ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើលិខិតមួយច្បាប់ទៅលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិពីការបូមខ្សាច់របស់ក្រុមហ៊ុនពីរនៅខេត្តកោះកុងជាការឆ្លើយតបតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលស្នើឲ្យមានការពន្យល់។
តាមលិខិតចុះថ្ងៃទី ១៦ វិច្ឆិកាទៅកាន់រដ្ឋសភាដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញឲ្យដឹងថាលោក សុនឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានស្នើឲ្យរដ្ឋាភិបាលពន្យល់ពីបែបបទ និងការគ្រប់គ្រងអាជីវកម្មខ្សាច់ និងស្នើពិនិត្យការបូមខ្សាច់យ៉ាងអនាធិបតេយ្យរបស់ក្រុមហ៊ុនវៀតណាមចំនួនពីរនៅខេត្តកោះកុង។
លិខិតនោះបំភ្លឺថាផ្អែកតាមការស្រាវជ្រាវ និងការអនុវត្តរបស់ក្រសួងរ៉េ និងថាមពលក្រុមហ៊ុនពីរគឺ International Rainbow និងក្រុមហ៊ុន Direct Access ជាក្រុមហ៊ុនសញ្ជាតិខ្មែរមានម្ចាស់ឈ្មោះ ប៊ុន ច័ន្ទគ្រឹះស្នា និង ឌុក រ៉ាដែន ហើយថា « ក្រុមហ៊ុនទាំងពីរជាក្រុមហ៊ុនមានសញ្ជាតិខ្មែរដែលធ្វើអាជីវកម្មត្រឹមត្រូវមិនមែនក្រុមហ៊ុនវៀតណាមបូមខ្សាច់អនាធិបតេយ្យដូចការលើកឡើងរបស់ឯកឧត្តម សុនឆ័យ ឡើយ»។
មួយវិញទៀតក្រុមហ៊ុនធ្វើអាជីវកម្មតែក្នុងដែនដែលអាជ្ញាប័ណ្ណកំណត់ប៉ុណ្ណោះគឺនៅទីតាំង ៤ គឺព្រែកតាអុក-ព្រែកកន្ទួត ឃុំអណ្តូងទឹកស្រុកបទុមសាគរ និងព្រែកទ្ងូរ ព្រែកតាចាន់ ឃុំត្រពាំងរូង ស្រុកកោះកុង។ ក្នុងលិខិតនោះថាក្រុមការងាររកមិនឃើញផលប៉ះពាល់ទេផ្ទុយទៅវិញតាមរយៈវេទិកាសាធារណៈពលរដ្ឋនៅតាមដងព្រែកបានសាទរ និងឯកភាពក្នុងការឲ្យបូមស្តារនេះ។
ទោះជាយ៉ាងណាលោក ធនរដ្ឋា សមាជិកចលនាមាតាធម្មជាតិបានលើកឡើងផ្ទុយពីការបំភ្លឺនោះដោយថ្លែងថាការចេញលិខិតបំភ្លឺគឺជារឿងកម្រមួយតែក្រុមចលនាមាតាធម្មជាតិយល់ឃើញថាក្នុងលិខិតដែលថាពលរដ្ឋសាទរនោះគឺខុសការពិតទាំងស្រុងពោលគឺអ្នកភូមិមិនពេញចិត្តទេ។
លោកថា៖ «រឿងមួយចំនួនស្ថិតនៅជាអាថ៌កំបាំងមិនប្រាប់ពីថវិកាចំណូលដែលទទួលបានហើយថាពលរដ្ឋគាំទ្រតាមពិតបើគាំទ្រមិនមែនចេញមុខតវ៉ាច្រើនលើកច្រើនសានោះទេ»។
សកម្មជនការពារបរិស្ថាន ៤ នាក់មានឈ្មោះ សាន់ ម៉ាឡា, ទ្រី សុវិគា និង ស៊ឹម សំណាង និងវ៉ែនវ៉ន ដែលបានតវ៉ាយ៉ាងសកម្មប្រឆាំងការបូមខ្សាច់នេះត្រូវបានអាជ្ញាធរស្រុកបទុមសាគរចាប់ខ្លួនបញ្ជូនទៅតុលាការហើយក្រុមគ្រួសារពួកគេសំណូមពរឲ្យតុលាការទម្លាក់បទចោទហើយដោះលែងពួកគេដោយអះអាងថាពួកគេតវ៉ាដើម្បីការពារបរិស្ថានប៉ុណ្ណោះ៕