ភ្នំពេញៈ រាជរដ្ឋាភិបាលបានបែងចែកថវិកាប្រមាណជិត ៩០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍមូលដ្ឋានឆ្នាំ ២០២០ កើនឡើង ២៧៦ លានដុល្លារ បើប្រៀបធៀបក្នុងឆ្នាំ ២០១៩ ដែលមានប្រមាណ ៦២៤ លានដុល្លារ។ នេះបើយោងតាមការប្រកាសរបស់លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈនៅក្នុងពិធីបើកសិក្ខាសិលាជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលមានមន្ត្រីពាក់ព័ន្ធប្រមាណ ៥០០ នាក់ មកពីតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលចូលរួម។
លោក ប៊ុនធិន បានអះអាងថា៖ «សេចក្តីព្រាងបឋមនៃផែនការសកម្មភាព និងថវិកា ឆ្នាំ ២០២០ នេះបានរៀបចំឡើង ដោយផ្អែកទៅលើគម្រោងថវិកាសរុបប្រមាណជាង ៣,៥ ពាន់ពាន់លានរៀល ឬមានចំនួនប្រមាណជិត ៩០០ លានដុល្លារអាមេរិក ដែលក្នុងនោះថវិការដ្ឋប្រមាណជិត ៩៥% និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ប្រមាណជាង ៥%»។
លោកបានបន្តថា បើប្រៀបធៀបនឹងឆ្នាំ ២០១៩ ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០២០ ខាងមុខនេះមានចំនួនកើនឡើងប្រមាណជិត ១,១ ពាន់ពាន់លានរៀល ឬមានចំនួនប្រមាណជាង ២៧៦ លានដុល្លារអាមេរិក។ ការបង្កើនអត្រាចូលរួមពីថវិការដ្ឋទៅក្នុងមូលនិធិឃុំ សង្កាត់ មូលនិធិក្រុង ស្រុក គឺដើម្បីធានាសម្រេចឲ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល កម្មវិធីកំណែទម្រង់ដ៏សំខាន់ដែលក្នុងនោះរួមមាន កំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងកំណែទម្រង់តាមវិស័យ វាទាមទារឲ្យមានការបង្កើនល្បឿនឲ្យបាន ខ្លាំងក្លា ស្របគ្នា គាំទ្រ និងសហការគ្នាមានសង្គតិភាពជាមួយគ្នា និងឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកស្រី ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិស្តីទីនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC) និងជាតំណាងអង្គការ សង្គមស៊ីវិល បានថ្លែងសុន្ទរកថា ដោយបានសម្តែងនូវការស្វាគមន៍នូវការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋាន គជអប ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាច្រើន ជាពិសេសការខិតខំឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោកស្រី ពុទ្ធារី ថ្លែងថា៖ «ដើម្បីអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ ២០២០ កាន់តែប្រសិទ្ធភាព ខ្ញុំស្នើសុំឲ្យ «ធានានូវភាពឯករាជ្យរបស់មន្ត្រីរាជការថ្នាក់ក្រោមជាតិ ដោយធានានូវភាពមិនជាប់ពាក់ព័ន្ធនឹងគណបក្សនយោបាយ ការវាយតម្លៃ ការបំពេញការងារ ប្រព័ន្ធវាយតម្លៃគុណផលដោយមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងការដំឡើងកាំប្រាក់ខែ និងតួនាទី ដោយផ្អែកលើស្នាដៃការងារ»។
លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានឲ្យដឹងថា អាជ្ញាធរមូលដ្ឋានបានព្យាយាមបង្កើតទំនាក់ទំនងល្អ និងពង្រីកការបើកទូលាយដល់ប្រជាពលរដ្ឋឲ្យចូលរួមក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ពួកគេដើម្បីឲ្យការអភិវឌ្ឍនោះប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងនិរន្តរភាព។
លោកថ្លែងថា៖ «យើងចង់ឲ្យបង្កើតនូវយន្តការ និងបរិយាកាសនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងឃុំ សង្កាត់ដើម្បីលើកកម្ពស់នូវការអភិវឌ្ឍនៅមូលដ្ឋានដោយសារតែសព្វថ្ងៃប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅមិនទាន់បានខិតជិតគ្នានៅឡើយទេ»។
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ ជ.អ.ប) បានឲ្យដឹងកាលពីពេលថ្មីៗកន្លងមកនេះថា នៅឆ្នាំ ២០២០ ខាងមុខនេះ ឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាជាង ១២ ម៉ឺនដុល្លារ ដើម្បីបង្កលក្ខណៈឲ្យក្រុមប្រឹក្សាឃុំ-សង្កាត់ កាន់តែមានលទ្ធភាពអាចចូលរួមដោះស្រាយតម្រូវការជាអាទិភាពនានាតាមមូលដ្ឋាន។ ថវិកានេះនឹងកើនឡើងជាបន្តបន្ទាប់រៀងរាល់ឆ្នាំដែលរហូតដល់ឆ្នាំ ២០២៣ រដ្ឋបាលឃុំ-សង្កាត់នីមួយៗនឹងទទួលបានថវិកាសរុបជាមធ្យមប្រមាណ ១៩៣ ០០០ ដុល្លារ៕