង​សម្រាប់​ទទួល​ជន​មាន​វិបល្លាស​ស្មារតី​ទូទាំងប្រទេស​។ មណ្ឌល​នេះ​មាន​មន្ទីរពេទ្យ​សម្រាប់​ឲ្យ​មាន​មណ្ឌល​កុមារកំព្រា​, មណ្ឌល​ក្មេង​ជា​អនីតិជន​មានទោស និង មជ្ឈមណ្ឌល​ជនមានវិបល្លាស​ស្មារតី​នៅទីនេះ​ប្រើប្រាស់​ព្យាបាល​។ ប៉ុន្ដែ​មន្ទីរពេទ្យ​នៅក្នុង​មណ្ឌល​នេះ​ក៏​អាច​បើក​ឲ្យ​ពលរដ្ឋ​មក​ពិគ្រោះ​ជំងឺ​ផងដែរ​»​។

លោក វង សូត រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​នេះដែរ​ថា​មជ្ឈមណ្ឌល​នេះ​ធ្វើ​ឡើង​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ ៣ ​ហិកតា​ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៧ ក្នុង​គោលដៅ​បង្វែរ​ជន​មាន​វិបល្លាស​ស្មារតី​ដែល​ស្នាក់នៅ​លាយឡំ​គ្នា​ជាមួយ​ជនរងគ្រោះ​ដទៃទៀត​ក្នុង​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ដ​ឱ្យមក​ទទួល​សេវា​ព្យាបាល ថែទាំ និង​ស្តារ​នីតិសម្បទា​ស្របតាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​។

លោក​ថ្លែងថា ការកសាង​មណ្ឌល​នេះ​មាន​ ២ ​ដំណាក់កាល​ប្រើប្រាស់​ថវិការដ្ឋ​ចំនួន​ប្រមាណ​ ៧ ​ពាន់​លាន​រៀល​។ ក្នុងនោះ​មាន​ការ​ជួសជុល​អគារ​ចាស់​ចំនួន​ ២ ​ដោយ​បែងចែក​ចេញ​ជា​អគារ​ផ្នែក​ស្ដ្រី និង​សម្រាប់​បុរស និង​សាងសង់​អគារ​ថ្មី​ចំនួន​ ២ ​ខ្នង​មាន​ចំនួន ២៣ ​បន្ទប់​សម្រាប់​ជនរងគ្រោះ​ប្រភេទ​ធ្ងន់ធ្ងរ ប្រភេទ​មធ្យម និង​ប្រភេទ​ស្រាល​រួម​នឹង​បន្ទប់​ស្តារនីតិសម្បទា និង​បន្ទប់​សម្រាប់​បុគ្គលិក​ផងដែរ​។

លោក​បញ្ជាក់​ថា​៖ «​ដើម្បី​ធានា​ប្រសិទ្ធភាព​ការងារ​គ្រប់គ្រង​ឱ្យ​បានល្អ​ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ត្រឹមត្រូវ ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដែល​មាន​មន្ត្រី​បម្រើ​ការងារ​សរុប​ចំនួន​ ៦៨ ​នាក់​ក្នុង​នោះ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​មាន​ចំនួន​ ​៣១ ​រូប ក្រសួងសុខាភិបាល​ ២៨ ​រូប និង​ក្រសួង មហាផ្ទៃ​មាន​ចំនួន ៩ ​រូប​»​។

លោក​បន្ថែមថា​៖ «​មន្ត្រី​ទាំងអស់​នេះ​ត្រូវបាន​បែងចែក​ពេលវេលា​ក្នុងការ​បំពេញការងារ​ជា​ ៤ ​វេន ដើម្បី​ធានា​ដល់​ការផ្តល់សេវា​វេជ្ជសាស្ត្រ​សុខាភិបាល ការថែទាំ ស្តារនីតិសម្បទា ការការពារ​សន្តិសុខ និង​កិច្ចអន្តរាគមន៍​ផ្សេងៗ​ទៀត​ជា​ប្រចាំ​ពោល​គឺ ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង​»​។

លោក វង សូត ឲ្យ​ដឹងថា​ផ្អែក​តាម​តម្រូវ​ការចាំបាច់ មជ្ឈមណ្ឌល​បាន​ដាក់​ឱ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​ ៩ ខែ​កក្កដា ឆ្នាំ​ ២០១៩ កន្លង​ទៅដោយ​ធ្វើការ​បង្វែរ​ជនរងគ្រោះ​មាន​វិបល្លាស​ស្មារតី​ពី​មជ្ឈមណ្ឌល​សំចត​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចំនួន​ ៤៨ ​នាក់ (​ស្រី​ ២៨ ​នាក់​)​។ លោក​ថា​មជ្ឈមណ្ឌល​នេះ​មាន​បេសកកម្ម​ចម្បង​ក្នុង​ការផ្តល់​សេវា​ព្យាបាល​ថែទាំ និង​ស្តារ​នីតិសម្បទា​ជន​វិបល្លាសស្មារតី​ដែល​ទីទ័ល​ក្រីក្រ​គ្មាន​ទីពឹង​ដែល​បាននិងកំពុង​រស់នៅ​តាម​ទីសាធារណៈ វត្តអារាម និង​ជនរងគ្រោះ​មួយ​ចំនួន​ទៀត​ដែល​ត្រូវបាន​បោះបង់ចោល និង​ពុំ​ទទួល​បាន​ការយក​ចិត្តទុកដាក់​ពី​ក្រុមគ្រួសារ សាច់ញាតិ និង​សហគមន៍​។

លោក​ វង សូត បាន​ឲ្យ​ដឹងថា ផ្អែក​តាម​របាយការណ៍​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បង្ហាញថា ចំនួន​ជនល្មើស​ដែលជា​អនីតិជន​នៅតាម​ពន្ធនាគារ​មាន​ចំនួន​ច្រើន​ដែល​បាន និង​កំពុង​រស់នៅ​លាយឡំ​ជាមួយ​មនុស្សពេញវ័យ​ និង​មាន​លក្ខណៈ​មិនទាន់​ស្រប​នឹង​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​ដូច្នេះ​ហើយ​ដោយ​ទទួលបាន​គោលការណ៍ អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រសួង​មាន​គម្រោង​សាងសង់​មជ្ឈមណ្ឌល​ស្តារ​យុវនីតិសម្បទា​ដែល​មាន​ទីតាំង​ដាច់​ដោយ​ឡែក​ពី​មជ្ឈមណ្ឌល​នេះ​នាពេល​ដ៏ខ្លី​ខាងមុខ​នេះ ដើម្បី​ផ្តល់នូវ​ការអប់រំ​បណ្តុះបណ្តាល និង​ស្តារនីតិសម្បទា មុន​នឹង​ធ្វើ​សមាហរណកម្ម​ទៅ​សហគមន៍ និង​គ្រួសារ​វិញ​»​។

លោក ស ខេង បាន​បញ្ជាក់​ថា​៖ «​យើង​ពិនិត្យ​មើលឃើញថា យើង​មានលទ្ធភាព​អាច​នឹង​រៀបចំ​កន្លែង​ឃុំគ្រង​អនីតិជន​នេះ​ដាច់ដោយឡែក​បាន​។ កន្លងទៅ​អង្គការ​សិទ្ធិមនុស្ស ពិសេស​អង្គការ​អន្តរជាតិ​មាន​ការរិះគន់​លើ​ការចាត់ចែង​បញ្ហា​ទាំងឡាយ​នេះ​ទាក់ទង​នឹង​រឿង​សិទ្ធិមនុស្ស និង​រឿង​ផ្សេងៗ​ទៀត​។ ពួកគាត់​មិន​យល់​អំពី​ស្ថានភាព​ជាក់ស្ដែង​នៅ​កម្ពុជា​ទេ ឲ្យ​ធ្វើ​ដូច​ចិត្ដ​មិនកើត​ទេ​។ យើង​កំពុងតែ​សិក្សា​រក​វិធី​ណា​ដែល​ល្អ​ដើម្បី​នឹង​ចាត់ចែង គ្រប់គ្រង​អ្នក​ជាប់ឃុំ​នេះ​»​។

លោក​ តូច ​ចាន់នី អ្នក​នាំពាក្យ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​កម្ពុជា​មាន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ជាង​ ៣ ​ម៉ឺន​នាក់​ដែល​ចំនួន​នេះ កំពុង​បង្ក​ការកកស្ទះ​ខ្លាំង ហើយ​ការចំណាយ​គ្រប់​បែបយ៉ាង​រាជរដ្ឋាភិបាល​ជា​អ្នកទទួល​ខុសត្រូវ​ទាំងស្រុង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​។

លោក​ថ្លែងថា​៖ «​នៅ​មណ្ឌល​វិបល្លាស​នេះ បើ​យើង​ដាក់​គ្រប់​បន្ទប់​ទាំងអស់​យើង​អាចដាក់​ជន​វិបល្លាស​បាន​ជាង​ ៣០០ ​នាក់​។ ប៉ុន្ដែ​បច្ចុប្បន្ន​ក្នុង​ជំហាន​ដំបូង​នេះ​យើង​ទើបតែ​ទទួល​ដាក់​ជាង​ ៤០ ​នាក់​សិន​ទេ ព្រោះ​មន្ដ្រី​ជំនាញ​យើង​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​។ ចំណែក​គម្រោង​មណ្ឌល​ស្ដារនីតិសម្បទា​អនីតិជន​ជាប់ពន្ធនាគារ​យើង​នឹង​ចាប់ផ្ដើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​ទទួល​បាន​ការយល់ព្រម​ពី​រាជរដ្ឋាភិបាល​រួចហើយ​»​។

លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​សិទ្ធិមនុស្ស​អាដហុក សាទរ​ចំពោះ​ការបើក​ដំណើរការ​មណ្ឌល​នេះ ព្រោះ​កន្លង​មក​លោក​សង្កេតឃើញ​ជន​មាន​វិបល្លាស មិន​ទទួលបាន​ការយក​ចិត្ដ​ទុកដាក់​ដោយ​សង្ឃឹមថា មណ្ឌល​នេះ​នឹង​អាច​ជួយ​ពួកគាត់​បាន​ប្រសើរ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​យើង​មាន​មណ្ឌល​នេះហើយ​គួរតែ​មាន​ក្រុម​អ្នកជំនាញ​បន្ថែមទៀត ដើម្បី​ជួយ​ព្យាបាល​ដល់​ជនវិបល្លាស​នេះ​។ ក្នុងនោះ​ក្រសួង​គួរ​ប្រមូល​ជន​មាន​វិបល្លាស​នៅ​តាម​ទីសាធារណៈ​ដែល​បង្ក​អសន្ដិសុខ​យក​ទៅ​ព្យាបាល​នៅ​មណ្ឌល​នេះ​ផងដែរ​ព្រោះ​កន្លងមក​ពួកគាត់​បាន​បង្ក​អសន្ដិសុខ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ពលរដ្ឋ​ផ្សេងៗ​»៕