ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើររួមនឹងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ចៀសផុតពីជំងឺឆ្លងកូវីដ ១៩ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន។ នេះជាការអះអាងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសារលិខិតផ្ញើជូនជនរួមជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងមកដល់នៅសប្តាហ៍ក្រោយនេះ។
ក្នុងនាមរាជរដ្ឋាភិបាលលោកបានប្តេជ្ញាចិត្តរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បង ២ គឺទី១៖ «ការរក្សាសន្តិភាព និងស្ថិរភាពនយោបាយ» និងទី២៖ «ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្ត យ៉ាងម៉ឺងម៉ាត់រាល់ភារកិច្ចដែលបានដាក់ចេញដើម្បីអភិវឌ្ឍជាតិ និងភាពសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាចៀសផុតពីជំងឺឆ្លងកាចសាហាវកូវីដ ១៩ ដែលបាននិងកំពុងយាយីដល់សុខុមាលភាពរបស់ប្រជាជន»។
តាមរយៈលិខិត លោក ហ៊ុន សែន ថ្លែងថា ក្នុងឆ្នាំ ២០២០ រហូតមកដល់ជិតពាក់កណ្តាលឆ្នាំ ២០២១ នេះ កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាសុខភាព សង្គម សេដ្ឋកិច្ច ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ដល់កិច្ចដំណើរការអភិវឌ្ឍន៍ឈានឡើងរបស់កម្ពុជាផងដែរ។
លោកសរសេរថា៖ «ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាបណ្តាប្រទេសនៅលើពិភពលោកបាននិងកំពុងទទួលរងផលប៉ះពាល់ជាសកលពីជំងឺកូវីដ១៩ ការឆ្លងរាលដាលនៃជំងឺនេះកំពុងមានសភាព ធ្ងន់ធ្ងរ កាចសាហាវ និងមិនទាន់មានសញ្ញាថមថយនៅឡើយ»។
លោកបន្តថា៖ «ក្នុងរយៈពេលនេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ និងគ្រប់គ្រងបាននូវសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍ ៣ វិច្ឆិកា ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ឆ្នាំ ២០២០ និងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ ២០២១ ហើយក៏កំពុងបន្តដាក់ចេញនូវវិធានការថ្មីៗជាក់ស្តែងបន្តទៀតដើម្បីគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ នេះបន្ថែមទៀត»។
ប្រមុខរដ្ឋាភិបាលលើកឡើងថា ទោះបីកម្ពុជាមានករណីឆ្លងជំងឺកូវីដ ១៩ ដូចប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ប៉ុន្តែកម្ពុជាទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក និងប្រទេសដទៃជាច្រើនថាបានទប់ស្កាត់ និងឆ្លើយតបបានយ៉ាងល្អ ទាន់ពេលវេលា ចំពោះការរីករាលដាលនៃជំងឺនេះ។
រាជរដ្ឋាភិបាលនៅតែបន្តចាត់វិធានការ ដោយយកចិត្តទុកដាក់បំផុតក្នុងការព្យាបាលអ្នកជំងឺកូវីដ ១៩ ឱ្យបានទាន់ពេលវេលា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនដែលងាយរងហានិភ័យពីការឆ្លងជំងឺនេះ ដោយស្ម័គ្រចិត្ត និងមិនគិតថ្លៃ។
ជាពិសេស វិធានការ ៣ ការពារ និង ៣ កុំ ព្រមទាំងវិធានការនានាស្របតាមច្បាប់ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានរំលេចពីការបរិច្ចាគថវិកាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការរួមគ្នាពីសប្បុរសជន ដែលមានតាំងពីព្រះមហាក្សត្រសម្តេចព្រះមហាក្សត្រី ថ្នាក់ដឹកនាំមន្ត្រីរាជការ និងសប្បុរសជនជាច្រើនទៀតបានចូលរួមវិភាគទានជាប្រាក់ ឬប្រាក់បៀវត្សរ៍ដោយស្ម័គ្រចិត្តជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
ថវិកាសប្បុរសជន សរុបប្រមាណជាង ៥៧ លានដុល្លារអាមេរិក ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ ការបរិច្ចាគជួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានក្លាយជាចលនាជាតិ “ខឿនការពារសុខភាពរបស់ប្រជាជន” និងបានឆ្លុះបញ្ចាំងឱ្យឃើញស្មារតីសាមគ្គីជាតិ ឯកភាពជាតិយ៉ាងរឹងមាំរបស់ប្រជាជនកម្ពុជា។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថា៖ «រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថាព្រះរាជាណាចក្រកម្ពុជាយើងនឹងឆ្លងផុតដំណាក់កាលដ៏លំបាកនេះ នាពេលឆាប់ៗខាងមុខ»។
លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា រហូតមកដល់បច្ចុប្បន្ន ទោះបីកម្ពុជាបាននិងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺឆ្លងកូវីដ ១៩ ក្តី ក៏វិស័យឧស្សាហកម្ម និងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង ១ ៨៦៤ រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងមានឧស្សាហកម្មធុនតូច មធ្យម និងសិប្បកម្មជាង ៤៣ ០៨២ មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជាង ១,៥ លាននាក់។
ក្នុងឱកាសនេះដែរ លោក ហ៊ុន សែន បានបួងសួងដល់ទេវតាឆ្នាំថ្មីជួយថែរក្សាគាំពារ និងប្រសិទ្ធពរជ័យដល់ប្រជាជនខ្មែរគ្រប់រូបឱ្យមានសមានចិត្តជាកុសល យោគយល់គ្នា រួបរួមសាមគ្គីគ្នាជាមហាគ្រួសារ ខ្មែរតែ ១ នៅលើទឹកដីមាតុភូមិប្រកបដោយសេចក្តីថ្លៃថ្នូរ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គមតរៀងទៅ។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា អ្វីដែលនាយករដ្ឋមន្ត្រីលើកឡើងសុទ្ធតែជាចំណុចគន្លឹះអាទិភាពដែលរាជរដ្ឋាភិបាលត្រូវតែដោះស្រាយឱ្យបាន ជាពិសេសពាក់ព័ន្ធនឹងរឿងសន្តិភាព ស្ថិរភាពនយោបាយ ការរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាបញ្ហាជំងឺកូវីដ ១៩ ជាដើមដែលជាបញ្ហាប្រឈមត្រូវដោះស្រាយ។
លោកមានប្រសាសន៍ថា៖ «បើយើងនិយាយពីសន្តិភាព ស្ថិរភាពនយោបាយ ខ្ញុំគិតថា វាជាចំណុចគន្លឹះមួយ ខណៈដែលយើងពិនិត្យមើលប្រទេសជាច្រើននៅក្នុងតំបន់កំពុងប្រឈមនឹងស្ថានភាពមិននឹងនរជាមួយនឹងនយោបាយផ្ទៃក្នុងរបស់ខ្លួនដូចជានៅប្រទេស ថៃ និងភូមាជាដើម។ ខ្ញុំយល់ថាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលគឺជាជំហរមួយដែលច្បាស់លាស់ ដែលកម្ពុជាត្រូវដើរលើមាគ៌ានេះ និងត្រូវតែសម្រេចឱ្យបាននូវការប្តេជ្ញាចិត្តនេះ»។
លោកបន្តថា ទាក់ទងនឹងជំងឺរាតត្បាតកូវីដ ១៩ ក៏ជារឿងអាទិភាពមួយដែលរាជរដ្ឋាភិបាលចាំបាច់ត្រូវតែប្រកាន់នូវគោលជំហរដាច់ខាតដែលលោកត្រូវចេញនូវវិធានការចាំបាច់នានាសម្រាប់ធានារក្សានូវសុខភាពប្រជាពលរដ្ឋផង និងលំនឹងសេដ្ឋកិច្ចជាតិដែលរងផលប៉ះពាល់ដោយកូវីដផង។
ប៉ុន្តែលោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយមិនទាន់មានជំនឿទាំងស្រុងទៅលើការប្តេជ្ញាចិត្តរបស់ប្រមុខរដ្ឋាភិបាល ដោយសារថ្នាក់ដឹកនាំហាមឃាត់ការឆ្លងកាត់ខេត្ត-ក្រុងក្នុងឱកាសបុណ្យចូលឆ្នាំ ការទទួលបានការចាក់វ៉ាក់សាំងសម្រាប់ប្រជាជននៅមានកម្រិត ហើយការទទួលព្យាបាល និងចត្តាឡីស័កក៏នៅមានកម្រិតផងដែរ និងមានកត្តាជាច្រើនទៀត។
លោកថ្លែងថា៖ «ការប្តេជ្ញាចិត្ត និងសារជូនពរ គ្រាន់តែជាសារមួយដើម្បីធានាផ្លូវចិត្តរបស់ពលរដ្ឋ តែឱ្យមានការស្ងប់ចិត្ត គឺដូចជាពុំទាន់ទទួលបាននូវភាពស្ងប់ស្ងាត់ទាំងស្រុងនោះទេ»។
លោក ឯម សុវណ្ណារ៉ា បានបញ្ជាក់ថា ចំពោះសន្តិភាព និងស្ថិរភាពនយោបាយ គឺមានភាពស្ងប់ស្ងាត់ ប៉ុន្តែក៏វាអាស្រ័យលើបរិយាកាសអន្តរជាតិ ដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានលើកឡើងពាក់ព័ន្ធនឹងបរិយាកាស ប្រជាធិបតេយ្យ សិទ្ធិមនុស្សនៅកម្ពុជា ហើយក៏មានការដាក់សម្ពាធឱ្យរាជរដ្ឋាភិបាលត្រូវតែងាកមករកជំហរប្រជាធិបតេយ្យកាន់តែច្រើនទៅ។
លោកបានថ្លែងថា៖ «ការប្តេជ្ញាចិត្តមិនទាន់គ្រប់គ្រាន់ទេ សម្រាប់ស្ថិរភាព សន្តិភាពនយោបាយនេះ ប្រសិនបើកម្ពុជាមិនទាន់មានការឆ្លើយតបណាមួយទៅថ្នាក់អន្តរជាតិ»៕